Tuesday, February 21, 2023

វិភាគអន្តរជាតិ៖ តើខុសច្បាប់ទេ? បើសហរដ្ឋអាមេរិក ធ្វើអន្តរាគមន៍យោធាជួយតៃវ៉ាន់


(ហុងកុង)៖ សំណុំរឿងតៃវ៉ាន់ គឺជាប្រធានបទដ៏ក្ដៅមួយនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនអស់រយៈពេលជាយូរមកហើយ ខណៈក្រុមអ្នកវិភាគជាច្រើនជឿជាក់តៃវ៉ាន់ជា ចំណុចក្ដៅមួយដែលអាចផ្ទុះទៅជាសង្រ្គាមរវាងកំពូលមហាអំណាចទាំង២ នៅពេលអនាគត។

សព្វថ្ងៃ ប្រធានបទពិភាក្សាដែលគេកំពុងផ្តោត នោះគឺថាតើប្រធានសភាតំណាងរាស្ត្រ អាមេរិកថ្មីមកពីគណបក្សសាធារណរដ្ឋ លោក Kevin McCarthy អាចនឹងយកគំរូតាមអតីតប្រធានសភាតំណាងរាស្ត្រអាមេរិកបក្សប្រជាធិបតេយ្យ លោកស្រី ណាន់ស៊ី ផេឡូស៊ី ដោយបំពេញដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់នៅក្នុងឆ្នាំ២០២៣នេះដែរឬក៏ដោយណា? ស្របពេលយោធាអាមេរិកត្រូវបានគេរាយការណ៍ថាកំពុងសិក្សាពីផលវិបាក ប្រសិនបើ ដំណើរទស្សនកិច្ចបែបនេះពិតជាកើតឡើងមែននោះ។

នៅក្នុងអាណត្តិដឹកនាំរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិករូបនេះធ្លាប់បានលើកឡើងដល់ទៅ៣លើកថាទីក្រុងវ៉ាស៊ីនតោននឹងធ្វើអន្តរាគមន៍យោធាដើម្បីការពារកោះតៃវ៉ាន់ ប្រសិនបើមានការវាយប្រហារពីចិន។ ចំណែកឯ មេបញ្ជាការកងទ័ពអាកាសអាមេរិក លោក Mike Minihan ក៏បានព្យាករកាលពីពេលថ្មីៗនេះដែរថាចិនអាចប្រើកម្លាំងយោធាលើ តៃវ៉ាន់ នៅឆ្នាំ២០២៥។ សង្រ្គាមដើម្បីកោះតៃវ៉ាន់មិនមាននរណាម្នាក់ដឹងច្បាស់ថាតើវានឹងផ្ទុះឡើងនៅពេលណានោះទេ? ក៏ប៉ុន្តែ ខណៈដែលជាទូទៅគេតែងតែនាំគ្នាចោទសួរថាតើ សហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍យោធាការពារតៃវ៉ាន់ ពីការវាយប្រហារបស់ចិនដែរឬក៏យ៉ាងណា មានសំណួរមួយទៀតដែលគេមិនសូវចោទសួរ និងហាក់ដូចជា ត្រូវបានបំភ្លេច ចោលតែម្ដងនោះ គឺ «ថាតើសហរដ្ឋអាមេរិកមានសិទ្ធិស្របច្បាប់ ក្នុងការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងចិន ដើម្បីការពារតៃវ៉ាន់ដែរឬទេ?»

ដើម្បីអាចឆ្លើយសំណួរនេះបានយើងគួរតែសាកល្បងយល់ពីហេតុផលដែលតម្រូវឱ្យសហរដ្ឋអាមេរិកត្រូវធ្វើអន្តរាគមន៍យោធាជាមុនសិន។ នៅក្នុងកិច្ចពិភាក្សាជាមួយក្រុមអ្នកជំនាញ អាមេរិក តាមរយៈវិទ្យាស្ថានសិក្សាស្រាវជ្រាវអាមេរិកជាច្រើនបានបង្ហាញថាអ្នកជំនាញដល់ទៅ ៨០ភាគរយបញ្ជាក់ថាសហរដ្ឋអាមេរិកត្រូវតែធ្វើអន្តរាគមន៍យោធាជួយតៃវ៉ាន់ ក្រោមបុព្វហេតុការពារ «ប្រជាធិបតេយ្យ»។ រីឯ ១៥ភាគរយ លើកយក «ច្បាប់ទំនាក់ទំនងតៃវ៉ាន់ ឬ Taiwan Relations Act» ដែលជាច្បាប់ក្នុងស្រុករបស់សហរដ្ឋអាមេរិកមកធ្វើជា អំណះអំណាង ហើយ ៥ភាគរយទទួលស្គាល់ថា «ជាយុទ្ធសាស្ត្រ ភូមិសាស្ត្រនយោបាយ និងយោធា» សហរដ្ឋអាមេរិកមិនអាចបាត់បង់តៃវ៉ាន់ជាដាច់ខាត។

តើអំណះអំណាងទាំង៣នេះស្ថិតនៅក្រោមច្បាប់អន្តរជាតិដែរ ឬក៏យ៉ាងណា? បើតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ មានសេណារីយ៉ូស្របច្បាប់តែ២គត់ សម្រាប់ ការប្រើកម្លាំងយោធា នោះគឺ៖ «ការប្រើកម្លាំងយោធាដោយទទួលបានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួនឯង»។ បើពិនិត្យ លើអំណះអំណាងទាំង៣ខាងលើដដែល គ្មានអំណះអំណាងណាមួយដែលស្ថិតនៅក្រោមសេណារីយ៉ូទាំង២នេះទេ ហើយសូម្បីតែការការពារប្រជាធិបតេយ្យ ឬក៏ការអនុវត្តច្បាប់នៅ ក្នុងស្រុកក៏ជាទង្វើខុសច្បាប់ផងដែរ ដោយសារតែការហាមឃាត់ជាទូទៅប្រឆាំងការប្រើកម្លាំងយោធាប្រឆាំងនឹងប្រទេសមានអធិបតេយ្យ ឬរដ្ឋឯករាជ្យមួយ។ ឧទាហរណ៍ ជាក់ស្ដែង ដូចជាសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន គឺជាសង្រ្គាមឈ្លានពានខុសច្បាប់ ពីព្រោះអ៊ុយក្រែនគឺរដ្ឋអធិបតេយ្យ និងឯករាជ្យ។

នៅត្រង់ចំណុចនេះឯងដែលក្រុមអ្នកជំនាញចិនតែងតែអះអាងជារឿយៗថាខ្លួនមានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់កម្លាំងយោធាលើតៃវ៉ាន់ ក្នុងករណីចាំបាច់។ តៃវ៉ាន់មានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ជាប្រទេសមួយ តែមិនត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ឡើយ ដោយមានឋានៈមិនច្បាស់លាស់នៅលើឆាកអន្តរជាតិ ក្រោម «គោលនយោបាយចិនតែមួយ» ដែលប្រទេសភាគច្រើនក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកទទួលស្គាល់តាមរយៈដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។ មកទល់នឹងបច្ចុប្បន្ន, មានតែប្រទេសចំនួន១៥ ប៉ុណ្ណោះដែលទទួលស្គាល់តៃវ៉ាន់ជារដ្ឋមួយដាច់ដោយឡែកពីចិន ហើយប្រទេសទាំងនោះទៀតសោតសុទ្ធតែជាប្រទេសតូចៗ។ អនុលោមតាមការទទួលស្គាល់ «គោលនយោបាយចិន តែមួយ» នេះ អន្តរជាតិចាត់ទុកថា «ចិនស្របច្បាប់គឺមានតែមួយគត់ នោះគឺចិនកុម្មុយនិស្ដ ឬសាធារណរដ្ឋប្រជាមានិតចិន»។

ម្យ៉ាងវិញទៀត បើនិយាយពីឋានៈរបស់តៃវ៉ាន់នេះដែរ ចិនហាក់ដូចជាឈរនៅលើភាពត្រឹមត្រូវជាងសហរដ្ឋអាមេរិក នៅត្រង់ថាបើតៃវ៉ាន់មិនមែនជាប្រទេស ឬរដ្ឋឯករាជ្យផ្លូវការនៅលើ ក្រដាសស្នាម នោះការប្រើប្រាស់កម្លាំងយោធារបស់ចិន គឺអាចនឹងត្រូវបានចិនបកស្រាយថាជាការស្ដារអធិបតេយ្យរបស់ខ្លួនឡើងវិញលើតៃវ៉ាន់ និងទប់ស្កាត់សកម្មភាពឧទ្ទាមផ្ដាច់ទឹកដី ឬក៏ការបង្កើតរដ្ឋនៅក្នុងរដ្ឋ ពោលគឺវាជាការប្រើប្រាស់កម្លាំងយោធាលើទឹកដីខ្លួនឯង មិនមែនជាការឈ្លានពានប្រឆាំងប្រទេស ឬរដ្ឋអធិបតេយ្យ ឬក៏ឯករាជ្យដទៃ២ផ្សេងគ្នា។ នៅក្រោម ច្បាប់អន្តរជាតិ ពាក្យថា«សកម្មភាពឈ្លានពាន» ឬ « act of aggression» ចង់សំដៅលើការប្រើប្រាស់កម្លាំងយោធារបស់ប្រទេសមួយប្រឆាំងនឹងប្រទេស ឬរដ្ឋអធិបតេយ្យ ឬឯករាជ្យដទៃ ឬក៏សកម្មភាពណាមួយដែលផ្ទុយទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ម្លោះហើយសម្រាប់ចិន ផ្អែកលើភាពមិនច្បាស់លាស់នៃឋានៈស្របច្បាប់របស់តៃវ៉ាន់ ការធ្វើអន្តរាគមន៍យោធាណាមួយពីសំណាក់សហរដ្ឋអាមេរិក​អាចនឹងត្រូវបាន​ចាត់ទុកថាជា «អ្នកឈ្លានពាន» ក៏ដូចជាបំពានធម្មនុញ្ញអង្គការសហប្រជាជាតិដែលប្រឆាំងនឹងការប្រើប្រាស់កម្លាំងបាយនៅក្នុងទំនាក់ទំនងអន្តរជាតិ។ តែទោះជាយ៉ាងណាក៏ដោយ វានៅតែមាន ភាពចម្រូងចម្រាស និងស្មុគស្មាញ ដ្បិតសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកភាគច្រើនទោះជាទទួលស្គាល់​ចិនមានតែមួយគត់ក៏ពិតមែន តែពួកគេមិនដែលទទួលស្គាល់ការអះអាងពី អធិបតេយ្យរបស់ចិ​នលើកោះតៃវ៉ាន់នោះឡើយ។

នៅពេលពួកមហាអំណាចធ្វើសកម្មភាពការពារផលប្រយោន៍ខ្លួនឯង ពួកគេតែងតែបកស្រាយច្បាប់អន្តរជាតិឱ្យស្របទៅនឹងសកម្មភាពរបស់ពួកគេ។ ជាក់ស្ដែងដូចជា សហរដ្ឋអាមេរិក ធ្វើសង្រ្គាមនៅអ៉ីរ៉ាក់កាលពីខែមីនា ឆ្នាំ២០០៣ ដោយអះអាងពីការការពារប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការពារពិភពលោកពីអាវុធនុយក្លេអ៊ែរ ប៉ុន្តែនៅពេលនោះដែរអ្នកជំនាញ ច្បាប់អន្តរជាតិភាគច្រើនចាត់ទុកថាវាជា «សង្រ្គាមឈ្លានពានខុសច្បាប់»៕ ដោយ៖ Fresh News


No comments:

Post a Comment