ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យ អនុវត្តជាផ្លូវការក្រមប្រតិបត្តិអង្គរ នាខេត្តសៀមរាប នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៥នេះថា កម្ពុជាមានសក្តានុពលធំធេងណាស់ សម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌ និងធម្មជាតិ ហើយបើគិតត្រឹមតែប្រាង្គប្រាសាទបុរាណ កម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ី ដែលមាន ប្រាង្គប្រាសាទបុរាណជាង ១០០០ កន្លែងដែលមានអាយុកាលរាប់ពាន់ឆ្នាំ សក្តិសមនឹងកិត្តិនាម «ព្រះរាជាណាចក្រអច្ឆរិយៈ» និងជា «ព្រះរាជាណាចក្រនៃវប្បធម៌»។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បន្ថែមថា ជាក់ស្តែងជាមួយសក្កានុពលទាំងនេះ កាលពី ឆ្នាំ២០១៤កន្លងទៅ ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជាមានចំនួន ប្រមាណជាង ៤,៥លាននាក់ ជាមួយនឹងចំណូលប្រមាណ ៣០០០លានដុល្លារ ដោយផ្តល់ ការងារជូនប្រជាជន ដោយផ្ទាល់ប្រមាណ ៦០ម៉ឺននាក់ និងដោយប្រយោលរាប់ម៉ឺននាក់ទៀត ក្នុងនោះមកទស្សនា តំបន់សៀមរាប-អង្គរមានចំនួនប្រមាណ ២,៣លាននាក់ ស្មើនឹងប្រមាណ៥០% នៃចំនួនទេសចរ អន្តរជាតិសរុប និងភ្ញៀវទេសចរជាតិប្រមាណ ២,៦លាននាក់។
ឯកឧត្តម ថោង ខុន បានលើកឡើងថា ជាការពិតណាស់ ប្រាសាទអង្គរវត្ត ដែលជាដួងព្រលឹងជាតិ គឺជាគ្រឹះដ៏សំខាន់ក្នុងការទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ហើយទេសចរណ៍វប្បធម៌ គឺជាឆ្អឹងកងដ៏សំខាន់នៃវិស័យទេសចរណ៍កម្ពុជាផងដែរ។ ក្នុងបរិបទនេះ ការដាក់ចេញនូវ ក្រមប្រតិបត្តិអង្គរនេះ មិនត្រឹមតែចូលរួមចំណែក ក្នុងការចូលរួមគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍតំបន់អង្គរ ដែលជាបេតិកភណ្ឌពិភពលោក ប្រកបដោយ និរន្តរភាព និងការទទួលខុសត្រូវ ដោយឈរលើការប្តេជ្ញាចិត្តរួមមួយច្បាស់លាស់ ក្នុងការរក្សា តុល្យភាពរវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គមបរិស្ថាន និងវប្បធម៌ ប្រជាពលរដ្ឋមូលដ្ឋាន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយពីសក្តានុពល ទេសចរណ៍តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សៀមរាប-អង្គរទៅកាន់ទីផ្សារជាតិ និងអន្តរជាតិផងដែរ។ ព្រមជាមួយនេះ ការដាក់ចេញនូវ ក្រមប្រតិបត្តិអង្គរនេះ គឺស្របជាមួយមាត្រាទី៥០ នៃច្បាប់ស្តីពីទេសចរណ៍ ដែលបានចែងអំពី កាតព្វកិច្ចរបស់ភ្ញៀវទេសចរ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍កម្ពុជា៕
No comments:
Post a Comment