Tuesday, June 13, 2017

ទស្សនវិភាគ៖ តើ សម រង្ស៊ី ចង់វិលត្រឡប់មកកម្ពុជាវិញក្នុងឋានៈជាអ្វី?

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកនយោបាយអង្ករកំប៉ុង សម រង្ស៊ី ដែលបាននិងកំពុងរត់គេចខ្លួនពីសាលក្រមតុលាការ បានបង្ហើរសម្តីតាមប្រព័ន្ធផ្សព្វផ្សាយ និងនៅក្នុងជំនួបជាមួយសកម្មជននិងអ្នកគាំទ្ររបស់ខ្លួននៅប្រទេសបារាំង និងចុងក្រោយនៅប្រទេសកាណាដាថា ខ្លួននឹងវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញនៅអំឡុងពេលនៃការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខ។ សម រង្ស៊ី បានលើកឡើងថា ការបោះឆ្នោតជាតិត្រូវតែមាន រូបសម រង្ស៊ី ជាដាច់ខាត ព្រោះរូបលោកជាគូរប្រកួតតែមួយគត់តទល់ជាមួយសម្តេចតេជោ ហ៊ុន សែន។ តើ សម រង្ស៊ី ប្រកាសចូលមកកម្ពុជានៅក្នុងនាមអ្វី?

១-ចូលមកកម្ពុជាក្នុងនាមជាអ្នកទោស៖ បច្ចុប្បន្ននេះ សម រង្ស៊ី បានជាប់ជំពាក់នឹងសំណុំរឿងក្តីជាច្រើននៅតុលាការ ហើយសំណុំរឿងខ្លះបានបញ្ចប់ដោយសម រង្ស៊ី ត្រូវបានរកឃើញមានពិរុទ្ធភាពចំពោះទង្វើល្មើសច្បាប់របស់ខ្លួន។ សម រង្ស៊ី បានរត់គេចចេញពីអំណាចសាលក្រមតុលាការ។ ប្រសិនបើ សម រង្ស៊ី វិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ គ្មាននរណាឃាត់ឡើយ ហើយជាមួយគ្នានេះ ពន្ធនាគារនៅរង់ចាំស្វាគមន៍ សម រង្ស៊ី ជានិច្ចពោលគឺ ២៤ ម៉ោងលើ ២៤ ម៉ោង។ ពន្ធនាគារ និងខ្នោះរង់ចាំស្វាគមន៍ សម រង្ស៊ី ព្រោះទោសដែល សម រង្ស៊ី មាននៅពេលនេះ មិនទាន់មានការលើកលែងទោសឡើយ ហើយការលើកលែងទោសទាល់តែមានព្រះរាជលើកលែងទោសពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលយោងតាមច្បាប់ត្រូវធ្វើឡើងក្រោមការក្រាបបង្គំទូលថ្វាយស្នើសុំពីនាយករដ្ឋមន្ត្រី និងបន្ទាប់ពីការវាយតម្លៃពីក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ។ ប៉ុន្តែ នាពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រកាសរួចហើយថា សម្តេចនឹងមិនស្នើសុំឱ្យលើកលែងទោសឱ្យទណ្ឌិត សម រង្ស៊ី ឡើយព្រោះសម្តេចឆ្អែតហើយជាមួយ សម រង្ស៊ី។ សម្តេចបានជួយ សម រង្ស៊ី ច្រើនណាស់មកហើយ នាពេលកន្លងទៅ ប៉ុន្តែសម រង្ស៊ី បានតបស្នងមកវិញនូវទោស។ ដូច្នេះ បើ សម រង្ស៊ី ចង់ វិលចូលមកកម្ពុជាគឺក្នុងនាមជាអ្នកទោស មិនមែនទទួលដោយកម្រាលព្រំក្រហម និងកម្រងផ្កាឡើយ ប៉ុន្តែជាមួយខ្នោះនិងច្រវ៉ាក់ដំរីនៅពន្ធនាគារ។

២-កឹម សុខា ក្នុងក្រសែភ្នែក សម រង្ស៊ី គ្មានទម្ងន់ដើម្បីប្រកួតប្រជែង៖ សម រង្ស៊ី បានអះអាងថា មានតែខ្លួនទេដែលជាគូប្រកួតតែមួយគត់ប្រឈមជាមួយសម្តេចតេជោ ហ៊ុន សែន។ ដូច្នេះនៅ ក្នុងក្រសែភ្នែករបស់ សម រង្ស៊ី កឹម សុខា មិនមានគីឡូធ្ងន់អាចប្រកួតប្រជែងជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានឡើយ។ ដូច្នេះ តើ សម រង្ស៊ី ចង់វិលត្រឡប់មកកម្ពុជាវិញក្នុងនាមជាអ្វីជាប្រធានគណបក្សសង្គ្រោះជាតិឬយ៉ាងណាក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ សម រង្ស៊ី ហាក់ដូចជាព្យាយាមបង្ហាញខ្លួន និងធ្វើសកម្មភាពជាប្រធានគណបក្សសង្គ្រោះជាតិពិតប្រាកដ ទោះបីជា សម រង្ស៊ី បានលាលែងពីប្រធានគណបក្សយ៉ាងណាក្តី។ ចុះ កឹម សុខា ដែលបច្ចុប្បន្នជាមេបក្សសង្គ្រោះជាតិជាអ្វីទៅវិញបើ សម រង្ស៊ី ជាអ្នកចាត់ចែងលើការងារបក្ស និងព្យាយាមក្នុងការរក្សាឥទ្ធិពលជាមេបក្ស គឺ កឹម សុខា គ្រាន់តែមានតួនាទីជាប្រធានបក្សទីងមោងតែប៉ុណ្ណោះ។ សំណួរអាចចោទសួរថា តើ កឹម សុខា ដែលទទួលបានពរជ័យពីទេវតាឡើងមក គ្រប់គ្រងបក្សនៅពេលនេះ សុខចិត្តចុះចេញពីប្រធានបក្ស និងលើកតំណែងនេះដាក់លើជើងពានប្រគល់ឱ្យ សម រង្ស៊ីទេ ខណៈខ្លួនបានព្យាយាមតស៊ូជាយូរមកហើយដើម្បីលេបយកបក្សសង្គ្រោះជាតិទាំងមូលដើម្បីបានតំណែងប្រធានបក្សឈរបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨។ ប៉ុន្តែក្តីសុបិន្តនេះ កំពុងត្រូវបានគំរាមកំហែងដោយ សម រង្ស៊ី។

ដូច្នេះ ការវិលត្រឡប់របស់ សម រង្ស៊ី មកកម្ពុជា បើអាចចូលមកបានគឺក្នុងនាមអ្នកទោសដែលត្រូវបានតុលាការរកឃើញថាមានពិរុទ្ធភាពចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្ត។ ប៉ុន្តែ រាស្ត្រវាយតម្លៃថា សម រង្ស៊ី មិនហ៊ានចូលស្រុកឡើយព្រោះជាមនុស្សខ្លាចគុក។ ម្យ៉ាងទៀត ប្រជារាស្ត្រក៏បានដឹងហើយថា ទោះសម រង្ស៊ី និង កឹម សុខា រួមគ្នា ក៏មិនអាចប្រកួតប្រជែងជាមួយបេក្ខភាពសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាបានឡើយ។ លទ្ធផលបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ខែមិថុនា ឆ្នាំ ២០១៧ នេះបានបង្ហាញថា ការបោះឆ្នោតនេះមានលក្ខណៈដូចគ្នាទៅនឹងការបោះឆ្នលតជ្រើសតាំងតំណាងរាស្ត្ររួចស្រេចទៅហើយ។ តាមសំឡេងឆ្នោតដែលគណបក្សប្រជាជនម្ពុជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅឆ្នាំ ២០១៧ នេះ គឺមានចំនួនជាង ៣,៥ លានសំឡេង បានកើនឡើងចំនួន ៣ សែនសំឡេងធៀបនឹងការបោះឆ្នោតឆ្នាំ ២០១៣ និងបើគណនាជាអាសនៈសម្រាប់តំណាងរាស្ត្រក្នុងក្របខណ្ឌថ្មីចំនួនតំណាងរាស្ត្រ ១២៥ រូប គឺគណបក្សប្រជាជនកម្ពុជានឹងទទួលបាន ៧១ អាសនៈ ចំណែក គណបក្សប្រឆាំងបានត្រឹម ៥៤ អាសនៈប៉ុណ្ណោះ។ មូលដ្ឋានដ៏រឹងមាំនេះ នឹងនាំគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះក្នុងការឆ្នោតសកលឆ្នាំ ២០១៨ និងបន្តដឹកនាំស្ថាប័នកំពូលៗរបស់ កម្ពុជាបន្តទៀត និងបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍសម្រាប់កម្ពុជាទាំងមូល។
ដោយ៖ ចៅ ចាក់ស្មុក

No comments:

Post a Comment