Friday, March 01, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ពីថ្ងៃទី០៤-០៦ ខែមីនា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោងប្រមាណ៦៖១៥នាទី ល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលធ្វើឡើងនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ 

ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី។ អញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក សុខ ចិន្តសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រី សំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ធ្វើឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដែលនឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ កំណត់ទិសដៅអនាគតរួម និងធ្វើឱ្យទំនាក់ ទំនងកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវអាទិភាពសំខាន់ៗ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី។ ថ្នាក់ដឹកនាំ គ្រោងនឹងអនុម័តសេចក្តីថ្លែង ការណ៍ទីក្រុងម៉ែលប៊ន និងសេចក្តីប្រកាសចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន-អូស្ត្រាលី។

ស្របពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតី ក៏នឹងមានជំនួបទ្វេភាគី ជាមួយ លោក អេនថូនី អាល់បានីស៊ី និងសមភាគីអាស៊ានមួយចំនួន ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនង ទ្វេភាគីបន្ថែមទៀត៕






















ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បញ្ជាក់លម្អិតអំពីដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅប្រទេសអូស្ត្រាលី


នាល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសអូស្ត្រាលី។

នាឱកាសនោះ ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម Anthony Albanese នាយករដ្ឋមន្រ្តីអូស្រ្តាលី សម្ដេចមហាធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី និងកិច្ចប្រជុំពាក់ព័ន្ធ (Special Summit to Commemorate the 50th Anniversary of ASEAN-Australia Dialogue Relations) ចាប់ពីថ្ងៃទី០១-០៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី។ 

ក្នុងដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលីនេះ សម្តេចធិបតី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពេញអង្គ ដែលនឹងផ្តោតលើ កិច្ចសហប្រតិបត្តិការអាស៊ាន-អូស្រ្តាលី ក្រោមសសរស្តម្ភទាំងបីរបស់អាស៊ាន និងកិច្ចប្រជុំកំពូលចង្អៀត ដែលនឹងផ្តោតលើ «ចក្ខុវិស័យសម្រាប់តំបន់, បញ្ហាយុទ្ធសាស្រ្ត និងវិធីសាស្រ្ត ដែលអាស៊ាន និងអូស្រ្តាលី អាចធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមរួម»។ កិច្ចប្រជុំពិសេសនេះនឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំក្នុងការកំណត់ទិសដៅអនាគតរួម និងទំនាក់ទំនងកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវអាទិភាពសំខាន់ៗ នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្រ្តាលី។ 

ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តថា សម្តេចធិបតី ក៏នឹងមានកម្មវិធីសំខាន់ៗមួយចំនួនទៀត រួមមាន៖ (១) ជំនួបទ្វេភាគីជាមួយ ឯកឧត្តម Anthony Albanese នាយករដ្ឋមន្រ្តីអូស្រ្តាលី (២) ជំនួបទ្វេភាគីជាមួយ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន (៣) ជំនួបទ្វេភាគីជាមួយ ឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី (៤) ជំនួបទ្វេភាគីជាមួយ ឯកឧត្តម Lee Hsien Loong នាយករដ្ឋមន្រ្តីសិង្ហបុរី និង (៥) ជំនួបក្រៅផ្លូវការ (Pull-Aside) ជាមួយ ឯកឧត្តម Christopher Luxon នាយករដ្ឋមន្រ្តីនូវ៉ែលសេឡង់ ផងដែរ។  

ក្រៅពីកម្មវិធីខាងលើ សម្តេចធិបតី នឹងអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច កម្ពុជា-អូស្រ្តាលី ២០២៤ ដែល សម្តេចធិបតី នឹងថ្លែងសន្ទរកថាគន្លឹះ ស្តីពី “គោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា-អូស្រ្តាលី”។ សម្ដេចធិបតី ក៏នឹងទទួលជំនួបសម្តែងការគួរសមជាបន្តបន្ទាប់ ដោយបណ្តាក្រុមហ៊ុនវិនិយោគធំៗអូស្រ្តាលី ដែលវិនិយោគលើវិស័យសំខាន់ៗដូចជា៖ ធនាគារ ហិរញ្ញវត្ថុ ឧស្សាហកម្ម  ឡូជីស្ទីក ថាមពលនិងឧស្ម័ន កសិកម្មនិងការកែច្នៃម្ហូបអាហារ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងអបរំ ជាដើម។ល។ ដោយឡែក ក្នុងឱកាសស្នាក់នៅទីក្រុងម៉ែលប៊ននេះដែរ សម្ដេចធិបតី ក៏នឹងអញ្ជើញសំណេះសំណាលជាមួយនិស្សិតខ្មែរ និងបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែរ ដែលកំពុងសិក្សា និងរស់នៅប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ ផងដែរ។

ឯកឧត្តម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា សម្តេចធិបតី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ នៅវេលារំលងអាធ្រាតថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។

អបអរសាទរខួបទី២៥ (១៩៩៩-២០២៤) នៃអនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល(អនុសញ្ញាអូតាវ៉ា)



សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ «ថ្ងៃទី០១ ខែមីនា គឺជាថ្ងៃដ៏មានសារៈសំខាន់ ដែលយើងទាំងអស់រំលឹកខួបទី២៥ នៃការចូលជាធរមានរបស់អនុសញ្ញាអូតាវ៉ា។

អនុសញ្ញាដែលគួរកត់សំគាល់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ពិភពលោក ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចប់គ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីនប្រឆាំងមនុស្ស។ ការចាប់ផ្តើមនៃអនុសញ្ញា បានបង្កើតនូវកំនត់ត្រាមួយនៅក្នុងប្រវត្តិសាស្រ្តរួមរបស់មនុស្សជាតិ ក្រោមគោលដៅការពារអាយុជីវិត លើកកម្ពស់សន្តិភាព និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ក្នុងរយៈពេល២៥ឆ្នាំកន្លងមក ស្មារតីមនុស្សធម៌នេះបានបំផុសគំនិតឱ្យប្រទេស អង្គការ និងបុគ្គលនានាជុំវិញពិភពលោក ធ្វើការដោយមិនខ្លាចនឿយហត់ឆ្ពោះទៅរកការលុបបំបាត់គ្រាប់មីន ដែលជារឿយៗប្រឈមនឹងបញ្ហា និងឧបសគ្គដ៏ធ្ងន់ធ្ងរ។

នៅពេលយើងប្រារព្ធព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ សូមឲ្យយើងគោរពនូវភាពក្លាហាន និងការលះបង់របស់អ្នកទាំងអស់ដែលបានរួមចំណែកក្នុងបុព្វហេតុដ៏ថ្លៃថ្លានេះ ហើយសូមឱ្យយើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមក្នុងការបន្តធ្វើការដោយមិនខ្លាចនឿយហត់ឆ្ពោះទៅរកការលុបបំបាត់គ្រាប់មីនទាំងស្រុង និងធានាបាននូវពិភពលោកមួយដែលមានសុវត្ថិភាព និងសន្តិសុខជាងមុន សម្រាប់មនុស្សជំនាន់ក្រោយ។

កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ២០០០ ហើយបាននិងកំពុងបំពេញកាតព្វកិច្ច ជារដ្ឋភាគីគំរូ និងឈានមុខគេក្នុងការលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្ស ហើយត្រូវបានសហគមន៍អន្តរជាតិចាត់ទុកសមិទ្ធផលក្នុងការងារបោសសម្អាតមីនរបស់កម្ពុជា គឺជាសមិទ្ធផលមួយផ្នែកធំរបស់ពិភពលោក។ ជាងនេះទៅទៀត ក្នុងឆ្នាំ២០២៤ ស្របនឹងការអបអរសាទរខួបទី២៥ នៃអនុសញ្ញាអូតាវ៉ា កម្ពុជា ត្រូវរដ្ឋភាគីចំនួន ១៦៤ បោះឆ្នោតគាំទ្រជ្រើសតាំងធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញា ដែលកម្ពុជាអាចនឹងដឹកនាំបង្កើតផែនការសកម្មភាព៥ឆ្នាំសៀមរាប-អង្គរ និងសេចក្តីថ្លែងការណ៍សៀមរាប-អង្គរ សម្រាប់រដ្ឋភាគីទាំងអស់។

សូមចូលរួមអបអរសាទរខួបទី២៥ នៃអនុសញ្ញាអូតាវ៉ា»។