Friday, March 13, 2015

ស្ត្រីខ្មែររងគ្រោះនៅប្រទេសចិន៤នាក់ បានមកដល់កម្ពុជាវិញហើយ នៅថ្ងៃទី១២ ខែ មីនា ឆ្នាំ ២០១៥


តាមសេចក្តី​ប្រកាសរបស់ ឯកឧត្តម​ កុយ ​គួង ​អ្នកនាំ​ពាក្យក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៅថ្ងៃទី១៣ ​ខែមីនា​ ឆ្នាំ២០១៥នេះ ​បានឲ្យដឹងថា​ ក្រសួង​ការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ​តាមរយៈ​ស្ថាន​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ក្វាងចូវ​ ប្រទេសចិន​ បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន​ ជួយ​សង្គ្រោះ​ស្រ្តីខ្មែរ​ចំនួន៤​នាក់​ក្នុងនោះ​រួមមាន៖​ ១- ឈ្មោះ   សែ ​សុខណៃ ​រស់នៅ​ខេត្តកំពង់ចាម, ២- ឈ្មោះ ​  ស៊ុន សុខគា​ រស់នៅ​រាជធានី​ភ្នំពេញ, ៣- ឈ្មោះ ​  សៅ ​ស្រីមិច​ រស់នៅខេត្ត​ កំពង់ស្ពឺ ​និង​ ៤- ឈ្មោះ ​  ស៊ន ​សុខា ​រស់​នៅខេត្ត​កំពង់ចាម។
ជាមួយ​គ្នានេះដែរ​ ក្នុងនាម​រាជរដ្ឋា​ភិបាល​ ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការ​អន្តរជាតិ​ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ពលរដ្ឋខ្មែរ​ ជាពិសេស ​នារីខ្មែរ​ដែល​ជាជន​ ងាយរងគ្រោះ ​សូម​ធ្វើការ​ប្រុងប្រយ័ត្ន​ខ្ពស់​ កុំឲ្យចាញ់​បោក​តាមការ​អូសទាញ​ បញ្ចុះ បញ្ចូល​ពី​សំណាក់​មេខ្យល់​ ដែលប៉ុន​ប៉ង​នាំបងប្អូន​ទៅធ្វើការ​ ឬ​ទៅ​រៀបការ​ជាមួយ​ បុរសជន​ជាតិចិន​នៅ​ប្រទេសចិន​ ដោយ​ធ្វើការ​សន្យា​កុហក​ថា ​នឹង​ទទួល​បានលាភ​សក្ការៈ​ ប្រាក់កាស់​ជាច្រើន​ឲ្យសោះ។​ កន្លងមក​ ក្រសួង​ក៏ដូចស្ថានទូត​ និងស្ថាន​អគ្គកុង​ស៊ុល​កម្ពុជា​ប្រចាំ​នៅបរទេស​ ជាពិសេស​នៅប្រទេស​ចិន​បាន​ទទួល​ពាក្យបណ្តឹង​យ៉ាងច្រើន​ពី​ជនរងគ្រោះ ​គ្រួសារ​ជនរងគ្រោះ ​និង​តាមរយៈ​អង្គការ​មួយចំនួន​។
ឯកឧត្តម កុយ គួង ក៏បានឲ្យដឹងដែរថា ​បច្ចុប្បន្ន​ ក្រសួង​ការបរទេស​ ស្ថានទូត​ និង​ស្ថាន​អគ្គកុងស៊ុល​កម្ពុជា​ បាន​ និង​កំពុង​ជួយ​សង្គ្រោះនារី​ខ្មែរ​រងគ្រោះ​ទាំងនោះ​មក​កម្ពុជា​វិញ​ ជា​បន្តបន្ទាប់​។
គួរបញ្ជាក់ថា​ ស្រ្តីខ្មែរ​ទាំង៤រូបនេះ បាន​រងគ្រោះ​ដោយសារ​មេខ្យល់​នាំយក​ទៅរៀបការ​ ជាមួយ​បុរសជន​ជាតិចិន​ នៅ​ប្រទេសចិន​ នាពេលកន្លង​ទៅនេះ​។ ស្រ្តីរងគ្រោះ​ទាំង៤នាក់​ នេះ​ ត្រូវបាន​បញ្ជូន​ មកដល់​មាតុប្រទេស​យើងវិញ​ កាលពីថ្ងៃ១២​ ខែមីនា​ ឆ្នាំ២០១៥៕


អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment