ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះអ្នកជំនាញការ នៃអង្គការយូណេស្កូ ជាពិសេសរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានជួយក្នុងការនាំមកឲ្យកម្ពុជាវិញ នូវបដិមាករខ្មែរទុរយោធន៍ (Duryodhana) ដែលជាសម្បត្តិបេតិកភ័ណ្ឌជាតិ ហើយត្រូវបានបាត់បង់អស់រយៈពេល ៤១ឆ្នាំមកហើយ។

មានប្រសាសន៍ក្នុងសន្និសីទកាសែត ដែលរៀបចំនៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា ជោគជ័យដែលកម្ពុជាសម្រេចបានក្នុងការនាំយកបដិមាករទុរយោធន៍ (Duryodhana) ពីក្រុមហ៊ុនដេញថ្លៃអាមេរិក SOTHEBY ដែលមានទីតាំងនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក និងពីលោកស្រី RUSPOLI ជនជាតិបែលហ្សិក ដែលរស់នៅប្រទេសអង់គ្លេស ដែលជាអ្នកទិញបដិមាករ ដោយរាជរដ្ឋាភិបាលមិនចំណាយថវិកានោះ គឺមានកត្តាសំខាន់៣។ ទី១ គឺទិដ្ឋភាពបុរាណវិត្ថុវិទ្យា ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានធ្វើល្អ ដោយមានបញ្ជីសារពើភ័ណ្ឌវិត្ថុបុរាណដែលជាបេតិកភ័ណ្ឌជាតិ។ ជាក់ស្តែងការរកឃើញព្រះថែន នៃរូបបដិមាករទុរយោធន៍ (Duryodhana) ដែលត្រូវបានគេអារផ្តាច់ ដើម្បីយកធ្វើជាភ័ស្តុតាង។ ទី២ គឺទិដ្ឋភាពច្បាប់រឹងមាំ ដោយសារព្រះរាជាណាចក្រកម្ពុជាមានច្បាប់បញ្ជក់ថា វត្ថុបុរាណទាំងអស់ជាកម្មសិទ្ធិរបស់រដ្ឋ និងគ្មានច្បាប់សម្រាប់នាំចេញ ឬលក់វត្ថុបុរាណទៅក្រៅប្រទេសនោះឡើយ ហើយច្បាប់ដែលមានតាំងពីសម័យអាណានិគមបារាំងនេះ ត្រូវបានអនុវត្តជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ១៩២៥ ក្នុងការការពារវត្ថុបុរាណដែលជាបេតិកភ័ណ្ឌជាតិ។ ទី៣ ទិដ្ឋភាពនៃទំនាក់ទំនងទូទៅ។ ទិដ្ឋភាពទី៣ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា យើង (ទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការឯកភាពពីសម្តេចតេជោនាយករដ្ឋមន្ត្រី) បានធ្វើការទំនាក់ទំនងបានល្អ និងទាន់ពេលតាមរយៈអង្គការយូណេស្កូ ពិសេសស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីឲ្យជួយទប់ស្កាត់ ការដាក់លក់ដេញថ្លៃបដិមាករទុរយោធន៍ (Duryodhana) ដោយក្រុមហ៊ុនដេញថ្លៃអាមេរិក SOTHEBY ដែលមានទីតាំងនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ហើយបាននាំយកបដិមាករទុរយោធន៍ (Duryodhana) មកកម្ពុជាវិញ ដោយរាជរដ្ឋាភិបាលមិនបានចំណាយថវិកាជាតិនោះឡើយ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក៏បានមានប្រសាសន៍ធ្វើការប្រៀបថា នៅប្រទេសអ៊ីតាលី គេត្រូវចំណាយពេលអស់១៧ឆ្នាំ និងថវិកាអស់ចំនួនជិត ២០លានដុល្លារ ដើម្បីនាំយកវត្ថុបុរាណរបស់គេដែលបានបាត់បង់ត្រឡប់មកប្រទេសវិញ ក្នុងពេលដែលកម្ពុជាប្រើពេលខ្លី និងមិនបានចំណាយថវិកាជាតិនោះទេ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា បដិមាករទុរយោធន៍ (Duryodhana) កសាងនៅសតវត្សរ៍ទី១០ ដែលត្រូវបានគេលួចពីប្រាសាទកោះកែរ កាលពីឆ្នាំ១៩៧២ ក្នុងពេលដែលកម្ពុជាស្ថិតក្នុងស្ថានភាពជាប្រទេសមានសង្គ្រាម និងអសន្តិសុខ និងត្រូវនាំយកមកកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ ហើយនឹងត្រូវយកទៅតម្កល់ទុកក្នុងសារមន្ទីរជាតិភ្នំពេញ៕
No comments:
Post a Comment