(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិនិត្យ និងតម្រង់ទិសលើទស្សនាទាននៃការរៀបចំក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១រួមទាំងផែនការការងារ និងពេលវេលា សម្រាប់ការរៀបចំ និងដាក់ចេញក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រកប ដោយភាពគ្រប់ជ្រុងជ្រោយ ប្រទាក់ក្រឡា និងមានគុណភាព ដើម្បីធានាប្រសិទ្ធភាព និងស័ក្តសិទ្ធិភាពនៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងសារៈសំខាន់នៃការចាប់ផ្តើមវដ្តថ្មីនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការរបស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ បានកំណត់យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ, យន្តការជំរុញការអនុវត្ត និងយន្តការអនុវត្ត ដែលជាផ្នែកមួយដ៏ចាំបាច់ សំដៅធានាការអនុវត្តយុទ្ធសាស្រ្តនេះឱ្យទទួលបានជោគជ័យ និងផ្លែផ្កាខ្ពស់។
អង្គប្រជុំបានស្ដាប់បទបង្ហាញរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) ស្តីពីទស្សនាទានរួម, គោលការណ៍, អភិក្រម, យន្តការស្ថាប័ន, បទពិសោធកន្លងមក និងឧត្តមានុវត្តន៍អន្តរជាតិ ក្នុងការរៀបចំក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។ ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ វាយតម្លៃ គឺជាឧបករណ៍ដ៏សំខាន់ សម្រាប់ដើរតួជាប្រព័ន្ធប្រតិតុល្យការរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីធានាថា ក្រសួង ស្ថាប័ន ក្រុមប្រឹក្សា អាជ្ញាធរ និងគណៈកម្មាធិការ ទាំងថ្នាក់ជាតិនិងថ្នាក់ជាតិ ដែលជាអង្គភាពអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ បំពេញតួនាទី និងភារកិច្ចក្រោមដែនសមត្ថកិច្ចរបស់ខ្លួនជូនប្រជាពលរដ្ឋ វិនិយោគិន និងសាធារណជន ប្រកបដោយគណនេយ្យភាពខ្ពស់។
ជារួម ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានផ្តល់ការណែនាំដល់អគ្គលេខាធិការដ្ឋាន គ.យ.ប. ឱ្យពន្លឿនការបញ្ចប់ទស្សនាទាននៃរៀបចំក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនេះឱ្យចប់សព្វគ្រប់ស្របតាមស្មារតីនៃអង្គប្រជុំ ដើម្បីដាក់ជូន គ.យ.ប. ពិនិត្យ និងតម្រង់ទិស។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់នូវគោលការណ៍ណែនាំឱ្យបន្ដសហការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍ ដើម្បីមូលធាតុចូលលើទស្សនាទាននៃការរៀបចំ ជាពិសេសការកំណត់សូចនាករសមិទ្ធកម្មគន្លឹះ សម្រាប់ដាក់បញ្ចូលក្នុងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានរក្រើនរំលឹកថា ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដូចបានគូសរំលេចក្នុងសុន្ទរកថារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។