កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះ
ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានអង្គភាពព័ត៌មាន
និងប្រតិកម្មរហ័ស តំណាងដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ អនុប្រធាន
ក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមាររាជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី
២០១៥-២០១៦ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យក្រាំងពង្រ ស្ថិតនៅក្នុង ឃុំកុមារាជា
ស្រុកបាទី ខេត្តតាកែវ។
ជាកិច្ចចាប់ផ្តើម លោក ញិប នៅ នាយកអនុវិទ្យាល័យក្រាំងពង្រ
ធ្វើរបាយការណ៍សង្ខេបស្តីពីស្ថានភាពទូទៅ របស់សាលាបឋមសិក្សា និងអនុវិទ្យាល័យក្រាំងពង្រ
ដោយលោកបានរំលឹកថាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ សាលាសល់អគារសិក្សា ១ ខ្នង មាន៣បន្ទប់
ដែលមានសភាពចាស់ទ្រុឌទ្រោម ហើយបច្ចុប្បន្ន កំពុង ត្រូវការ អគារសិក្សាបន្ថែម ដើម្បីបំពេញសេចក្តីត្រូវការរបស់សិស្សានុសិស្ស
ជិត៨០០នាក់។
បន្ទាប់មក ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ
អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមាររាជាក៏បានឡើងអានសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងឱកាសបើក បវេសនកាលឆ្នាំសិក្សា
២០១៥-២០១៦។
ក្នុងឱកាសនោះ ឯកឧត្តម កែវ រ៉េមី ក៏បានអញ្ជើញមានមតិសំណេះសំណាលនៅក្នុងអង្គពិធី
ដោយបានរំលឹកថា ប្រទេសកម្ពុជាសព្វថ្ងៃ មានការរីកចម្រើននិងអភិវឌ្ឍជាលំដាប់ ទាំងអស់នេះក៏ដោយសារ
ការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសយើងមានសន្តិភាព
និងស្ថេរភាពនយោបាយ។ ឯកឧត្តម កែវ រ៉េមី ក៏បានលើកឡើងថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យអប់រំ
ជាក់ស្តែងដោយសារតែកំណែ ទម្រង់ប្រព័ន្ធអប់រំ ឆ្នាំនេះសិស្សថ្នាក់ទី១២ ដែលប្រលងជាប់សញ្ញាប័ត្រ
មធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសAកើនដល់108នាក់។ ជាមយយកគ្នានេះដែឯកឧត្តម
ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានឱ្យគិតគូរទៅលើភូមិឃុំមានសុវត្ថិភាព ជាពិសេសគឺបញ្ហាគ្រឿងញៀន
ព្រោះ វាបំផ្លាញដល់អាយុជីវិតប្រជាពលរដ្ឋទូទៅជាពិសេសយុវជន។
ជាការឆ្លើយតបទៅនឹងសំណូមពររបស់ លោកគ្រូ
អ្នកគ្រូ និងប្រជាពលរដ្ឋជាមាតាបិតាសិស្ស ឯកឧត្តមបានប្រកាសថា ក្រោមការខិតខំស្វះស្វែងទំនាក់ទំនង
របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមារាជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា
និងក្រសួងសុខាភិបាល អគារអនុវិទ្យាល័យ មួយខ្នងមាន១២បន្ទប់ និងទីចាត់ការមួយខ្នង
និងមណ្ឌលសុខភាពនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៦ខាងមុខ។ លើសពីនេះស្ថិតក្រោមការជួយជ្រោមជ្រែងរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានយើងបានដាក់ឲ្យដមណើរការ
សមាគម និងមូលនិធិគ្រូបង្រៀនឃុំកុមារាជា ដើម្បីជួយសម្រួលដល់ជីវភាពលោកគ្រូ អ្នកគ្រូ។
ជាចុងបញ្ចប់នៃមតិសំណេះសំណាល ឯកឧត្តម កែវ រ៉េមី
ក៏បាន ថ្លែងអំណរគុណ និងជូនពរដល់លោកនាយក លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សានុសិស្សឱ្យទទួលបានសុភមង្គល
និងសេចក្តីថ្លៃថ្នូរ ហើយឯកឧត្តមក៏បានអញ្ជើញផ្តល់កិត្តិយសចែករង្វាន់ដល់សិស្សពូកែ
និងផ្តល់នូវសំភារៈសិក្សាដូចជាសៀវភៅ២ក្បាល និងប៉ិច១ដើមជូនដល់សិស្សានុសិស្ស ដែលមកចូលរួម
ដោយឡែកសម្រាប់លោកគ្រូ អ្នកគ្រូ២៥នាក់ទទួលបានអំណោយជាថវិកាក្នុងម្នាក់ៗ ៥ម៉ឺនរៀល៕








No comments:
Post a Comment