Tuesday, June 13, 2017

កុមារ និងយុវជនខេត្តរតនៈគិរីក៏ដូចជាទូទាំងកម្ពុជាក្រោមម្លប់សន្តិភាព ទទួលបានការលើកកម្ពស់សិទ្ធិសេរីភាព និងឱកាសសិក្សាគ្រប់រូបភាព

នៅថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៧នេះ លោក​ ថង​ សាវុន​ អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានថ្លែងថា កុមារ​ និងយុវជនខេត្តរតនៈគិរី​ ក៏ដូចជាទូទាំងកម្ពុជាក្រោមម្លប់សន្តិភាព​ ទទួលបានការលើកកម្ពស់សិទ្ធិសេរីភាព​ និងឱកាសសិក្សាគ្រប់រូបភាព​។ លោកអភិបាលខេត្ត បានថ្លែងដូចនេះក្នុងពិធីសំ​ណេះសំណាលទៅកាន់លោកគ្រូ​ អ្នកគ្រូ​ សិស្សា​នុសិស្ស​ ប្រមាណជាង២,០០០​ នាក់​ ក្នុងពិធីអបអរសាទរខួបលើកទី៦៨​ ទិវាកុមារអន្តរជាតិ​ ០១​ មិថុនា​ ខួបលើកទី១៦​ ទិវាពិភពលោក​ប្រឆាំងពលកម្មកុមារ១២​ មិថុនា​ និងទិវាកុមារកម្ពុជា​ ឆ្នាំ២០១៧។

លោកអភិបាលខេត្តរតនៈគិរី​  បានបញ្ជាក់ថា​ កុមារ​ និងយុវជនគ្រប់ជនជាតិនៅក្នុងខេត្តរតនៈគិរី​ និយាយរួមនៅទូទាំងប្រទេសកម្ពុជា​ ដែលកំពុងតែជ្រកក្រោមម្លប់សន្តិភាព​ ទទួលបានការលើកកម្ពស់សិទ្ធិសេរីភាព​ និងឱកាសសិក្សាគ្រប់រូបភាព​ ក្នុងនោះឱកាសនៃការសិក្សារៀនសូត្រ​ មានលក្ខណៈទូលំទូលាយ​ និងសំបូរបែប​ ។​ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា​ ដែលមានលោក ហ៊ុន សែន​ ជានាយករដ្ឋមន្ត្រី​ កុមារកម្ពុជាទទួលបានការយកចិត្តទុក​ដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា​ តាមរយៈគោលនយោបាយយុទ្ធសាស្ត្រ​ និងកំណែទម្រង់វិស័យអប់រំ​ ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព​។​

លោកអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរចំពោះលោកគ្រូ​ អ្នកគ្រូទាំងអស់ដែលបានចូលរួមចំណែកដ៏ធំធេងក្នុងការបណ្តុះបណ្តាលធនធានមនុស្សគ្រប់កម្រិត​ និងសូមឱ្យបន្តការខិតខំប្រឹងប្រែង​ សហការជាមួយអាណាព្យាបាលសិស្ស​ អប់រំ​ លើកកម្ពស់សីលធម៌​  ការគោរពច្បាប់ផ្សេងៗ ដើម្បីឱ្យកុមារគ្រប់រូបក្លាយជាធនធានបន្តវេនប្រកបដោយគុណភាព​ និងសីលធម៌​ក្នុងការអភិវឌ្ឍប្រទេស​៕






No comments:

Post a Comment