នៅក្នុងពិធី បិទសិក្ខាសាលាបូកសរុបការងារកែទម្រង់ កងយោធពលខេមរភូមិន្ទ
៥ឆ្នាំ (២០១០-២០១៤) និងទិសដៅអនុវត្តន៍ ៥ឆ្នាំ (២០១៥-២០១៩) នៅថ្ងៃទី៤ ខែមីនា
ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដាច់ខាតមិនឲ្យមានបដិវត្តពណ៌កើតមានឡើងនៅលើទឹកដីកម្ពុជានោះទេ
ទោះបីជាបដិវត្តន៍ព័ណ៍នោះចេញមកពីកន្លែងណាក៏ដោយ ចាំបាច់កងទ័ពត្រូវធ្វើសកម្មភាពជាបន្ទាន់ដើម្បីទប់ស្កាត់ឲ្យបាន
ហើយយើងគ្មានការញញើតណាមួយ ជាមួយការធ្វើសកម្មភាពប្រឆាំងនិងក្រុមខិលខូច ដែលមានការប៉ុនប៉ងធ្វើឲ្យកម្ពុជាធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល
ឬ ការដណ្តើមអំណាចមិនស្របច្បាប់ឡើយ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សភាពការណ៍នយោបាយ
សន្តិសុខ សណ្តាប់ធ្នាប់សង្គមជាតិចុងក្រោយនេះ
ក៏មានការវិវត្តន៍ស្មុគស្មាញដូចដែល យើងបានដឹងស្រាប់ហើយ ជាពិសេសមហិច្ឆតារបស់ពួកជ្រុលនិយមមួយចំនួន
ក្នុងការប៉ុនប៉ងផ្តួលរលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើឧបាយកលអាក្រក់
និងធ្វើសកម្មភាពប្រឆាំងដែលប្រាសចាកពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋដើម្បីសម្រេចគោលដៅនៃការផ្លាស់ប្តូររបស់ពួកគេ
ហើយនេះគឺជាសភាពការណ៍ដែលត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំ
ទោះបីត្រូវស្ងប់ស្ងាត់ហើយក្តី។ សម្តេចបន្តថា " សកម្មភាពទាំងនេះមិនទាន់បញ្ចប់ទេ
ពិតមែនតែមានភាពស្ងប់ស្ងាត់ ក៏ប៉ុន្តែត្រូវតាមសម្លឹងមើលនូវបាតដៃទី៣ ដែលកំពុងធ្វើសកម្មភាពលួចលាក់។
ចំណុចទាំងនេះ គឺដាច់ខាតមិនត្រូវឲ្យមានបដិវតន្តន៍ព័ណ៌នៅក្នុងប្រទេសកម្ពុជានោះទេ
មិនថា បដិវត្តន៍ព័ណ៌នោះ វាចេញមកពីទីណាទេ ចាំបាច់ត្រូវធ្វើសកម្មភាពបន្ទាន់ហើយ
យើងគ្មានការញញើតណាមួយចំពោះការធ្វើសកម្មភាពប្រឆាំងជាមួយនឹងក្រុមខិលខូច
ដែលមានបំណងធ្វើឲ្យកម្ពុជាធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិល ឬដណ្តើមអំណាចមិនស្របច្បាប់"។
សម្តេចតេជោង ហ៊ុន សែន បានបន្តថា ក្នុងស្មារតីទាំងអស់នេះ តម្រូវឲ្យកងយោធពលខេមរភូមិន្ទ ចាំបាច់ត្រូវធ្វើកំណែទម្រង់ឲ្យទៅជាកម្លាំងការពារជាតិដ៏រឹងមាំ
មានវិន័យម៉ឺងម៉ាត់
និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទាន់សភាពការណ៍ និងមានភាពបត់បែនគ្រប់កាលៈទេសៈ។
សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមទៀតថា នៅប្រទេសកម្ពុជា
គ្មានរបស់ដែលហៅថា អព្យាក្រឹតរវាងកម្លាំងប្រដាប់អាវុធ
ជាមួយនឹងរាជរដ្ឋាភិបាលនោះទេ។ តែសម្រាប់ការបំពានណាមួយពីគណបក្សនយោបាយ
ឬពីក្រុមណាក៏ដោយមកលើច្បាប់ មកលើរដ្ឋធម្មនុញ្ញមកលើជាតិ សាសនា ព្រះមហាក្សត្រ
មកលើរាជរដ្ឋាភិបាលនោះ កងទ័ពចាំបាច់ត្រូវមានសកម្មភាព វាយបកបន្ទាន់ ព្រោះនេះជាភារកិច្ចរបស់រាជរដ្ឋាភិបាល
ហើយរឿងនេះ ត្រូវដកពិសោធន៍ពីបដិវត្តន៍ព័ណ៌នៅប្រទេសមួយចំនួន។
សម្តេចក៏បានកោតសរសើរចំពោះនាយទាហាន នាយទាហានរង
និងពលទាហានគ្រប់ស្ថាប័ន កងយោធពលខេមរភូមិន្ទ
ដែលមិនត្រឹមតែបានគាំទ្រយ៉ាងផ្តាច់ប្តូរពេញទំហឹង និងឥតងាករេ ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ
ព្រមទាំងបទបញ្ញត្តិច្បាប់ និងបទបញ្ជាទាំងឡាយដែលរាជរដ្ឋាភិបាលបានដាក់ចេញប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងបានអប់រំខ្លួនប្រកបដោយ ការតស៊ូអត់ធ្មត់ព្យាយាមឲ្យក្លាយជាកងទ័ពដ៏មានកិត្តិយស
និងសេចក្តីថ្លៃថ្នូរ ហ៊ានធ្វើពលិកម្មដល់អាយុជីវិត ក្នុងការបំពេញបេសកម្មរបស់ខ្លួនដើម្បីជាតិ៕
អត្ថបទ៖
ច័ន្ទ ទេវី

No comments:
Post a Comment