Friday, June 30, 2017

ក្រុមអភិរក្សថ្មវ័យក្មេងបន្តការងារ​ជួសជុលថ្ម ​និងចម្លាក់ផ្សេងៗ​ក្នុងតំបន់អង្គរ ​ដែលរង​ការខូចខាត​ ឲ្យរឹងមាំ​ឡើងវិញ​

ក្រុមអភិរក្សថ្មវ័យក្មេងប្រមាណ២០រូប ដែលធ្លាប់ទទួលការបណ្តុះបណ្តាលដោយអ្នកជំនាញនៃប្រទេសអាឡឺម៉ង់ និងដែលដឹកនាំអនុវត្តការងារផ្ទាល់ដោយលោក ឡុង ណារី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តការងារជួសជុលថ្ម និងចម្លាក់ផ្សេងៗក្នុងតំបន់អង្គរ។
លោក ឡុង ណារី បានឲ្យដឹងថា ក្រុមអភិរក្សថ្មវ័យក្មេងទាំងនេះបានចែកគ្នាជាក្រុមៗ ដើម្បីធ្វើការជួសជុលព្យាបាលថ្ម ឬចម្លាក់ផ្សេងៗ ដែលរងការខូចខាតដើម្បីឲ្យរឹងមាំឡើងវិញ និងបានជួសជុលបង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរែ ជួសជុលចម្លាក់តោនៅប្រាសាទក្រវ៉ាន់ ជួសជុលសសរពេជ្រ ផ្តែរនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ និងកំពុងបន្តការងារជួសជុលបង្គោលសីមានៅប្រាសាទបន្ទាយស្រី។
លោកបានបន្តថា ក្រុមអភិរក្សថ្មវ័យក្មេង៣នាក់ ដែលជួសជុលបង្គោលសីមានៅប្រាសាទបន្ទាយស្រីមានដូចជា៖ លោក ស៊ុយ ប៊ុនថន លោក អៀន ធី និងលោក មឿត ដា។ លោកបានរៀបរាប់ថា បង្គោលសីមាដែលក្រុមការងាររបស់លោកកំពុងជួសជុលនេះមានបញ្ហាដោយសារការជួសជុលកាលពីសម័យបារាំងគេបានដាក់ស៊ីម៉ង់ត៍ និងដាក់ដែកទាមពីខាងក្រៅ តែពេលនេះវាបានរង្គើរបេះស៊ីម៉ង់ត៍ធ្លាក់ហើយអាចនឹងរលំដួល ឬធ្លាក់បាក់ បើមានភ្ញៀវមកប៉ះពាល់ខ្លាំងបន្តិច។ ការជួសជុលរបស់ក្រុមការងារលោកគឺ ដកស៊ីម៉ង់ត៍និងដែកទាមចេញ ដាក់ជំនួសវិញដោយស្នូលភ្ជាប់ប្រភេទ Fiberglass និងដាក់ថ្មថ្មីជំនួសស៊ីម៉ង់ត៍ចាស់។ បច្ចុប្បន្នក្រុមការងារលោកកំពុងជួសជុលបង្គោលសីមាចំនួន៣ដើម និងសសរមួយដើមនៅប្រាសាទបន្ទាយស្រីនេះ។
លោក ឡុង ណារី បានបន្តទៀតថា នេះជាមោទនភាពមួយដែលធនធានមនុស្ស នៃអាជ្ញាធរជាតិអប្សរា មានសមត្ថភាពអាចកាន់ការងារជួសជុលថ្មប្រាសាទដូនតាខ្មែរបានដោយខ្លួនឯង ដែលជាគោលដៅធំបំផុតនៃបេសកកម្មរបស់អាជ្ញាធរជាតិអប្សរា ក្នុងកិច្ចការគ្រប់គ្រង ដោយឈរលើទស្សនៈថា ប្រាសាទខ្មែរ ធ្វើដោយកូនខ្មែរ និងដើម្បីកូនខ្មែរ។
តាមរយៈការសិក្សារៀនសូត្រពីអ្នកជំនាញ និងការអនុវត្តផ្ទាល់លើការងារប្រចាំថ្ងៃ អ្នកជំនាញវ័យក្មេងទាំងនេះ នឹងកាន់តែមានសមត្ថភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយអនាគតពួកគេនឹងអាចបន្តជំនាញទាំងនេះដល់អ្នកជំនាន់ក្រោយៗទៀត ដែលធ្វើឲ្យកិច្ចការអភិរក្សមរតកដូនតាមាននិរន្តរភាពបាន៕





អភិបាល​ខេត្ត​សៀមរាប​ អំពាវ​នាវឱ្យ​បញ្ឈប់​អាជីវកម្ម​កាប់​បំផ្លាញ​ព្រៃឈើ​ទន្រ្ទានយក​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន

ក្នុង​ឱកាស​អញ្ជើញ​ចូលរួម ​ពិធី​បុណ្យរុក្ខទិវា ​០៩ ​កក្កដា​ នៅ​ភូមិកំព្រហ្ម ​ឃុំឃុនរាម​ ស្រុកបន្ទាយស្រី​ នៅថ្ងៃទី៣០ ខែមិថុនា ​ឆ្នាំ២០១៧​ លោក ឃឹម​ ប៊ុនសុង អភិបាល​នៃគណៈអភិបា​លខេត្តសៀមរាប ​បានអំពាវនាវឱ្យបញ្ឈប់អាជីវកម្មកាប់បំផ្លាញព្រៃឈើ និងទន្រ្ទានយកដីព្រៃធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងថាបុណ្យរុក្ខទិវានេះ គឺជាការដង្ហែរតាមព្រះរាជតម្រិះ ដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ដល់បញ្ហាព្រៃឈើ និងការដាំដើមឈើជាអាទិភាពចំបង។ ប្រពៃណីបុណ្យរុក្ខទិវា មានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋគ្រប់រូប ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជំរុញផលប្រយោជន៍ ដល់ប្រជាពលរដ្ឋយើង ក្នុងជីវភាពរស់នៅក្នុងការបង្កបង្កើនផលកសិកម្ម និងបង្កើនសុខុមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមទៀតផង។
ជាមួយគ្នានោះដែរ ការប្រារព្ធពិធីរុក្ខទិវា គឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការខិតខំប្រឹងប្រែង យ៉ាងសកម្ម របស់រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីគ្រប់គ្រង អភិរក្សធនធានព្រៃឈើ ធនធានធម្មជាតិជីវៈចម្រុះ ដើម្បីជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ កាត់បន្ថយគ្រោះធម្មជាតិនានា និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស ។
ជាមួយគា្ននេះដែរ លោកអភិបាលខេត្ត មានជំនឿយ៉ាងមុតមាំថា យើងទាំងអស់ត្រូវចាប់ផ្ដើមដោយមិនបង្អែរបង្អង់នូវផែនការសា្ដរព្រៃឈើ និងដាំឈើឡើងវិញ ដើម្បីរក្សាបាននូវលំនឹងបរិស្ថាន ធម្មជាតិ និងភោគសម្បត្ដិឱ្យកាន់តែមានសម្រស់ស្រស់បំព្រងសម្រាប់សង្គមជាតិយើងទាំងមូល ហើយសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបដែលកំពុងបន្ដអាជីវកម្មកាប់បំផ្លាញព្រៃឈើ ទន្រ្ទានយកដីព្រៃធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន សូមបញ្ឈប់ជាបន្ទាន់នូវទង្វើអវិចារណញ្ញាណទាំងនេះ ព្រោះថាការធ្វើអាជីវកម្មព្រៃឈើ ជំនួញដីព្រៃឈើខុសច្បាប់ និងការរុករានធ្វើលំនៅដ្ឋានដោយអាណាធិបតេយ្យ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចលើកលែងទោសឱ្យបានជាដាច់ខាន៕






គណបក្សប្រជាជនកម្ពុជា​ខេត្តកំពង់ស្ពឺ​ ប្រារព្ធពិធី​អបអរសាទរ​ខួបអនុស្សារីយ៍​ លើកទី៦៦​ ថ្ងៃបង្កើត​គណបក្ស​

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សារីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៧ ដែលត្រូវបានប្រារព្ធធ្វើឡើង នៅសួនច្បារសម្តេចព្រះសង្ឃរាជ ជួន ណាត ទល់មុខស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ។
ពិធីអបអរសាទរនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ស្ពឺ និងលោក វ៉ី សំណាង ប្រធានគណៈកម្មាធិការគណបក្សប្រជាជន ខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីអ្នកមុខ អ្នកការ ក្នុងខេត្ត ក៏ដូចប្រជាពលរដ្ឋប្រមាណ ២៥០០នាក់។
សូមរំលឹកថា គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។
លោកទេសរដ្ឋមន្រ្តី ឆាយ ថន បានថ្លែងថា ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេសវាយផ្ដូលរំលំរបបដ៏យង់ឃ្នង៕





ក្រសួង​ពីរ ​សហការរៀបចំ​សិក្ខា​សាលា​ផ្សព្វផ្សាយ​​ស្តីពី​កម្មវិធី​កែទម្រង់​ការគ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដំណាក់កាល​ទី៣

នៅ​ថ្ងៃទី​២៩-៣០ ខែមិថុនា​ ឆ្នាំ២០១៧ ​នៅទីរួមខេត្តសៀមរាប ​លោក សួង​ ហេង​ រដ្ឋលេខាធិការ​ក្រសួង​សាធារ​ណការ ​និង​ដឹកជញ្ជូន​ និងជា​ប្រធានគណៈ​កម្មាធិការ​កែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ​ បាន​អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ គោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី និងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រូបង្គោល និងសិក្ខាកាមដែលជាមន្រ្តីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីខេត្ត ប្រមាណ១០០នាក់។

សិក្ខាសាលានេះ រៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការផ្តល់ហិរញ្ញប្បទានពីសហភាពអឺរ៉ុប ដើម្បីផ្សព្វផ្សាយការយល់ដឹងបន្ថែមអំពីតួនាទី និងភារកិច្ចរបស់អង្គភាពក្រោមឱវាទរដ្ឋនីមួយៗទាក់ទងនឹងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ការគ្រប់គ្រងការអនុវត្តថវិកាកម្មវិធី និងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។

ថ្លែងទៅកាន់សិក្ខាកាមដែលចូលរួមនាឱកាសនោះ លោករដ្ឋលេខាធិការ បានជម្រាបជូនសិក្ខាកាមអំពីកំណែទម្រងហិរញ្ញវត្ថុសាធារណៈ និងការណែនាំការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជាពិសេសសមិទ្ធផលកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាក់ទងនឹងការដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មអនឡាញដើម្បីផ្តល់សេវាសាធារណៈជនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានជម្រាបជូនសិក្ខាកាមផងដែរអំពីរចនាសម្ព័ន្ធអង្គការលេខថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលរចនាសម្ព័ន្ធថ្មីនេះនឹងជួយធ្វើឱ្យកំណែទម្រង់របស់ក្រសួងអាចសម្រេចបាននូវប្រសិទ្ធភាព និងតម្លាភាពក្នុងការបំពេញការងារជូនប្រជាពលរដ្ឋ៕






អភិបាល​ខេត្តរតនគិរី ​រៀបចំចុះ​បញ្ជី​ដីសហគមន៍​បងប្អូន​ជនជាតិ​ដើមភាគតិច​

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ថ្លែងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិចគ្រឹង ចំនួន០៤ ស្ថិតនៅក្នុងឃុំប៉ូយ ស្រុកអូរជុំ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែគិតគូរជានិច្ចចំពោះបងប្អូនជនជាតិដើមភាគតិច។

អភិបាលខេត្តរតនគិរី បានបន្តថា ជាក់ស្តែងតាមរយៈគោលនយោបាយអភិវឌ្ឍន៍ជនជាតិដើមភាគតិច បានកែប្រែកំរិតជីវភាពរស់នៅ លើកកម្ពស់សុខមាលភាព បងប្អូនជនជាតិ តភ្ជាប់បណ្តាញផ្លូវគមនាគមន៍ ទឹក ភ្លើង សាលារៀន មណ្ឌលសុខភាព នៅគ្រប់គោលដៅភូមិ ឃុំ ដែលមានប្រជាពលរដ្ឋរស់នៅ។

ក្នុងគោលដៅរក្សាបាននូវវប្បធម៌ ប្រពៃណី អត្តសញ្ញាណរបស់បងប្អូនជនជាតិដើមភាគតិច រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំចុះបញ្ជីដីសហគមន៍បងប្អូនជនជាតិដើមភាគតិចជាសមូហភាព ដើម្បីធានាបាននូវការប្រើប្រាស់ធនធានធម្មជាតិ ដែលមានប្រកបដោយនិរន្តរ៍ភាព ក្នុងនោះមានសហគមន៍ជនជាតិដើមភាគតិច ជ.ឋ.ង ៥០សហគមន៍ ដែលបានចុះបញ្ជីជានីតិបុគ្គលរួចរាល់នៅក្រសួងមហាផ្ទៃ និងមានសហគមន៍ចំនួន២៧ បានស្នើសុំចុះបញ្ជីដីជាសមូហភាព និងអនុវត្តបានចំនួន២២ សហគមន៍រួចមកហើយ។

លោក ថង សាវុន ក៏បានធ្វើការផ្តាំផ្ញើឲ្យយប្រជាពលរដ្ឋទាំងបួនភូមិ រួមមាន៖ ភូមិក្រេះ ភូមិតាង៉ាច ភូមិកងកុយ និងភូមិកាន់ឈើង ក្នុងឃុំប៉ូយ ដែលទទួលបានប័ណ្ណសម្គាល់ដីធ្លីសមូហភាព ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ នូវអ្វីដែលមានចែងក្នុងលក្ខន្តិកៈសហគមន៍ សហការជិតស្និទ្ធិជាមួយអាជ្ញាធរដែនដី និងប្រើប្រាស់ធនធានដែលមានទៅតាមប្រភេទនីមួយៗប្រកបដោយនិរន្តរ៍ភាព ដើម្បីរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ ប្រពៃណី របស់បងប្អូនជនជាតិដើមភាគតិតយើង៕





សហព័ន្ធស្រូវអង្ករកម្ពុជា ចុះអនុស្សារណៈលើកិច្ចព្រមព្រៀងគម្រោងសាកល្បងឃ្លាំងស្តុកស្រូវ និងឡសម្ងួតជាមួយក្រុមហ៊ុនចិន

សហព័ន្ធស្រូវអង្ករកម្ពុជា បានបោះមួយជំហានទៅមុខទៀតដើម្បីធ្វើឲ្យស្ថានភាពស្រូវអង្ករកាន់តែប្រសើរឡើងនៅកម្ពុជា តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងសាកល្បងឃ្លាំងស្តុកស្រូវ និងឡសម្ងួតជាមួយក្រុមហ៊ុន Jilin Province Investment Co.Ltd និង Jilin Tianzhong Agriculture Development Co. Ltd នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ក្រោមការធ្វើជាសាក្សីពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សភាពាណិជ្ជកម្មកម្ពុជា អភិបាលខេត្តបាត់ដំបង និង អភិបាលរងខេត្តជីលីនរបស់ចិន។
កិច្ចព្រមព្រៀងថ្មីនេះ នឹងអនុញ្ញាតឲ្យភាគីទំាំងពីរ អនុវត្តសាកល្បងនូវគម្រោងឃ្លាំង និងឡសម្ងួតស្រូវ ដែលគេទន្ទឹងរង់ចាំជាយូរមកហើយ មុនឈានទៅអនុវត្តគម្រោងធំ ដែលមានទំហំទឹកប្រាក់ រាប់រយលានដុល្លារអាមេរិក ដែលគេតែងតែឮក្នុងពេលកន្លងមក។
សូមជម្រាបផងដែរថា ក្នុងសន្និសីទ សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងខេត្តជីលីន និងកម្ពុជា ដើម្បីចាប់ដៃគូរជាមួយពាណិជ្ជករនៅប្រទេសកម្ពុជា ដែលបានចូលរួមជាង១៥០នាក់ ក្នុងនោះគណៈប្រតិភូ និងអ្នកធុរកិច្ចខេត្តជីលីន ៥៦នាក់មកពីសហគ្រាស និងក្រុមហ៊ុន៣២ ព្រមទាំងធុរៈជនកម្ពុជាជាច្រើនរូប ក្រៅពីកិច្ចព្រមព្រៀងខាងលើ ក៏នៅមានអនុស្សារណៈ៥ផ្សេងទៀតបានចុះហត្ថលេខា ដើម្បីបើកផ្លូវទៅរកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម។
លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា កិច្ចព្រមព្រៀងនេះ នឹងបើកផ្លូវឲ្យមានដំណោះស្រាយថ្មីបន្ថែមទៀត ដល់វិស័យស្រូវអង្ករនៅកម្ពុជា ដោយអ្នកពាក់ព័ន្ធនឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ។
លោកបន្តថា «កិច្ចព្រមព្រៀងសហប្រតិបត្តិការលើគម្រោងឃ្លាំង ដែលចុះហត្ថលេខានៅថ្ងៃនេះ មានគោលបំណងស្វែងរកដំណោះស្រាយលើបញ្ហាស្រូវអង្ករជាពិសេសជួយដល់គ្រប់ភាគី ទាំងអស់ក្នុងសង្វាក់ផលិតកម្មស្រូវអង្ករ ដោយរាប់ទាំងកសិករ រោងម៉ាស៊ីន និង អ្នកនាំចេញ ដោយអាចផ្សារភ្ជាប់អ្នកផលិត រហូតដល់ទីផ្សារ»។
លោក សុខ ពុទ្ធីវុធ បានរំឭកថា គំនិតនៃឃ្លាំងស្តុកស្រូវ និងឡសម្ងួតនេះ ត្រូវបានលើកឡើងជារឿយៗ នៅតាមសហគមន៍នៃអ្នកសិក្សា អ្នកផលិតស្រូវ អ្នករោងម៉ាស៊ីន ក៏ដូចអ្នកនាំចេញ ប៉ុន្តែគេមិនទាន់ធ្វើឲ្យចេញជារូបរាងនៅឡើយ។
លោក Jin Yu Hui អភិបាលរងខេត្តជីលីន ដែលបានដឹកនំាគណៈប្រតិភូ និងអ្នកធុរកិច្ចចិនមកពីខេត្តនោះ បានមើលឃើញពីឱកាសពង្រីកទំនាក់ទំនងពាណិជ្ជកម្មនៃខេត្តទាំងពីរទៅថ្ងៃអនាគត ដោយសារតែចំណងមិត្តភាពដ៏ជិតសិ្នទ្ធដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានបង្កើតឡើង។ លោកបន្តថា «ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគទាំងសងខាង រក្សាកំណើនសន្ទុះខ្លាំង ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុត និងជាប្រទេសដែលមានប្រភពវិនិយោគដ៏ធំបំផុត នៅរយៈពេលបីឆ្នាំចុងក្រោយនេះ»។
លោក Jin Yu Hui បានសរសើរ ខេត្តបាត់ដំបងថា ជាខេត្តកសិកម្ម និង ជាឃ្លាំងស្តុកស្រូវអង្ករដ៏ធំមួយ របស់ប្រទេសកម្ពុជា។
នាឱកាសនោះ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ក៏បានលើកឡើង ពីសក្តានុពលរបស់ខេត្តបាត់ដំបង ទាំងវិស័យកសិកម្ម និងឧស្សាហកម្ម។ សម្រាប់វិស័យកសិកម្មមានប្រព័ន្ធធារាសាស្រ្តល្អ និងមានប្រភពទឹកជាក់លាក់ ចំណែកឧស្សាកម្មវិញ ខេត្តបាត់ដំបង នឹងមានរោងចក្រស៊ីម៉ង់ត៍ ដែលនឹងដំណើរការនៅខែមករា ឆ្នាំ២០១៨ ខាងមុខ ដែលវិនិយោគដោយក្រុមហ៊ុនចិន៕





ឯកអគ្គរដ្ឋទូតអូស្ត្រាលី៖ ប្រទេសអូស្ត្រាលី​ មានការតាំង​ចិត្តខ្ពស់​ក្នុងការពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និងវិនិយោគ​ជាមួយកម្ពុជា​

ក្នុងពេលអញ្ជើញជួបសំណេះសំណាលការងារជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោកស្រី អែនជែលឡា ខកខូរិន (Angela Corcoran) បានថ្លែងថា ប្រទេសអូស្ត្រាលី មានការតាំងចិត្តខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជា។
លោកស្រីឯកអគ្គរដ្ឋទូត បានបន្តថា ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ នៅពេលថ្មីៗនេះ លោកស្រី បានជួបពិភាក្សាជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់មួយស្ដីពីពាណិជ្ជកម្ម និងវិនិយោគ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី។
ក្នុងជំនួបពិភាក្សានោះ លោកស្រីឯកអគ្គរដ្ឋទូតអូស្ត្រាលី បានអញ្ជើញលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ចូលរួមក្នុងព្រឹត្តិការណ៍មួយចំនួនដែលរៀបចំឡើង ដោយរដ្ឋាភិបាលអូស្ត្រាលី ដោយព្រឹត្តិការណ៍ទី១គឺ កិច្ចប្រជុំអាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងរៀបចំឡើងនៅចុងឆ្នាំ២០១៧នេះ ដោយមានការអញ្ញើញមកបើកពីលោកនាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី និងមានវត្តមានរបស់ធុរជនជាន់ខ្ពស់របស់អូស្ត្រាលីជាច្រើនផងដែរ។
លោកស្រី ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានឲ្យដឹងទៀតថា ព្រឹត្តិការណ៍ទី២គឺកិច្ចប្រជុំកំពូលលើកទីមួយ អាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងស៊ីដនី ក្នុងឆ្នាំ២០១៨។ កិច្ចប្រជុំនេះនឹងមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនផងដែរ។ ក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះ ក៏មានកិច្ចប្រជុំស្ដីពីការតភ្ជាប់សេដ្ឋកិច្ច កិច្ចប្រជុំកំពូលធុរជនជាន់ខ្ពស់ និងកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម។ ឯព្រឹត្តិការណ៍ទី៣ គឺកិច្ចប្រជុំទីក្រុងបាលី ស្ដីពីការជួញដូរមនុស្ស។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានថ្លែងអំណរអរគុណចំពោះការអញ្ជើញរបស់លោកស្រី ហើយបានថ្លែងថា ព្រឹត្តិការណ៍ទាំងនោះ មានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរ ជាពិសេសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី។ ម្យ៉ាងវិញទៀត ជាឱកាសមួយដើម្បីឲ្យវិស័យឯកជនរបស់ប្រទេសទាំងពីរបានជួបគ្នា និងសហការជាមួយគ្នា។
លើសពីនោះ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ នឹងជួបជាមួយនឹងវិស័យឯកជន ដើម្បីពិភាក្សាលើការរៀបចំគណៈប្រតិភូពាណិជ្ជកម្មមួយចំនួន ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ទាំងនោះ៕



(សូមទស្សនាវីដេអូ) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក៖ ប្រជាពលរដ្ឋនៅ​កម្ពុជា មានសិទ្ធិក្នុងការ​អនុវត្តលទ្ធិប្រជាធិប​តេយ្យពិតប្រាកដ



លោក វិល្លៀម ហាដន៍ (William A. Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានសំដែងនូវអំណរសាទរដល់កម្ពុជា ដែលបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រកបដោយជោគជ័យ និងប្រព្រឹត្តទៅដោយរលូន។ នេះជាចំណុចវិជ្ជមានមួយសម្រាប់កម្ពុជា ដោយឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋមានសិទ្ធិក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោកក្នុងឱកាសចូលជួបលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានជម្រាបផងដែរថា រូបលោកនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក រយៈពេលពីរសប្តាហ៍ ហើយនៅក្នុងដំណើរនោះដែរ លោកនឹងជួបប្រជុំជាមួយនឹងសមាគមខ្មែរ-អាមេរិកនៅទីក្រុងស៊ីអាថល (Seattle) និងទីក្រុងវ៉ាស៊ីងតោន ដើម្បីរាយការណ៍អំពីវឌ្ឍនភាព នៃការប្រព្រឹត្តទៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (GSP) ដែលសហរដ្ឋអាមេរិកបានផ្ដល់ឲ្យកម្ពុជា លើកាបូបសម្រាប់ដាក់ទំនិញធ្វើដំណើរ។
ក្នុងន័យនេះ លោកបានស្នើសុំឲ្យក្រសួងពាណិជ្ជកម្ម ផ្ដល់ព័ត៌មានទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដើម្បីបង្ហាញថា ប្រព័ន្ធនេះពិតជាផ្ដល់នូវអត្ថប្រយោជន៍ បង្កើតការងារ ឬផលប៉ះពាល់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចមកលើកម្ពុជា។
ជាកិច្ចឆ្លើយតប លោក ប៉ាន សូរស័ក្ដិ បានថ្លែងអំណរគុណដល់ ឯកអគ្គរដ្ឋទូតអាមេរិក ចំពោះការអបអរសាទរដល់ការប្រព្រឹត្តទៅ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧នេះ។ ចំពោះព័ត៌មាន និងទិន្នន័យទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធ GSP វិញ លោក បានមានប្រសាសន៍ថា ក្រសួងនឹងផ្ដល់ទិន្នន័យចាំបាច់ទាំងអស់ ជូនដល់ឯកអគ្គរដ្ឋទូត ក្នុងដំណើរទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ជាក់ថា ប្រព័ន្ធនេះពិតជាមានផលប្រយោជន៍ដល់កម្ពុជាទាំងមូល។
ជាមួយនោះដែរ លោក ប៉ាន សូរស័ក្ដិ បានឆ្លៀតឱកាសនេះ ស្នើសុំជំនួយបច្ចេកទេសបន្ថែមពីសហរដ្ឋអាមេរិក រួមមាន៖ ការអនុវត្តកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម ការបណ្តុះបណ្តាលដល់មន្រ្តីថ្មី របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ស្តីពីការវិភាគពាណិជ្ជកម្ម ការលើកស្ទួយ និងជំរុញកម្ពុជា ជាមូលដ្ឋានផលិតកម្មមួយ សម្រាប់ផលិតគ្រឿងផ្សំ និងផ្នែករបស់រថយន្ត តាមរយៈការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅតាមព្រំដែន និងការគាំទ្រដល់វិស័យពាណិជ្ជកម្ម តាមអេឡិកត្រូនិក រួមបញ្ចូលទាំងការធ្វើឲ្យល្អ ប្រសើរនូវប្រព័ន្ធដឹកជញ្ជូន និងផ្ដត់ផ្គង់។
លោក វិល្លៀម ហាដន៍ បានទទួលយកនូវសំណើរទាំងនោះ ហើយលោកនឹងរាយការណ៍ជូន លោក ប៉ាន សូរស័ក្ដិ វិញ នៅពេលត្រឡប់មកវិញ៕

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក នៅតែបន្តការគាំទ្រ​លើការ​អភិវឌ្ឍសង្គម​ ការអភិវឌ្ឍសេដ្ឋកិច្ច​ និងនយោបាយ​ នៅក្នុង​ប្រទេសកម្ពុជា​

ក្នុងឱកាសដែល លោក William A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា អញ្ជើញចូលរួម នៅក្នុងខួបលើកទី២៤១ នៃថ្ងៃឯករាជ្យរបស់អាមេរិក លោកបានថ្លែងថា សហរដ្ឋអាមេរិកមានការប្ដេជ្ញាចិត្ត បន្តការគាំទ្រលើការអភិវឌ្ឍសង្គម ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយ នៅក្នុងប្រទេសកម្ពុជា។

ក្នុងខួបលើកទី២៤១ នៃថ្ងៃឯករាជ្យរបស់អាមេរិក ក៏មានការចូលរួមពី លោកទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី២ និងអគ្គលេខាធិការ នៃអាជ្ញាធរមីន និងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលជារូបច្រើន ដែលបានរៀបចំធ្វើឡើងនៅសណ្ឋាគារអាំងទែកង់ទីណង់តាល់ នាយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។

លោក William A.Heidt បានបញ្ជាក់ឲ្យដឹងថា សហរដ្ឋអាមេរិក ជាមួយនឹងប្រទេសកម្ពុជា រីករាយពេញចិត្ត នូវការធ្វើសន្ទនាដោយស្មោះត្រង់ រវាងគ្នានៅលើបញ្ហាជាច្រើន និងទោះយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក មានការប្ដេជ្ញាចិត្ត គាំទ្រនៅការអភិវឌ្ឍសង្គម ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយ នៅក្នុងប្រទេសកម្ពុជា នៅក្នុងវិធីជាច្រើន ដែលអាចធ្វើទៅបាន។

លោក William A.Heidt បានបន្តថា ទំនាក់ទំនងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក មានការរីកចម្រើនក្នុងពេលកន្លងមក ដោយសហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានទីផ្សារដ៏ធំ សម្រាប់ការនាំចេញផលិតផលរបស់កម្ពុជា។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានបន្ថែមទៀតថា កម្ពុជាមានរោងចក្រប្រមាណ២០រោងចក្រ ទើបតែបង្កើតឡើងនៅក្នុងឆ្នាំនេះ ដើម្បីផលិតទំនិញកាបូប និងកាតាបជាដើម លក់ទៅកាន់សហរដ្ឋអាមេរិក ដោយអនុគ្រោះពន្ធ។ រោងចក្រទាំងនេះ បានផ្តល់ការងារធ្វើជូនកម្មករ បុគ្គលិកប្រមាណ ១៥០០០នាក់។

លោកទេសរដ្ឋមន្ដ្រី លី ធុជ បានថ្លែងថា «សហរដ្ឋអាមេរិក ជាទីផ្សារធំជាងគេ នៃការនាំចេញរបស់យើង ហើយយើងលក់សំលៀកបំពាក់ ខោអាវ ជាច្រើន ទៅទីផ្សារអាមេរិក។ យើងបានទីផ្សារអាមេរិកធំ ដែលផ្ដល់ការងារ និងចំណូល ជូនដល់កម្មករ កម្មការិនី ចិញ្ចឹមគ្រួសារ និងបងប្អូនរបស់គាត់»។

លោកទេសរដ្ឋមន្ដ្រី បានបន្តទៀតថា «ទំនាក់ទំនងសេដ្ឋកិច្ចក៏ល្អ ទំនាក់ទំនងវិស័យទេសចរណ៍ក៏ល្អ ចំនួនភ្ញៀវទេសចរពីសហរដ្ឋអាមេរិកកាន់តែកើនឡើងៗ ជារៀងរាល់ឆ្នាំ ហើយទំនាក់ទំនងនៃការផ្លាស់ប្ដូរនិស្សិតទៅរៀន ប្រទេសទាំងពីរក៏ល្អ»។

លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់ទៀតថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺយើងដើរលើផ្លូវត្រូវ និងមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដើម្បីរកទីផ្សារការងារជូនប្រជាពលរដ្ឋ នៅក្រៅប្រទេស ដូចជាសហរដ្ឋមេរិកជាដើម ដែលនាំមកនូវផលប្រយោជន៍ ជូនប្រទេសជាតិរបស់យើងផងដែរ»៕







ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបេក្ខជន បេក្ខនារីចូលរៀនវគ្គបណ្តុះបណ្តាលគ្រូបង្គោល

ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០១៧ ស្តីពីការជ្រើសរើសបេក្ខជន បេក្ខនារីចូលរៀនវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ផ្នែកការីទេសចរណ៍ (Tour Operations) និងទីភ្នាក់ងារទេចរណ៍ (Travel Agencies) នៃសេវាកម្មធ្វើដំណើរ៕

សូមអានខ្លឹមសារលិខិតទាំងស្រុង៖




ក្រសួង​មហាផ្ទៃ​ គ្រោង​ផ្សព្វផ្សាយ​លទ្ធផល​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុសច្បាប់​លើកទី១​​រយ:ពេល​៦ខែ

នៅ​ថ្ងៃទី៣០​ ខែមិថុនា ​ឆ្នាំ២០១៧នេះ​ លោក​ឧបនាយករដ្ឋមន្រ្តី​ ស ខេង​ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ និង​ជាប្រធាន​ដឹក​​​នាំយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​ខុសច្បាប់​លើកទី១​ និងលោក​ឧបនាយករដ្ឋមន្រ្តី ​កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអនុប្រធានដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ដឹកនាំកិច្ចប្រជុំចង្អៀតការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយ:ពេល៦ខែ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងក្តាប់លទ្ធផលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើក​ទី១​របស់រាជរដ្ឋាភិបាលរយៈពេល៦ខែ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ដែលនឹងគ្រោងផ្សព្វផ្សាយនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ នៅក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនោះ ក៏មានសមាសភាពចូលរួមពីថ្នាក់ជាតិ រួមមាន លោក លោកស្រី ជាសមាជិកគណៈកម្មការចម្រុះប្រយុទ្ធប្រឆាំងគ្រឿងញៀន និងថ្នាក់ក្រោមជាតិមានអភិបាលខេត្ត ប្រធានលេខាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ស្នងការ បញ្ជាការកងរាជអាវុធហត្ថ នាយការិយាល័យប្រឆាំងបទល្មើស នាយការិយាល័យប្រឆាំងគ្រឿងញៀន៕





ហ្វេស​ប៊ុក​ចៅចាក់​ស្មុក៖ ​អ្នក​មាន​ខ្លួន​

នៅ​ថ្ងៃទី​៣០ ខែ​មិថុនា ​ឆ្នាំ២០១៧នេះ​ ទំព័រហ្វេសប៊ុក​ចៅចាក់ស្មុក​ បាន​បង្ហោះផ្សាយនូវអត្ថបទ​ មួយ​ក្រោមចំណងជើងថា​ «អ្នកមានខ្លួន» ​ដែល​មានខ្លឹម​សារដូច​ខាងក្រោម៖​

បន្ថែមពីសំណួរចោទពីថ្ងៃទី២៦ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានចោទសំណួរជាថ្មីម្តងទៀតនៅថ្ងៃខួបទី៦៦ កំណើតបក្សប្រជាជនកម្ពុជាជុំវិញភាពស្របច្បាប់នៃវត្តមានរបស់បន្ទប់ស្ថានការណ៍ដែលបង្កើតឡើងដោយបណ្តុំអង្គការ សមាគមដែលមាននិន្នាការទៅរកបក្សប្រ​ឆាំងមានតួនាទីតាមដានលើការបោះឆ្នោត ហើយសម្តេចនាយករដ្ឋមន្ត្រីបានដាក់បញ្ជាឱ្យក្រសួងមហាផ្ទៃពិនិត្យលើបន្ទប់ស្ថានការណ៍នេះក្រោយការចេញសេចក្តីថ្លែងការណ៍ដែលប្រមុខរដ្ឋាភិបាលបានចាត់ទុកថាធ្វើឱ្យអព្ទអួរស្ថានការណ៍នយោបាយ និងប៉ះពាល់ដល់ការវាយតម្លៃលើការបោះឆ្នោត ហើយសង្ស័យថានឹងអាចជាទីតាំងនៃការបញ្ជាបដិវត្តន៍ពណ៌។

រហូតមកទល់ពេលនេះ មេដឹកនាំអង្គការសមាគមមួយចំនួនបាននិងកំពុងមានវត្តមាននៅក្រៅប្រទេស ខណៈមេដឹកនាំខ្លះទៀតបានបិទទូរស័ព្ទមិនឆ្លើយឆ្លងព័ត៌មានជាមួយអ្នកកាសែតប្រកបដោយសេចក្តីក្លាហាន មុនគេដឹងល្បិចខ្លួនទៀត។ តាម​ការ​រៀប​រាប់​ត្រួសៗ​របស់ លោក សំ គន្ធាម៉ី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​ និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា (Nicfec) ដែលត្រូវបានស្រង់សម្តីដោយវិទ្យុបារាំងអន្តរជាតិ មាន​មេដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល ដែល​ជា​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​ចំនួន​៣​រូប បាន​ចាក​ចេញ​​ទៅ​ក្រៅ​ប្រទេស។ អ្នក​ទាំង​៣ នោះ​គឺ​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ (Comfrel) លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និងលោក មឿន តុលា នាយក​ប្រ​តិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស។

រហូតមកទល់ពេលនេះ គេមិនទាន់ដឹងថា អ្នកទាំងនេះនឹងវិលត្រឡប់មកវិញនៅពេលណាទេ ខណៈការស៊ើបអង្កេតមួយ បាននិងកំពុងធ្វើឡើងដោយក្រសួងមហាផ្ទៃលើភាពស្របច្បាប់របស់បន្ទប់ស្ថានការណ៍នៃការបោះឆ្នោត។ បន្ទប់ស្ថានការណ៍ និងគណបក្សប្រឆាំងត្រូវបានគេសង្កេតឃើញថាបានធ្វើសកម្មភាពស្របគ្នា ខ្លឹមសារដែលមាននៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកទាំងពីរបានវាយតម្លៃបែបអវិជ្ជមានខ្លាំងលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាពេលកន្លងទៅ ខណៈអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ បានវាយតម្លៃថាមានភាពល្អប្រសើរ សេរីត្រឹមត្រូវ និងយុត្តិធម៌ ហើយអាចទទួលយកបាន។ បន្ទប់ស្ថានការណ៍ ដែលដំបូងឡើយបានសរសើរថាការបោះឆ្នោតប្រព្រឹត្តទៅដោយរលូនល្អ ទោះបីជាមានភាពមិនប្រក្រតីមួយចំនួនតូច។ ប៉ុន្តែក្រោយពីលទ្ធផលបង្ហាញថាគណបក្សសង្គ្រោះជាតិចាញ់ការបោះឆ្នោតយ៉ាងអាម៉ាស់ ហើយមហិច្ឆតាចង់គ្រប់គ្រងព្រឹទ្ធសភា និងឡើងកាន់តំណែងជាប្រមុខរដ្ឋស្តីទីពេលព្រះមហាក្សត្រខ្មែរ ព្រះរាជអវត្តមានពីមាតុប្រទេសត្រូវបានរលាយទាំងស្រុង បន្ទប់ស្ថានការណ៍បានប្តូរការវាយតម្លៃរបស់ខ្លួនមកជាមិនល្អពោរពេញដោយភាពមិនប្រក្រតី និងមានការកម្រិតសេរីភាព និងគ្មានយុត្តិធម៌ទៅវិញ។

បន្ថែមលើនេះ ខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់បន្ទប់ស្ថានការណ៍នៅថ្ងៃទី២៤ ខែមេសា និងរបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃទី២៥ ខែមិថុនា ស្ទើរតែដូចគ្នាបេះបិទ ដែលនេះបង្ហាញថា ទាំងបន្ទប់ស្ថានការណ៍ និងបក្សប្រឆាំងមានគោលដៅរួមមួយគឺធ្វើឱ្យស្ថានការណ៍នយោបា​យនៅកម្ពុជាអព្ទអួរ និងធ្វើឱ្យអ្នកឈ្នះការបោះឆ្នោត មិនស្រស់ស្រាយក្នុងចិត្ត។ ប៉ុន្តែច្បាស់ណាស់ថា ពួកគេនឹងប្រកាសថា ការបោះឆ្នោតសេរីយុត្តិធម៌ និងត្រឹមត្រូវ ប្រសិនបើពួកគេឈ្នះការបោះឆ្នោត។ ការឡាំប៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោតពេលនេះ មិនមែនជាលើកទី១ ឡើយ ហើយចរិតពិតនៃការឡាំប៉ារបស់បក្សប្រឆាំង នឹងប្រថាប់ត្រាដោយសង្គមស៊ីវិលដែលយកលុយជំនួយបរទេសមកធ្វើការងារដើម្បីបុព្វហេតុបក្សប្រឆាំង គឺគ្រាន់តែបិទបាំងភាពបរា​ជ័យ និងភាពកម្សោយរបស់ខ្លួនប៉ុណ្ណោះ និងដើម្បីលួងលោមអ្នកគាំទ្ររបស់ខ្លួនថាបរាជ័យរបស់ខ្លួនមិនមែនមកពីខ្លួនអន់ទេ គឺដោយសារតែអ្នកដទៃ និងម្យ៉ាងទៀតដើម្បីទុកផ្លូវរកស៊ីជាមួយអ្នកនៅក្រៅប្រទេសដើម្បីរៃអង្គាសប្រាក់បន្ថែមទៀត។ យោងតាមលទ្ធផលបោះឆ្នោតឆ្នាំ២០១៧ នេះ គណបក្សប្រជាជន មានមូលដ្ឋានរឹងមាំដើម្បីឈ្នះការបោះឆ្នោតព្រឹទ្ធសភានៅដើមឆ្នាំ ២០១៨ និងការបោះឆ្នោតជាតិនាខែកក្កដា ឆ្នាំ ២០១៨ បន្តដឹកនាំប្រទេស ថែរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៀត។

គេនៅចាំបានថាបន្ទប់ស្ថានការណ៍នេះធ្លាប់បានកកូរកកាយយ៉ាងខ្លាំងលើការបោះឆ្នោត ជាតិឆ្នាំ២០១៣ ដើម្បីជួយប្រថាប់ត្រាបក្សប្រឆាំងក្នុងការធ្វើបាតុកម្មដោយបរិហារថាទឹកខ្មៅជ្រលក់ អាចត្រូវបានលុបជ្រះ បង្កចលាចលនៅមុនប៉ុន្មានថ្ងៃដល់ការបោះឆ្នោត ហើយបានក្រឡុកស្ថានការណ៍ក្រោយការបោះឆ្នោត និងបានសហការជាមួយបក្សប្រឆាំងដើម្បីបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តមតិជាតិ និងអន្តរជាតិលើកម្ពុជា។ បើសង្គមស៊ីវិលពិតជាចង់ជួយសង្គមជាតិពិតប្រាកដមែន គួរអនុវត្តន៍ការងារប្រកបដោយវិជ្ជាជីវៈ និងកុំបម្រើមហិច្ឆតានយោបាយបរទេស។ ពួកគេមិនត្រូវលាក់របៀបវារៈនយោបាយទុច្ចរិត អសិរពិសនៅពីក្រោយសកម្មភាពអង្គការសមាគមរបស់ខ្លួនឡើយ។ បើខ្លួនមិនប្រព្រឹត្តប្រាសចាកក្រមសីលធម៌វិជ្ជាជីវៈ និងបង្កប់ដោយភាពអសិរពិសនៅពីក្រោយ គួរកុំខ្លាចនឹងប្រឈមការពិត។ ការពិតដែលមន្ត្រីជំនាញក្រសួងមហាផ្ទៃកំពុងធ្វើការស៊ើបអង្កេត៕

ដោយ៖ ចៅ ចាក់ស្មុក


ក្រសួងធន​ធាន​ទឹក​ និង​ឧតុនិយម​ ចេញ​សេចក្តី​ជូនដំណឹង​ស្តីពី​ការព្យាករ​អាកាសធាតុ​លើកទី៣​​សម្រាប់​រដូវវស្សា​ឆ្នាំ២០១៧

ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ បានបញ្ជាក់ថា​ ដោយសារ​បាតុភូត​សកល​ សីតុណ្ហភាព​ និង​ទឹកភ្លៀង​នារដូវវស្សា​ ឆ្នាំ២០១៧​ អាច​នឹងមាន​កម្រិត​ខ្ពស់​ជាងមធ្យម។​ ដោយឡែក​នៅដើម ​និង​ពាក់​កណ្តាល​រដូវវស្សា​ អាចនឹងកើតមាននូវកូនរដូវប្រាំងនៅក្នុងសប្តាហ៍ទី៣ និងសប្តាហ៍ទី៤ នៃខែកក្កដា ដែលអាចបង្កឱ្យរាជធានី-ខេត្តមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងខេត្តស្វាយរៀងអាចនឹងមានភ្លៀងធ្លាក់តិច៕

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមដូចខាងក្រោម៖


កម្ពុជា​-ចិន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​វិស័យ​ឧស្សាហកម្ម​ សេដ្ឋកិច្ច​ កសិកម្ម​ ពាណិជ្ជកម្ម​ កសិ-ឧស្សា​ហកម្ម​ វារីវប្ប​កម្ម និង​វិស័យពាក់ព័ន្ធ​ផ្សេងៗ​ទៀត​

លោក ​ច័ន្ទ ​សុផល​ អភិបាល​នៃគណៈអភិបាល​ខេត្ត​បាត់ដំបង​ នៅថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០១៧​ បាន​ដឹកនាំគណៈ​​ប្រតិភូ​ខេត្តបាត់​ដំបង ចូលរួម​សន្និសីទ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​រវាង​ខេត្តជីលីន នៃសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពិធីចុះហត្ថលេខាលើគម្រោងផ្សេងៗ ក្នុងនោះក៏មានការចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយរដ្ឋាភិបាលខេត្តជីលីន នៃសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារភ្នំពេញ។
អនុស្សរណៈយោគយល់គ្នារវាងរដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋាភិបាលខេត្តជីលីន នៃសាធារណរដ្ឋប្រជាមា​និត​ចិនផ្តោតសំខាន់លើ វិស័យឧស្សាហកម្ម សេដ្ឋកិច្ច កសិកម្ម ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម វារីវប្បកម្ម និងវិស័យពាក់ព័ន្ធផ្សេងៗទៀត៕