Saturday, January 08, 2022

អ្នកវិភាគចៅចាក់ស្មុក៖ ភាពជោគជ័យដ៏ត្រចះត្រចង់នៃ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសមីយ៉ាន់ម៉ា ជាការចាប់ផ្តើមនាំមកនូវក្តីសង្ឃឹម នៃការនាំសន្តិភាពជូនពលរដ្ឋមីយ៉ាន់ម៉ាឡើងវិញ

(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូនៅប្រទេសមីយ៉ាន់ម៉ា តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និងជានាយករដ្ឋមន្ត្រី នៃសាធារ ណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី៧ និងទី៨ ខែមករា ឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យដែលលទ្ធផលទទួលបានគឺមជ្ឈដ្ឋាននានាមិននឹកស្មានដល់។

មិននឹកស្មាន និងអាចខុសពីការរំពឹងទុករបស់ក្រុមជនអគតិមួយចំនួន ព្រោះក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ នេះ គឺឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បញ្ជាក់ជូនប្រធានអាស៊ានថា រដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាសបទឈប់បាញ់គ្នាជាមួយអង្គការ ប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២។

ការប្រកាសបទឈប់បាញ់នេះគឺជាជំហានដ៏សំខាន់នេះ ត្រូវបានចែងក្នុងកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។ នេះជាការចាប់ផ្តើមដ៏វិជ្ជមាន និងជាការបោះជំហានទៅមុខរបស់បណ្តាប្រទេសសមាជិកអាស៊ាន នៅក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការនាំប្រទេសមីយ៉ាន់ម៉ា វិលទៅរកប្រក្រតីភាពវិញ និងជាពិសេសកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់មិនឱ្យជីវិតពលរដ្ឋមីយ៉ាន់ម៉ាទាំងយោធា និងទាំងប្រជាពលរដ្ឋធម្មតា កុំឱ្យបន្តបាត់បង់ជីវិតរបួសស្នាម និរាសព្រាត់ប្រាស់ រត់ចោលផ្ទះសម្បែងដោយសារតែការបាញ់ប្រយុទ្ធគ្នារវាងភាគីនៅក្នុងជម្លោះប្រដាប់អាវុធ។

ការប្រកាសបទឈប់បាញ់គ្នាពីរដ្ឋាភិបាលយោធានេះគឺជាលទ្ធផលមួយដ៏សំខាន់ ហើយនាយឧត្តមសេនីយ៍ជាន់ខ្ពស់នៃប្រទេសមីយ៉ាន់ម៉ា ក៏បានអំពាវនាវដល់គ្រប់ភាគី ពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត ដែលទង្វើទាំងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកប ដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេចបាននូវសន្ថិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។ ក្នុងន័យនេះឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេស របស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាអំពីបទឈប់បាញ់ជាមួយអង្គការ ប្រដាប់អាវុធជនជាតិភាគតិច។

ការប្រកាសបទឈប់បាញ់គ្នាដោយផ្តើមពីរដ្ឋាភិបាល និងត្រូវការចាំបាច់ការចូលរួមពីភាគីពាក់ព័ន្ធនេះ គឺជាចំណុចសំខាន់នៅក្នុងដំណើរការស្វែងរកសុខសន្តិភាព ព្រោះថា តាមបទពិសោធនៅលើពិភពលោក សង្គ្រាមមិនអាចបញ្ចប់ដោយចុងកាណុងបានឡើយ គឺត្រូវឈរលើមូលដ្ឋាននៃការចរចានិងពិភាក្សាគ្នារកដំណោះស្រាយ។ សម្តេចតេជោ ហ៊ុន សែន បានស្គាល់ច្បាស់ និងមានបទពិសោធយ៉ាងជ្រាលជ្រៅលើកិច្ចការនេះ ព្រោះសម្តេចបានចាប់ផ្តើមសង្គ្រោះជាតិ និងប្រជាជនដោយយកជីវិតធ្វើដើមទុន និងបានដឹកនាំការចរចា ក្នុងការស្វែងរកសន្តិភាពជូនកម្ពុជា ហើយអ្វីដែលពិភពលោកទទួលស្គាល់នោះគឺសម្តេចតេជោជាស្ថាបនិកនៃសន្តិភាពកម្ពុជា តាមរយៈការដាក់ចុះគោលនយោបាយឈ្នះឈ្នះដើម្បីបញ្ចប់សង្គ្រាមនាំយកសុខសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដីសម្រាប់ជាតិនិងប្រជាជនកម្ពុជា និងធ្វើឱ្យកម្ពុជាមានរដ្ឋធម្មនុញ្ញតែមួយ មានរាជរដ្ឋាភិបាលតែមួយ មានកងកម្លាំងប្រដាប់អាវុធតែមួយដែលមិនធ្លាប់មានសោះរយៈពេលជាង ៥០០ ឆ្នាំចុងក្រោយក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

នៅក្នុងកិច្ចប្រជុំជាមួយប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចែករំលែកអំពីភាពជោគជ័យនៃគោលនយោបាយ ឈ្នះ-ឈ្នះរបស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។ សម្តេចតេជោក៏បានសង្កត់ធ្ងន់ថា តាមបទពិសោធ និងមេរៀនដែលកម្ពុជាទទួលបានពីដំណើរការសន្តិភាព, សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ក្នុងស្មារតីនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានធានាការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា និងការជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ដោយពិចារណាទៅលើស្ថានការណ៍ជាក់ស្តែងនៅមីយ៉ាន់ម៉ា។

គ្រប់ភាគីទាំងអស់ចាំបាច់ត្រូវចូលរួមគោរពបទឈប់បាញ់គ្នានេះ ព្រោះជាការចូលរួមការពារអាយុជីវិតមនុស្ស និងមិនបង្កឱ្យមានការឈឺចាប់ និងការសងសឹកគ្នា។ ការថែរក្សាបាននូវបទឈប់បាញ់គ្នានេះ នឹងធ្វើមូលដ្ឋានគ្រឹះនៃដំណើរការស្វែងរកសន្តិភាព និងការផ្សះផ្សារបង្រួបបង្រួមជាតិ និងការកសាងឯកភាពជាតិកាន់តែមានភាពរឹងមាំ ហើយអាចនឹងផ្តល់ឱ្យគ្រប់ភាគីទាំងអស់ អង្គុយក្នុងតុចរចារួមគ្នាបង្កើតការយោគយល់គ្នា ដើម្បីរកដំណោះស្រាយពេញលេញលើជម្លោះកើតឡើង។

នរណាដែលប្រឆាំងនឹងបទឈប់បាញ់នេះ គឺជាការបំផ្លាញអាយុជីវិតមនុស្ស និងជាការបង្ហាញពីចេតនានៃការចិញ្ចឹមជម្លោះនៅមីយ៉ាន់ម៉ា និងជាការកេងចំណេញផ្នែក នយោបាយសម្រាប់ផលប្រយោជន៍ និងកំពុងតែរុញច្រានប្រទេសមីយ៉ាន់ម៉ា ឱ្យចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលពេញទំហឹង ដែលមហន្តរាយនៃការស្លាប់បាត់បង់ជីវិតមនុស្ស ក្នុងនោះមាន ស្ត្រីនិងកុមារកាន់តែច្រើន។

ជាមួយគ្នានេះដែរ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសមីយ៉ាន់ម៉ា ក៏បានទទួលភាពជោគជ័យក្នុងការពង្រឹងប្រសិទ្ធភាព នៃការផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជនមីយ៉ាន់ម៉ាជា ពិសេសប្រជាជនដែលកំពុងត្រូវការជំនួយបំផុតថ្នាក់ដឹកនាំកម្ពុជា និងមីយ៉ាន់ម៉ា បានគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ រួមមានប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ានតំណាងមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងក្រុមការងារថ្នាក់ជាតិ ដើម្បីសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌ តាមរយៈមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ សង្គមកាកបាទក្រហមមីយ៉ាន់ម៉ា និងភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធ។

ភាគីទាំងពីរបានទទួលស្គាល់នូវសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើតឱ្យមានយន្តការ និងហេដ្ឋារចនាសម្ព័ន្ធសមស្រប ដើម្បីអនុវត្តកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស្របជាមួយនឹងការផ្ដល់ជំនួយមនុស្សធម៌ ឱ្យមានប្រសិទ្ធភាពដល់ប្រជាជនដែលត្រូវការបំផុត ដោយគ្មានការរើសអើង ដោយហេតុថា គ្មានអ្វីដែលសំខាន់ជាងការជួយសង្គ្រោះជីវិតមនុស្សនោះឡើយ។

ជំនួយមនុស្សធម៌គឺជាតម្រូវការចាំបាច់បំផុតសម្រាប់ប្រជាជនមីយ៉ាន់ម៉ាដែលរត់ភៀសខ្លួន និងប្រជាពលរដ្ឋដទៃទៀត។ គ្រប់ភាគីទាំងអស់មិនត្រូវបំផ្លាញកិច្ចខិតខំ ប្រឹងប្រែងនេះឡើយ ព្រោះពលរដ្ឋដែលងាយរងគ្រោះកំពុងដង្ហោយស្វែងរកជំនួយ។ ប្រសិនបើជនទាំងឡាយណាប្រឆាំងនឹងការផ្តល់ជំនួយមនុស្សធម៌នេះ នោះអ្នកទាំងនោះគឺជាអ្នកដែលចង់ឱ្យប្រជាពលរដ្ឋស្លាប់ដោយអត់បាយ និងថ្នាំសង្កូវព្យាបាល ដែលនេះគឺជាការធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ារងគ្រោះទ្វេដង គឺរងគ្រោះទាំងជម្លោះប្រដាប់អាវុធ និងការអត់អាហារ និងគ្មានថ្នាំសង្កូវ។

តាមរយៈភាពជោគជ័យដ៏ត្រចះត្រចង់នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសមីយ៉ាន់ម៉ានេះ គឺជាការផ្តល់នូវក្តីសង្ឃឹមថ្មីដល់ពលរដ្ឋមីយ៉ាន់ម៉ា ហើយរំពឹងថាពិភពលោកនឹងអបអរសាទរនិងចូលរួមគោរពលទ្ធផលផ្លែផ្កានេះ ដើម្បីបន្តដំណើរដ៏វែងឆ្ងាយបន្ថែមទៀតក្នុងការនាំប្រទេសមីយ៉ាន់ម៉ា ទៅរកប្រក្រតីភាពឡើងវិញ និងធ្វើឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មានសាមគ្គីភាពខ្ពស់ ព្រមទាំងរក្សាបាននូវគោលការណ៍កង់សង់ស៊ីស និងគោលការណ៍អាស៊ាន១០ដែលជាមូលដ្ឋានគ្រឹះ នៃភាពរឹង មាំរបស់ប្រជាជាតិមួយនេះ។ សូមអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមគំនិតដ៏មានតម្លៃសម្រាប់ការកសាងសន្តិភាព ការផ្សះផ្សាជាតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕

ដោយ៖ ចៅចាក់ស្មុក

រាជធានីភ្នំពេញ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២













No comments:

Post a Comment