បន្ទាប់ពីឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហោះសារខ្លីមួយតាមរយៈបណ្ដាញសង្គមហ្វ៊េសប៊ុករបស់លោក ថា« លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពុំមានជាប់សាច់ញាតិជាមួយឯកឧត្តមបណ្ឌិតរដ្ឋជាម យៀប ដែលជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ហើយលោកនឹងព្រមានចាត់វិធានការតាមច្បាប់ ប្រសិនបើ លោកខឹម វាសនា ដើរអះអាង និងប្រើប្រាស់ឈ្មោះដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះ» ជាការឆ្លើយតបនឹងសារដែលបានបង្ហោះនេះ លោកខឹម វាសនា ប្រធានគណបក្សសំឡេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP បានប្រតិកម្មតបវិញថា ការប្រកាសរបស់លោកគឹម សន្តិភាពនេះ ជាការជួយរូបលោកទៅវិញទេ ក្នុងការលុបបំបាត់បុគ្គលលាបពណ៌។
លោក ខឹម វាសនា បានចំអកវិញដោយចង់បញ្ជាក់ថា លោកមិនជាប់សាច់ឈាមអ្វីជាមួយឯកឧត្តម ជាម យៀបទេ ដោយលោក ខឹម វាសនា ពន្យល់ថា ការដែលលោក គឹម សន្តិភាព កូនប្រសាររបស់លោក ជាម យៀប ចេញមកធ្វើការអះអាងបែបនេះ គឺដូចជាជួយរូបលោក ដើម្បីឲ្យប្រជាពលរដ្ឋដែលជឿលើឥទ្ធិពលនៃការលាបពណ៌បានជ្រះស្រឡះ ព្រោះមានមនុស្សច្រើនណាស់ដែលលាបពណ៌ថារូបលោកជាក្មួយរបស់លោកជាម យៀប។
លោកខឹម វាសនា បានឲ្យដឹងទៀតថា លោកគាំទ្រចំពោះពាក្យសម្ដីដែលលោកគឹម សន្តិភាព បានលើកឡើងថា បើសិនរូបលោកបានយកឈ្មោះរបស់លោក ជាម យៀម ទៅប្រើប្រាស់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន សូមឲ្យសមត្ថកិច្ចចាត់វិធានការចុះ។ លោកក៏បានបញ្ជាក់ដែរថា ប្រសិនបើមនុស្សខូចដើរយកឈ្មោះគេលាបពណ៌បែបនោះ គឺសមនឹងចាត់វិធានការ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០១៥ ឯកឧត្តម គឹម សន្តិភាព អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ បានសរសេរនៅលើបណ្ដាញសង្គមហ្វ៊េសប៊ុកផ្ទាល់ខ្លួនលោកថា « សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា លោក ខឹម វាសនា ពុំមានជាប់សាច់ញាតិជាមួយឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ទេ!កន្លងមកតែងតែមានការភ័ន្តច្រលំលើករណីនេះ!តែបើបុគ្គល ខឹម វាសនា ដើរអះអាង ឬប្រើប្រាស់ឈ្មោះឯកឧត្តមបណ្ឌិតរដ្ឋដើម្បីការពារខ្លួន ឬដើម្បីផលប្រយោជន៏អ្វីមួយរបស់ខ្លួននោះ សូមសមត្ថកិច្ចមេត្តាចាត់វិធានការ តាមផ្លូវច្បាប់!»។
សម្តីនេះហើយ ដែលបណ្តាលឲ្យ លោក ខឹម វាសនា ចេញមុខមកបកស្រាយ ប៉ុន្តែ គេនៅមិនទាន់ដឹងថា តើមានហេតុផលអ្វីពីខាងដើម ដែលបណ្តាលឲ្យ ឯកឧត្តម គឹម សន្តិភាព បង្ហោះខ្លឹមសារពាក់ព័ន្ធជាមួយនឹងលោក ខឹម វាសនា និងនាំឲ្យមានការឆ្លើយឆ្លងដាក់គ្នានេះទេ។
បន្ទាប់ពីមានការឆ្លើយឆ្លងដោយពាក្យសម្តីដាក់គ្នា គេបានឃើញថា អ្នកគាំទ្រ លោក ខឹមវាសនា ចេញមកគាំទ្រមេបក្សរបស់គេតាមប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុក ប៉ុន្តែ ឯកឧត្តម គឹម សន្តិភាព បានបន្តឆ្លើតតបវិញថា មិននឹកស្មានថាសកម្មជនLDP ពូកែជេរគ្រាន់បើ! សូមបើកភ្នែកអោយធំ សម្លឹងមើលអត្ថន័យរបស់ខ្ញុំអោយបានច្បាស់លាស់! ត្រង់ណាដែលថាខ្ញុំចោទប្រធានLDP នោះ?
សូមមើលអត្ថន័យសម្តីរបស់ខ្ញុំនៅលើFacebook page ខ្ញុំ! សូមកុំច្រលំនឹងសម្តីរបស់សារពត៌មាន!

No comments:
Post a Comment