(ឡុងដ៍)៖ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន មិនត្រឹមតែបង្កការព្រួយបារម្ភផ្នែកសន្តិសុខនៅក្នុងតំបន់អឺរ៉ុបទាំងមូលតែប៉ុណ្ណោះទេ ប៉ុន្តែការព្រួយបារម្ភបែបនេះក៏បានរាលដាលមក ដល់តំបន់អាស៊ីដែរ ជាពិសេសគឺតំបន់អាស៊ីបូព៌ាតែម្ដង។ ជាការឆ្លើយតបទៅនឹងការបារម្ភផ្នែកសន្តិសុខក្នុងតំបន់បែបនេះឯង ជប៉ុនបានបង្កើនការចូលរួមរបស់ខ្លួនជាមួយបក្សសម្ព័ន្ធ យោធាណាតូ (NATO) ទាំងនៅក្នុងក្របខណ្ឌអង្គការ និងជាមួយប្រទេសជាសមាជិក។ កិច្ចប្រជុំកំពូលក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញដែលចាប់ផ្ដើមពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនានេះ ជប៉ុន រួមទាំងអូស្ត្រាលី កូរ៉េខាងត្បូង និងនូវែលសេឡង់ ក៏ត្រូវបានអញ្ជើញឱ្យចូលរួមជាលើកដំបូងក្នុងកិច្ចប្រជុំកំពូលនេះដែរ ខណៈសហរដ្ឋអាមេរិកកំពុងប្រមូលផ្ដុំ កម្លាំងសម្ព័ន្ធមិត្ត ដើម្បីផ្ដល់ការគាំទ្រដល់អ៊ុយក្រែនច្បាំងជាមួយរុស្ស៉ី និងទប់ទល់នឹងការកើនឡើងឥទ្ធិពលចិន។
សម្រាប់ចិន កិច្ចប្រជុំកំពូលណាតូ ក្នុងទីក្រុងម៉ាឌ្រីដ គឺមានសារៈសំខាន់ដែលចិនត្រូវតែតាមមើលមិនដាក់ភ្នែក ដ្បិតបក្សសម្ព័ន្ធយោធាមួយនេះត្រូវបានគេរំពឹងថានឹងដាក់ចេញនូវ យុទ្ធសាស្ត្រថ្មីមួយដែលសារព័ត៌មាន Bloomberg បានរាយការណ៍ថាអាចនឹងចាត់ទុកចិន «ជាគូប្រជែងជាលក្ខណៈប្រព័ន្ធ»។ តាមរយៈការញ្ជើញឱ្យប្រទេសក្នុងតំបន់ដូចជា ជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង និងនូវែលសេឡង់, កូរ៉េខាងជើង និងចិនបានចោទសហរដ្ឋអាមេរិកត្រង់ៗថាកំពុងព្យាយាមបង្កើត «បក្សសម្ព័ន្ធណាតូ អាស៊ី» ដែលអាចនឹងបំផ្លាញដល់ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ទាំងមូល។
មែនទែនទៅ ការចោទប្រកាន់បែបនេះមិនមែនជារឿងថ្មីថ្មោងនោះទេ ដោយចិនក៏ដូចជាកូរ៉េខាងជើង ក៏ធ្លាប់បានចោទប្រកាន់ដូចគ្នានេះដែរ នៅបន្ទាប់ពីសហរដ្ឋអាមេរិកបានបង្កើត សម្ព័ន្ធភាពសន្តិសុខត្រីភាគីជាមួយចក្រភពអង់គ្លេស និងអូស្រាលី ដែលគេហៅថា «AUKUS» ព្រមទាំងបើកកិច្ចប្រជុំក្រុមប្រទេសក្វាដជាមួយជប៉ុន អូស្ត្រាលី និងឥណ្ឌាជាបន្តបន្ទាប់ ហើយកិច្ចប្រជុំទាំងនេះតែងតែមានចិនជារបៀបវារៈសំខាន់ជានិច្ច។
បើតាមក្រុមអ្នកជំនាញភាគច្រើន ការចង់បង្កើតបក្សសម្ព័ន្ធយោធានៅអាស៊ី សឹងតែជារឿងមិនអាចទៅរួច នៅក្នុងបរិបទដែលបណ្ដាប្រទេសក្នុងតំបន់ភាគច្រើនពឹងផ្អែកលើសេដ្ឋកិច្ច ចិននៅឡើយ និងមានទំនោរមិនចង់ជ្រើសរើសរវាងអាមេរិក និងចិន ដ្បិតខ្លាចសង្រ្គាមផ្ទុះឡើងរាលដាល ឬធ្វើឱ្យប្រទេសរបស់ពួកគេក្លាយជាទីលានប្រយុទ្ធរបស់ពួកមហាអំណាច។ ប៉ុន្តែ ព្រមពេលជាមួយគ្នា សង្រ្គាមនៅអ៊ុយក្រែនបានបង្កឱ្យមានការចោទសួរសំណួរមួយដ៏សំខាន់ នោះគឺបើគ្មានបក្សសម្ព័ន្ធយោធាដូចជា NATO នៅក្នុងតំបន់អាស៊ីថាតើអាមេរិក អាចទប់ទល់ជាមួយចិន និងកំញើញចិនយ៉ាងដូចម្ដេច បើសង្រ្គាមលើកោះតៃវ៉ាន់ ឬនៅក្នុងសមុទ្រចិនត្បូងផ្ទុះឡើងដោយចៀសមិនរួចនៅពេលអនាគត? ក្នុងន័យនេះសង្រ្គាមនៅ អ៊ុយក្រែន បានបញ្ជាក់ថាសម្ព័ន្ធមិត្តដូចជា NATO មានសារៈសំខាន់ ព្រោះយ៉ាងហោចណាស់ រុស្ស៉ីមកទល់នឹងបច្ចុប្បន្ន មិនហ៊ានបើកការវាយប្រហារលើប្រទេសប៉ូឡូញដែលជា សមាជិកណាតូ និងជាអ្នកដើរតួនាទីដ៏សំខាន់ក្នុងការជួយសម្រួលការដឹកជញ្ជូនអាវុធរបស់លោកខាងលិចទៅឱ្យទាហានអ៊ុយក្រែន។
សម្ព័ន្ធមិត្តពិតជាមានសារៈសំខាន់បំផុតសម្រាប់សហរដ្ឋអាមេរិក ហើយទៅថ្ងៃមុខអាមេរិករឹតតែត្រូវការប្រព័ន្ធសម្ព័ន្ធមិត្តដ៏រឹងមាំមួយនៅអាស៊ី ដើម្បីប្រជែងឥទ្ធិពលចិនស្របពេល ក្រុមអ្នកជំនាញមើលឃើញថាសហរដ្ឋអាមេរិកលែងមានសមត្ថភាពប្រជែងជាមួយប៉េកាំងទៀតហើយ បើគ្មានការជួយពីសម្ព័ន្ធមិត្តទេនោះ។ ម្យ៉ាងវិញទៀត ទោះជាសហរដ្ឋអាមេរិក បានបដិសេធជារឿយៗថាខ្លួនមិនមានចេតនាបង្កើតណាតូអាស៊ីក៏ដោយ តែប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាក្រុមប្រទេសក្វាដបានប្រែក្លាយខ្លួនពីភាពជាដៃគូដោះស្រាយ គ្រោះមហន្តរាយធម្មជាតិ ទៅជាដៃគូសន្តិសុខយ៉ាងពេញទីក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ពិតណាស់ប្រឈមមុខជាមួយចិន សហរដ្ឋអាមេរិកប្រាកដជាចង់បានប្រព័ន្ធសម្ព័ន្ធមិត្តដ៏រឹងមាំមួយប្រហាក់ប្រហែលនឹងណាតូ បើមិនដូច្នោះតើអាមេរិកបង្កើតក្វាដ AUKUS មកធ្វើ អ្វី? តែអ្វីដែលសំខាន់ នោះគឺសហរដ្ឋអាមេរិកខ្លួនឯងដឹងយ៉ាងច្បាស់ថាពេលវេលាមិនទាន់មកដល់ ហើយក៏មិនអាចបង្ខំ ព្រោះវានៅមានឧបសគ្គជាច្រើនក្នុងការបង្កើតសម្ព័ន្ធភាព មួយដូចជាណាតូក្នុងតំបន់អាស៊ី ហើយក្នុងរយៈពេលខ្លី ឬមធ្យម អាមេរិករឹតតែដឹងទៅទៀតថាណាតូអាស៊ី មិនទាន់អាចបម្រើប្រយោជន៍អាមេរិកនោះទេ ពីព្រោះថាប្រទេសក្នុងតំបន់ ភាគច្រើនមិនចង់បានបក្សសម្ព័ន្ធយោធាបែបនេះឡើយ ដោយពួកគេមិនចង់ធ្វើការជ្រើសរើសរវាងសហរដ្ឋអាមេរិក និងចិន។ តួយ៉ាង ការស្ទង់មតិមួយចេញផ្សាយដោយវិទ្យាសា្ថន សិក្សាស្រាវជ្រាវ អាយស៊ី-យូសុះ អ៉ីសហាក (ISEAS-Yuof Ishak) មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរីបានបង្ហាញថាប្រទេសនៅក្នុងតំបន់អាស៊ី ដូចជាអាស៊ានសុទ្ធតែចង់រក្សា ទំនាក់ទំនងល្អជាមួយចិន ប៉ុន្តែចង់ឱ្យសហរដ្ឋអាមេរិកបង្កើនការចូលរួមក្នុងតំបន់ដូចគ្នា។
មួយវិញទៀត សូម្បីតែឥណ្ឌាផ្ទាល់ដែលជាសមាជិកក្វាដ និងដែលអាមេរិកចាត់ទុកថាតួអង្គដ៏សំខាន់ក្នុងការខ្ទប់ឥទ្ធិពលចិន ក៏មិនបានបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមជាមួយ បក្សសម្ព័ន្ធយោធាណាមួយដែរ ហើយការបោះឆ្នោតអនុបវាទរបស់ទីក្រុងញូដេលី ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែនកាន់តែបញ្ជាក់ថាឥណ្ឌានៅតែស្ទាក់ស្ទើរ ចូលរួមជាមួយលោកខាងលិច ក្នុងសង្រ្គាមត្រជាក់យុគសម័យថ្មី។
លើសពីនេះទៀត នៅក្នុងក្រសែភ្នែកប្រជាជនអាស៊ី ចិនមិនដល់ថ្នាក់គួរឱ្យខ្លាច ឬគំរាមកំហែងដល់ប្រទេសរបស់ពួកគេ និងក្នុងតំបន់ទាំងមូល។ និយាយបែបនេះរាប់ទសវត្សរ៍កន្លង មក ចិនមិនដែលធ្វើអន្តរាគមន៍យោធាឈ្លានពានប្រទេសណាមួយទេ តែអាមេរិក និងណាតូវិញទេដែលបានប្រឡូកចូលក្នុងសង្រ្គាមបង្ហូរឈាមនៅក្រៅប្រទេសជាច្រើន ដូចជានៅ អាហ្វហ្គានីស្ថាន ស៊ីរី លីប៊ី និងអ៉ីរ៉ាក់ ហើយអ្វីដែលគេបានឃើញ នោះគឺប្រទេសទាំងនេះនៅតែស្ថិតនៅក្នុងអសន្តិសុខ ក្រោយអន្តរាគមន៍យោធារបស់អាមេរិក។
តែទោះជាយ៉ាងណាក៏ដោយ អ្វីៗគ្រប់យ៉ាងអាចនឹងប្រែប្រួលភ្លាមៗក៏ថាបាន បើសិនជាចិនធ្វើសកម្មភាពខុសប្រក្រតីណាមួយដូចជាប្រើប្រាស់កម្លាំងយោធាវាយយកកោះតៃវ៉ាន់, នៅក្នុងតំបន់ជម្លោះដែនទឹកសមុទ្រចិនខាងកើត ឬសមុទ្រចិនខាងត្បូង ដែលទាំងនេះអាចនឹងក្លាយជាហេតុផលជាក់ស្ដែងឱ្យសហរដ្ឋអាមេរិកប្រើប្រាស់ដើម្បីបញ្ចុះបញ្ចូលឱ្យ បណ្ដាប្រទេសក្នុងតំបន់ចូលរួមក្នុងបក្សសម្ព័ន្ធយោធារបស់ខ្លួន។ មានន័យថាប្រទេសក្នុងតំបន់ដែលមានជម្លោះទឹកដីជាមួយចិនអាចនឹងប្រឈមមុខត្រូវ ជ្រើសរើសយកមួយរវាង «ប្រយោជន៍សេដ្ឋកិច្ចជាមួយចិន និងបូរណភាពទឹកដី»៕
ដោយ៖ Fresh News