Wednesday, June 30, 2021

ដំណើរការបើក ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋខេត្តស្វាយរៀង

 ស្វាយរៀង៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ខេត្តស្វាយរៀង ដែលបានដំណើរការបើក ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ថ្ងៃដំបូង ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី រស់នៅក្នុង ៣ក្រុង-ស្រុក ដែលមានក្រុងបាវិត ស្រុករំដួល និងស្រុកកំពង់រោទិ៍ ចំនួនប្រមាណជាង ១១ ម៉ឺននាក់ ដើម្បីចូលរួមកាត់ផ្ដាច់ការរីករាលដាលនៃជំងឺឆ្លងកូវីត-១៩ ចេញពីក្នុងសហគមន៍ នៅក្នុងតំបន់នៃខេត្តស្វាយរៀងនេះ។

ពិធីដំណើរកាបើកចាក់វ៉ាក់សាំងនេះ បានប្រារព្ធធ្វើឡើង នៅក្រុងបាវិត ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជាអនុប្រធាន ប្រតិបត្តិចាក់វ៉ាក់សាំង ក្រសួងការពារជាតិ និងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងមន្ត្រីយោធាជាន់ខ្ពស់ក្នុងអគ្គបញ្ជាការ ក្រសួងការពារជាតិ និងមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធជាច្រើនរូប។

លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានប្រសាសន៍ថា៖ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តស្វាយរៀងទាំងមូល សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានខិតខំនាំយកវ៉ាក់សាំងមកចាក់ជូនដល់ពួកគាត់ ដោយមិនគិតថ្លៃ ដែលបានធ្វើអោយប្រជាពលរដ្ឋ មានការត្រេកអរយ៉ាងខ្លាំង និងបានទន្ទឹងរង់ចាំជាយូរមកហើយ។

ថ្លែងក្នុងពិធីបើក ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខេត្តស្វាយរៀង លោក មាស សាវ៉ន បានមានប្រសាសន៍ថា៖ ការរៀបចំដំណើរការផ្ដល់ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋយើង ពីសំណាក់ក្រុមការងារបច្ចេកទេស និងក្រុមគ្រូពេទ្យជំនាញ របស់ ខ.ភ.ម នៅក្នុងក្រុងបាវិត នៃខេត្តស្វាយរៀងនាពេលនេះ គឺបានធ្វើឡើង តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងបទបញ្ជារបស់ក្រសួងការពារជាតិ ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី និយោជិត និងព្រះសង្ឃ ដែលរស់នៅ និងស្នាក់នៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង។ លោកបានបញ្ជាក់ថា៖ ទន្ទឹមនឹងកិច្ចការពារបូរណភាពទឹកដីនោះ ខ.ភ.ម មានការខិតខំ និងយកចិត្តទុកដាក់ណាស់ អនុវត្តតាម អនុសាសន៍របស់ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ គឺថាមិនឲ្យវ៉ាក់សាំងដេកក្នុងឃ្លាំងទេ គឺឲ្យវ៉ាក់សាំងជ្រាបចូលក្នុងខ្លួនមនុស្ស។ ពាក្យស្លោកទាំងអស់នេះ បានធ្វើឲ្យថ្នាក់ដឹកនាំ មេបញ្ជាការ និង ខ.ភ.ម បានយកចិត្តទុក និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត មិនខ្លាចនឿយហត់។ ទាំងអាជ្ញាធរដែនដី និងកងទ័ព បានខិតខំបម្រើដល់ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ របស់ លោកនាយករដ្ឋមន្ត្រី គឺថាធ្វើម៉េចចាក់វ៉ាក់សាំង ជូនដល់ពួកគាត់ ដើម្បីបង្កើតភាពស៊ាំក្នុងសង្គម និងក្នុងខ្លួនប្រជាពលរដ្ឋ ដើម្បីកាត់ផ្ដាច់ការឆ្លងជំងឺកូវីដ១៩ ឲ្យប្រទេសជាតិ វិលមករកភាពដើមវិញ ដោយរស់នៅភាពសុខដុមរមនា។

ការបើកចាក់វ៉ាក់សាំង នៅ៣ ក្រុង ស្រុក នៃខេត្តស្វាយរៀងនេះ មានប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត មានប្រជាពលរដ្ឋ កម្មការ កម្មការិនី និងព្រះសង្ឃ ប្រមាណជាង ១១ម៉ឺន នាក់ ដែលក្នុងចំនួននេះ សុខាភិបាលខេត្ត បានធ្វើការទទួលចាក់វ៉ាក់សាំង មានចំនួន ២ស្រុក គឺនៅស្រុករំដួល និងស្រុកកំពង់រោទិ៍ ដែលមានប្រជាពលរដ្ឋ ចំនួន ៨ម៉ឺន ៦ពាន់ ២៩៤នាក់ និងក្រៅពីនោះ មានប្រជាពលរដ្ឋ កម្មករ និយោជិត នៅក្រុងបាវិតមាន ចំនួន ២ម៉ឺន ៦ពាន់ ៨៩៧នាក់ទៀត ទទួលខុសត្រូវដោយក្រុមគ្រូពេទ្យកងទ័ព របស់បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ជាអ្នករ៉ាប់រង និងទទួលខុសត្រូវក្នុងការផ្ដល់ការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងនោះ ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ដោយមិនគិតថ្លៃ។

គួរបញ្ជាក់ដែរថា៖ សម្រាប់ការចាក់វ៉ាក់សាំងនៅក្នុងក្រុងបាវិតនេះ ក្រុមគ្រូពេទ្យ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ដែលមានកិច្ចសហការយ៉ាងល្អពីអាជ្ញាធរដែនដីខេត្ត ក្រុង និងសង្កាត់ផងនោះ ដោយបានរៀបចំទីតាំងចាក់ មានចំនួន ៣ទីតាំង ក្នុងនោះទីតាំងទី១ ចាក់នៅសាលាបឋមសិក្សាក្រុងបាវិត ទីតាំងទី២ ចាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (មេនហាតធេន) និងទី៣ នៅឯវិទ្យាល័យជីភូ ក្នុងបំណងកាត់ផ្ដាច់ចរន្តនៃការចម្លងរាលដាលនៃជំងឺនេះ ពីប្រជាពលរដ្ឋយើង ដើម្បីស្ដារឡើងវិញនៅផ្នែកសុខាភិបាល សេដ្ឋកិច្ច និងបន្តការអភិវឌ្ឍឲ្យប្រសើរឡើងវិញ ៕





No comments:

Post a Comment