Tuesday, February 21, 2023

បទអត្ថាធិប្បាយ៖ កុំផ្អៀងតាមមូលនិធិ ហើយបញ្ចេញមតិតែមួយចំហៀង សូមមើលបញ្ហាជារួម !


AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ -- បញ្ហាប្រមាថ មាក់ងាយ និងបៀតបៀនផ្លូវភេទ នៅលើបណ្តាញសង្គមនៅកម្ពុជា គឺជាបញ្ហាសង្គមដ៏ចម្រូងចម្រាស់មួយ ដូច្នេះវាគឺជាបញ្ហារួមដែលសង្គមត្រូវតែដោះស្រាយទាំងអស់គ្នា មិនមែនដោះតែបញ្ហាមួយហើយទុកចោលបញ្ហាផ្សេងៗទៀតនោះទេ ដោយឡែកការរិះគន់ក៏គួរតែផ្តោតនៅលើទិដ្ឋភាពរួមមិនមែនផ្តោតនៅលើករណីដែលពិសេស ទាក់ទងតែនឹងក្រុម និងបណ្តាញការងាររបស់ខ្លួនឡើយ។

ថ្មីៗនេះ ពាក់ព័ន្ធនឹងករណីនេះ មានក្រុមអង្គការសង្គមស៊ីវិលចំនួន៤០ បានផ្ញើលិខិតចំហជូនរដ្ឋមន្រ្តីក្រសួងចំនួន០៤ ដោយស្នើឱ្យមានចំណាត់ការទៅលើបុគ្គលមួយរូប ចំពោះការប្រើប្រាស់មាតិកាមិនសមរម្យ ការប្រមាថមាក់ងាយ និងបៀតបៀនទៅលើស្រ្តីអ្នកសារព័ត៌មានមួយរូប ក្រោយធ្វើការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមួយ។

ឆ្លងតាមការសង្កេត និងពិនិត្យជាក់ស្តែងនៅលើករណីនេះ ដោយបូកបញ្ចូលទាំងសំដីរបស់ថ្នាក់ដឹកនាំនៅក្នុងប្រទេសផងនោះ ករណីដែលបុគ្គលរងនូវការទាមទារឱ្យមានចំណាត់ការនេះ គឺពិតជាមានខ្លឹមសារ និងចំណុចខ្លះដែលអាចចាត់ទុកថា មិនសមរម្យ ជាកាយវិការមាក់ងាយ និងបៀតបៀនខ្លះមែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលទាំងនោះ មិនគួរលើកយកតែករណីនេះនោះទេ។

នៅលើបណ្តាញសង្គម និងសកម្មភាពរស់នៅជាក់ស្តែង កាយវិការ និងសកម្មភាពក៏ដូចជាសំដីសំដៅដែលមានស្ថានភាពបែបនេះគឺមានច្រើនករណីណាស់ ហើយថ្មីៗនេះ ករណីក្រុមអ្នកនយោបាយ និងសកម្មជនដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ក៏បានរិះគន់ដោយពាក្យសំដីផ្ទាល់ ដោយការធ្វើវិភាគ ដោយសំណេរ ដែលមានចរិតលក្ខណៈមិនសមរម្យ ជាកាយវិការមាក់ងាយ និងបៀតបៀនផ្លូវភេទជាច្រើនករណីមកលើថ្នាក់ដឹកនាំ និងក្រុមគ្រួសារថ្នាក់ដឹកនាំប្រទេស ហេតុអ្វីក៏អង្គការសង្គមស៊ីវិលទាំងនោះមិនបានលើកយកករណីនេះមកឆ្លុះបញ្ចាំង ឬ ក៏ទាមទារដូចករណីនេះដែរ។

ភរិយាថ្នាក់ដឹកនាំ ក្រុមមន្រ្តីនៅក្នុងជួររាជរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋដែលជាស្រ្តីរងការប្រមាថក៏គួរតែជាករណីដែលមិនគួរមើលរំលងដូចគ្នានៅក្នុងករណីនេះ ដូច្នេះអង្គការសង្គមស៊ីវិលទាំងនោះ ក៏គួរតែលើកឡើង និងធ្វើសកម្មភាពប្រឆាំងនឹងទង្វើ ព្រមទាំងសកម្មភាពមិនសមរម្យដូចគ្នាទៅលើក្រុមអ្នកដែលប្រពឹត្តករណីនេះ មិនមែនធ្វើសកម្មភាពតែចំពោះក្រុម ឬក៏បណ្តាញការងារ ដែលមាននិន្នាការ និងមានប្រភពមូលនិធិ ក៏ដូចជាយុទ្ធនាការការងារស្រដៀងគ្នា ទើបបានមានសកម្មភាពបែបនោះ នោះទេ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅរាជធានីភ្នំពេញក៏បានរំលេចនូវករណីនេះផងដែរ។ សម្តេចតេជោ បានរិះគន់ក្រុមអង្គការក្រៅរដ្ឋាភិបាលទាំងនោះ ជុំវិញការទាមទារឱ្យថ្កោលទោសតារាហ្វេសប៊ុកម្នាក់ ដែលប្រើភាសាមិនសមរម្យ លើស្រ្តីអ្នកសារព័ត៌មានដែលបានផ្សាយព័ត៌មានក្លែងក្លាយ ខណៈពួកគេព្រងើយកន្តើយនឹងការប្រមាថ ជេរប្រទេចលើភរិយា និងប្អូនថ្លៃស្រីរបស់សម្តេច ខណៈដែល លោកស្រីបានទទួលមរណភាពទៅហើយនោះ។

នៅក្នុងឱកាសនោះ សម្តេចបានដាក់សំណួរទៅក្រុមបណ្តាញអង្គការក្រៅរដ្ឋាភិបាលទាំងនោះថា ហេតុអ្វីបានជានៅពេលដែលគេជេរគេប្រមាថក្រុមគ្រួសារសម្តេចផ្ទាល់ ជាពិសេសស្រ្តីនៅក្នុងជួររាជរដ្ឋាភិបាល មិនមានអង្គការណាមួយចេញមកធ្វើសកម្មភាពការពារសេចក្តីថ្លៃថ្នូររបស់ស្រ្តីដូចករណីខាងលើ។

សំណួរដែលប្រមុខរាជរដ្ឋាភិបាលបានចោទសួរនេះ វាពិតជាឆ្លុះបញ្ចាំងអំពីស្តង់ដារនៃសកម្មភាព និងការបញ្ចេញមតិរបស់អង្គការសង្គមស៊ីវិលទាំងនោះយ៉ាងច្បាស់ ពីព្រោះថា នៅលើបណ្តាញព័ត៌មានសង្គម មកដល់ពេលនេះ មានការជេរ មានការប្រមាថ មានការមាក់ងាយ មានការបៀតបៀនផ្លូវភេទលើស្រ្តីរាប់សិបករណី ក្រៅពីករណីប៉ះពាល់ដល់ក្រុមគ្រួសារ និងស្រ្តីនៅក្នុងជួររាជរដ្ឋាភិបាល ប៉ុន្តែមិនមានអង្គការឬក៏បណ្តាញណាមួយលើកពីករណីទាំងនោះមកធ្វើសកម្មភាពបែបនេះឡើយ។

សរុបមកវិញ សូមកុំរៀបចំសកម្មភាព ឬក៏យុទ្ធនាការការងារតាមតែបក្សពួករបស់ខ្លួន នរណាក៏ដោយក៏ជាប្រជាពលរដ្ឋកម្ពុជាដូចគ្នា ដូច្នេះស្តង់ដារសកម្មភាព និងវិធានការគួរតែមានដូចគ្នា ដើម្បីការពារ និងលើកកម្ពស់ស្រ្តីដូចគ្នា។ នារីអ្នកសារព័ត៌មានក៏ជាពលរដ្ឋកម្ពុជា ភរិយាថ្នាក់ដឹកនាំក៏ជាពលរដ្ឋកម្ពុជា ហើយនារីឯទៀតក៏ជាពលរដ្ឋកម្ពុជា ដូច្នេះគ្រប់គ្នាគួរតែគោរព និងឱ្យតម្លៃដោយស្មើភាពនៅក្នុងស្តង់ដារតែមួយដូចគ្នា។ ហើយម្យ៉ាងវិញទៀត ដើម្បីលើកកម្ពស់កិតិ្តយសដល់ស្រ្តីទាំងអស់ ទាំងផ្នែករដ្ឋ និងឯកជន ក៏ដូចជាសកម្មជនគ្រប់និន្នាការនយោបាយ គួរតែចូលរួមយុទ្ធនាការការពារ និងគោរព ដោយឱ្យតម្លៃស្រ្តីដូចគ្នាៗស្របតាមប្រវត្តិសាស្រ្ត និងអរិយធម៌ខ្មែរ ដែលមកដល់ពេលនេះនៅតែឱ្យតម្លៃទៅលើស្រ្តីជាធំដូចគ្នា។ យើងទាំងអស់គ្នាគួរតែបញ្ឈប់ទាំងសំដីសំដៅ អាកប្បកិរិយា ដោយរួមទាំងសំណេរ ដែលមានចរិតមិនឱ្យ តម្លៃស្រ្តីទាំងអស់គ្នាទៅ៕

ដោយ ហេង បញ្ញា



No comments:

Post a Comment