ពិធីបុណ្យសមុទ្រដែលប្រារព្វធ្វើឆ្លាស់វេនគ្នាជារៀងរាល់ឆ្នាំនៅខេត្តតំបន់ឆ្នេរទាំងបួន សរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវការគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការជំរុញសកម្មភាពទេសចរណ៍ និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលបច្ចុប្បន្នកំពុងដើរតួនាទីជាប៉ូលសេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ថ្លែងបើកព្រឹត្តិការណ៍បុណ្យសមុទ្រដែលប្រារព្វធ្វើឡើងនៅ ខេត្តកំពត នារាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ ឯកឧត្តមបណ្ឌិត សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋ មានប្រសាសន៍ថាការរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រនៅតាមបណ្ដាខេត្តជាប់ឆ្នេរសមុទ្រមិនត្រឹមតែអាចជួយផ្សព្វផ្សាយសក្ដានុពលទេសចរណ៍នៃតំបន់ឆ្នេរសមុទ្រកម្ពុជានិងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍នេះបានជួយជំរុញឱ្យមានការយកចិត្តទុកដាក់កាន់តែខ្ពស់ថែមទៀតពីគ្រប់មជ្ឈដ្ឋានក្នុងការថែរក្សាអភិរក្សធនធានធម្មជាតិ និងវប្បធម៌នៅតាមតំបន់ឆ្នេរកម្ពុជា។ ជាងនេះវាក៍បានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងសមត្ថភាពការកែលម្អគុណភាពសេវាកម្មក្នុងឧស្សាហកម្មទេសចរណ៍និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈដើម្បីថែរក្សាតំបន់ឆ្នេរ និងទីក្រុងតាមតំបន់ឆ្នេរឱ្យបានស្អាតជានិច្ចដែលជាការចូលរួមបង្កើននូវកិត្យានុភាពនិងភាពទាក់ទាញទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថា តំបន់ឆ្នេរសមុទ្រកម្ពុជា បាននិងកំពុងក្លាយទៅជាគោលដៅទេសចរណ៍អន្តរជាតិដ៏សំខាន់ និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗពីពិភពលោក តាមរយៈការជាប់ជាសមាជិកនៃក្លឹប «ឆ្នេរសមុទ្រស្អាតបំផុតរបស់ពិភពលោក»នាពេលកន្លងមក ។ កត្តានេះរួមចំណែកធ្វើឱ្យតំបន់ឆ្នេរសមុទ្រកម្ពុជាមានការវិវត្ត ប្រែប្រួលមុខមាត់ថ្មីសក្តិសមជា «តារារះនាទិសនិរតី»។
សម្រាប់ឆ្នាំ២០១៥នេះគឺជាឆ្នាំទី៤ ហើយ ដែលកម្ពុជាយើងបានរៀបចំប្រារព្វបុណ្យសមុទ្រ ឡើង ដោយចំវេនខេត្តកំពត ដែលជាខេត្តមួយប្រកបដោយសក្តានុពល សេដ្ឋកិច្ច កសិកម្ម ទេសចរណ៍វប្បធម៌ និងធម្មជាតិតំបន់ឆ្នេរដ៏ទាក់ទាញ។ រាជរដ្ឋាភិបាលក៍បានយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ ដល់ការអភិវឌ្ឍខេត្តនេះ ដោយបានសិក្សាលើគម្រោងអភិវឌ្ឍទីក្រុងកំពតថ្មីការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ និងការអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ឋានសួគ៍បូកគោដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិបន្ថែមទៀតដោយរំពឹងថាតំបន់នេះអាច និងក្លាយជាទីក្រុង ទេសចរណ៍ គំរូមួយនៅថ្ងៃអនាគត។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ពិធីបុណ្យសមុទ្រនេះ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ទាក់ទាញ សម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមិនត្រឹម តែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃតំបន់ឆ្នេរសមុទ្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមចំណែក យ៉ាងសំខាន់ ដល់ការគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍន៍តំបន់ឆ្នេរ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ។ ព្រឹត្តិការណ៍នេះក៍ជា ឱកាសដ៏ប្រសើរ ដើម្បីជម្រុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួម ក្នុងចលនាប្រឡងប្រណាំង "ទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ" តាមរយៈការលើកកម្ពស់គុណភាព សេវាកម្មទេសចរណ៍ ជំរុញដល់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំការយល់ដឹងជាសាធារណៈ ដល់ប្រជាពលរដ្ឋអំពីសារៈប្រយោជន៍ នៃឆ្នេរសមុទ្រកម្ពុជា និងអំពីទស្សនទាន “បៃតង និងស្អាត”។
ពិធីបុណ្យសមុទ្រឆ្នាំនេះគណៈកម្មការអន្តរក្រសួងបានរៀបចំសកម្មភាពសំខាន់ៗមួយចំនួនដូចខាងក្រោមៈ
១- សកម្មភាពកីឡាលើទឹក និងកីឡាលើឆ្នេរ មានដូចជាកីឡាបាល់ទះលើឆ្នេរខ្សាច់ រត់ប្រណាំង ជិះកង់ ហែល ទឹក ប្រណាំងម៉ូតូលើទឹក ការបង្ហាញក្បាច់គុណល្បុក្តតោ កីឡាលើអាកាស (Aero show) កីឡាអេឡិចត្រូនិច (E-Sport) កីឡាអុកចក្រត្រង្គ កីឡាឆ័ត្រយោងកីឡាទូកក្តោង(sailing)កីឡាអុំទូកកានូកាយ៉ាក់-ល-។
២-មហោស្រពម្ហូបអាហារ ស្រា ភេសជ្ជៈ និងការតាំងពិព័រណ៍សមិទ្ធ និងគម្រោងអភិវឌ្ឍតំបន់ឆ្នេរ។
៣- ការប្រគុំតន្ត្រី ការសម្តែងទស្សនីយភាពសិល្បៈ និងការបាញ់កាំជ្រួចអបអរសាទរជាដើម។
សូមបញ្ចាក់ថាតាមរយៈការរៀបចំឲ្យមានព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗជាពិសេសពិធីបុណ្យសមុទ្រ នៅគោលដៅទេសចរណ៍ដ៍សម្បូរបែបនៃធនធានធម្មជាតិ និងវប្បធម៌ តាមបណ្តាឆ្នេរសមុទ្រ និងកោះនានា នេះគឺកំពុងក្លាយជាឧត្តមភាព ប្រកួតប្រជែង (Competitive Advantage) ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា។
សព្វថ្ងៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុត លើសកលលោកកំពុងទទួលស្វាគមន៍កំណើន នៃការមកដល់ទេសចរណ៍ជាតិ និងអន្តរជាតិ។ នៅឆ្នាំ២០១៤ កន្លងទៅ ក្នុងចំណោមទេសចរណ៍អន្តរជាតិជាង ៤,៥ លាននាក់មកកម្ពុជា ក្នុងនោះមកទស្សនា តំបន់ឆ្នេរមានប្រមាណ ៦០ម៉ឺននាក់ កើនឡើង ១៦,៣% និងទេសចរក្នុង ស្រុកប្រមាណជាង ២លាននាក់។ សម្រាប់រយៈពេល ៩ខែដើម ឆ្នាំ២០១៥នេះ ចំនួនទេសចរណ៍អន្តរជាតិ ដែលមកទស្សនា តំបន់ឆ្នេរ មានចំនួនជាង៤៩ ម៉ឺននាក់ កើនឡើងបន្ថែម ១៥,២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៤។ តាមការព្យាករណ៍ នៅឆ្នាំ២០២០ តំបន់ឆ្នេរអាចនឹងទទួលបាន ទេសចរណ៍អន្តរជាតិប្រមាណ ២លាននាក់ និងទេសចរណ៍ជាតិប្រមាណ ៥លាននាក់៕
អត្ថបទ៖ សុវណ្ណតារ៉ា


















