ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនដលបង់ប្អូនជនពិការ
និងនិវត្តជននៅទូទាំងប្រទេស ដោយសម្តេចលើកឡើងថា កន្លងមកយើងមានបញ្ហារឿងប្រាក់ខែ
ដោយអ្នកចូលនិវត្តមុន បានទទួលបៀរវត្សទាប និងអ្នកចូលនិវត្តក្រោយ ទទួលបៀវត្សខ្ពស់។
ដូច្នេះដើម្បីដោះស្រាយបញ្ហា នៅក្នុងចំណុចនេះ គឺចាប់ពីពេលនេះតទៅ យើងត្រូវធ្វើការកែតម្រូវ
ដោយរំកិលអ្នកមានប្រាក់ខែទាប ដើម្បីឲ្យទៅកៀកជាមួយនឹងអ្នកដែលមានប្រាក់ខែខ្ពស់
ហើយគោលដៅរបស់យើង អ្នកទាបបំផុតនៃបៀវត្សនេះ គឺអោយបាន៤៨ម៉ឺនរៀលៗ ឬស្មើ១២០$ នៅឆ្នាំ២០១៨ ក្នុងពេលដែលមន្ត្រីរាជការ
កងកំលាំង ប្រដាប់អាវុធ ដែលកំពុងធ្វើការ នឹងមានប្រាក់ខែ មិនទាបជាងមួយលាន នៅឆ្នាំ២០១៨។
អញ្ចឹងបានន័យថា ការតំលើងបៀវត្សរបស់មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ មិនមែនធ្វើតែចំពោះ
អ្នកដែលកំពុងធ្វើការនោះទេ យើងក៍ត្រូវធ្វើជាមួយអ្នកដែលចូលនិវត្ត និងអ្នកពិការផងដែរ។
ការផ្ញើសារ របស់សម្តេចតេជោ ខាងលើនេះ គឺនៅឱកាសដែលសម្តេចនិងសម្តេចកិត្តព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា
បានអញ្ចើញជួបសំណេះសំណាល សួរសុខទុក្ខដល់គ្រួសារយោធិនពិការ៣១៧ កោះស្លា រួមនិងគ្រូពេទ្យ
គ្រូបង្រៀន និងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៥-២០១៦ នៅឃុំតេជោអភិវឌ្ឍន៍
ស្រុកឈូក ខេត្តកំពត នាព្រឹកថ្ងៃទី១ខែវិច្ជិកា ឆ្នាំ2015នេះ។
ពីវេទិកានេះដែរទាក់ទងនិងការផ្អាកព្រះរាជពិធីបុណ្យអុំទូក
នៅមុខព្រះបរមរាជវាំងនឹងផ្ទៃទន្លេសាប និងចតុមុខឆ្នាំនេះ សម្តេចបញ្ជាក់ថា ជាទំលាប់យើងអុំទូក
នៅរាជធានីភ្នំពេញ យ៉ាងហោចទឹកត្រូវមានកំពស់៧ ទៅ៨ម៉ែត្រ ប៉ុន្តែទឹកទន្លេនៅមុខព្រះបរមរាជវាំងចតុមុខ
និងផ្ទៃទន្លេសាប នាថ្ងៃនេះ មានត្រឹមជាង៥ម៉ែត្រ ស្អែកនិងខានស្អែក ទឹកនឹងនៅក្រោម5ម៉ែត្រ ប៉ុន្តែបើតាមរដ្ឋមន្ត្រីក្រសួងធនធានទឹក
និងឧតុនិយម បានបញ្ជាក់ថា រហូតទៅដល់ថ្ងៃបុណ្យអ៊ុទូក ទឹកអាចនិងនៅត្រឹម៤ម៉ែត្រ២០
តែប៉ុណ្ណោះ ដូច្នេះក្នុងស្ថានទឹកកម្រិតនេះ យើងមិនអាច អុំបានទេ។
អញ្ចឹងទេ បានជាសម្តេច ត្រូវបញ្ជាក់អោយហើយ
ព្រោះការរៀបចំបុណ្យអ៊ុទូកម្តងៗ មិនមែនជាការងាយស្រួលនោះទេ ព្រោះមិនត្រឹមលំបាកសំរាប់អ្នកនៅភ្នំពេញនោះទេ
តែវាពិបាកសំរាប់ អ្នកនៅមូលដ្ឋាន ក្នុងការចំណាយលើការសាកចំណុះទូក និងសម្លៀកបំណាក់ជាដើម។
សម្តេចបញ្ជាក់ថា ឆ្នាំនេះទឹកទន្លេមានកំពស់ទាបបំផុត ហើយមិនត្រឹមតែប្រទេសកម្ពុជាទេ
គឺទាបតាំងពីស្រុកចិន ភូមា ឡាវ ថៃ កម្ពុជា និងទៅវៀតណាម គឺទាបដូចគ្នា ធ្វើអោយទឹកមិនអាចហូរបាន។
កំពស់ទឹកទាបបែបនេះ ធ្វើឲ្យតំបន់មាត់ទន្លេគឺខ្វះទឹក សំរាប់ធ្វើស្រែប្រាំង និងស្រែប្រដេញទឹក។
ដោយហេតុផលនេះហើយ បានជាយើងមានតម្រូវការ ដើម្បីនឹងផ្អាកព្រះរាជពិធីបុណ្យ អ៊ុទូក
នៅទីក្រុងភ្នំពេញនាឆ្នាំនេះ ប៉ុន្តែតាម ខេត្តនានា ដែលអាចអ៊ុទូកបាន ក៍សូមមេត្តាអ៊ុទៅតាមលទ្ធភាពរបស់ខេត្ត
ប៉ុន្តែយើងមិន ចាត់តាំងព្រះរាជពិធីនេះ នៅភ្នំពេញនោះទេ ។ តែបញ្ហាអកអំបុក និងសំពះព្រះខែ
គឺធ្វើតាមទំនៀមទំលាប់ នៅតាមទីអារ៉ាម ឬលំនៅដ្ឋានជាធម្មតា ហើយមន្ត្រីរាជការ និងកម្មករ
កម្មការិនី គឺត្រូវបានឈប់ សំរាក ដូចមានចែង នៅក្នុងអនុក្រិត្យដដែល រយៈពេល៣ថ្ងៃ
គឺថ្ងៃ២៤, ២៥, ២៦ វិច្ឆិកាខាងមុខនេះ។ ដូច្នេះសូមប្រជាពលរដ្ឋយោគយល់
ព្រោះយើងមិនអាចចាត់តាំងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះបានទេ យើងត្រូវការយកថវិការសំរាប់
ចំណាយក្នុង ពិធីនេះទៅទិញប្រេង ដើម្បីឧបត្ថម្ភដល់ក្រសួងធនធានទឹក និងឧតុនិយម យកទៅបូមទឹកបញ្ចូលស្រែ
ដើម្បីសង្គ្រោះស្រែប្រាំង នឹងស្រូវវស្សារបស់ប្រជាកសិករ ដែលខ្វះខាតទឹកស្រោចស្រព។
គួបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលនេះផងដែរ
សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា
រួមនឹងសប្បុរសជននានាជាច្រើនទៀត ក៍បាននាំយកនូវអំណោយជាច្រើន ដែលរួមមានអង្ករ ត្រីខ
ទឹកសុទ្ធ ប៊ីចេង ទឹកស៊ីអីវ ស្ករសរ ឃីត អាវរងារ ក្រណាត់សរ និងថវិការ ចែកជូនយោធិនពិការ
ចំនួន២៧៥នាក់ គ្រូបង្រៀន៦៧នាក់ គ្រូពេទ្យ៤៣នាក់ ក្រុមប្រឹក្សាឃុំ១១នាក់ នគរបាល៧នាក់
កងរាជអាវុធហត្ថនាក់ អ្នកជំងឺកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យចំនួន៣៨នាក់ ជូនមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិកា
៣១៧ កោះស្លា និងសាលាស្រុកឈូក សីលវ័ន សីលវតី និងសម្ភារៈសិក្សា មានប៊ិច សៀវភៅសរសេ
និងថវិកា ដល់សិស្សានុសិស្សចំនួន១៧០៣នាក់ នាឱកាសនោះផងដែរ៕