
សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ក្រើនរំលឹកជាថ្មីទៀត
ដល់មន្ត្រីរាជការឲ្យឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល និងព្យាបាលជាប្រចាំ
ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣
ដែលរាជរដ្ឋាភិបាលអាណត្តិទី៥ នៃរដ្ឋសភា បានប្រកាសដាក់ចេញ
កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើដំបូង។
ជាមួយគ្នានោះសម្តេចតេជោ ក៏បានចាត់ទុកវិស័យសារព័ត៌មានថា ជាកញ្ចក់មួយ
តែសុំឲ្យកញ្ចក់នោះឆ្លុះឃើញរូបពិត។
ទាក់ទងនឹងបញ្ហាឆ្លុះកញ្ចក់នេះ
នៅក្នុងសន្និសីទជាតិផ្សព្វផ្សាយច្បាប់គោលទាំង៣
ដែលមានគោលដៅកែទម្រង់ប្រព័ន្ធតុលាការកម្ពុជា រួមមាន «ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម
និងព្រះរាជអាជ្ញា» «ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ» និង«ច្បាប់ស្តីពីការរៀបចំ
និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម» នៅថ្ងៃទី១៦ ខែធ្នូ
ឆ្នាំ២០១៤ សម្តេចតេជោបានមានប្រសាសន៍ថា “នៅចាំ? ប្រហែលជាមន្ត្រីរបស់យើង មួយចំនួន
អាយុលើសពី ៦០ (ឆ្នាំ) ធ្លាប់រៀននៅភ្នំពេញ ធ្លាប់ទៅលេងនៅវត្តភ្នំ។ ហ្អែ!!!
អាកញ្ចក់ហ្នឹងដូចនៅបាត់អស់ហើយ មានកញ្ចក់ប្រហែលជា ៤-៥ អាកញ្ចក់ខ្លះឈរទៅ
និយាយពីតូចឡើងលើ, កញ្ចក់ខ្លះវាតឿ, កញ្ចក់ខ្លះវាធាត់, កញ្ចក់ខ្លះវាស្គម អីចឹងទេ
សូមឲ្យអាកញ្ចក់ដែលឆ្លុះមកនេះ មានអី បើមុខ ហ៊ុន សែន ឲ្យច្បាស់ជា ហ៊ុន សែន
អាហ្នឹងជា តួនាទីរបស់កញ្ចក់ តើបើមិនចឹងទេ តែបើមកទៅឆ្កុយ ទៅឯណាណោះទៅ
អាហ្នឹងត្រូវប្រយ័ត្នប្រយែងបន្ត”។
សម្តេចតេជោបានបញ្ជាក់ថា
"យើងបានសរសេរចូលទៅក្នុងយុទ្ធសាស្ត្រចតុកោណ ដែលមាន (ឆ្លុះកញ្ចក់
ងូតទឹក ដុះ ក្អែល និងព្យាបាល) អីចឹង ងូតទឹក ដុះក្អែល និងព្យាបាល
នឹងធ្វើខ្លួនឯង ប៉ុន្តែកញ្ចក់ត្រូវមានមតិដទៃ
ដែលឆ្លុះបញ្ចាំងឲ្យយើងក្នុងហ្នឹងតួនាទី ក៏កាន់តែសំខាន់ឡើងៗ
សម្រាប់យើងដែរ ប៉ុន្តែអ្វីដែលសុំស្នើ គឺកញ្ចក់ត្រូវច្បាស់ជាកញ្ចក់ឆ្លុះ
មកឲ្យច្បាស់ជារូបពិត បើប្រឡាក់ភក់ ឲ្យពិតជាប្រឡាក់ភក់ បើអត់ប្រឡាក់ទេ
ឲ្យពិតជាអត់ប្រឡាក់ កុំលេងកញ្ចក់ វ័ធធ្មុង សម័យមុន កុំលេងឲ្យសោះ”។
សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា
ច្បាប់ទាំងបីនេះ («ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម
និងព្រះរាជអាជ្ញា» «ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ» និង«ច្បាប់ស្តីពីការរៀបចំ
និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម») ជាប្រភេទច្បាប់រៀបចំអង្គការ
ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
និងត្រូវបានចាត់ទុកជាច្បាប់មូលដ្ឋានដ៏មានសារៈសំខាន់សំដៅធានាពង្រឹងឯករាជ្យនៃអំណាចតុលាការ
និងធានាឲ្យអំណាចតុលាការ នេះមានដំណើរការប្រព្រឹត្តទៅបានល្អប្រសើរ
សំដៅលើកកម្ពស់ការ ផ្តល់សេវាយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋ
ស្របតាមគោលការណ៍នៃនីតិរដ្ឋ
ឆ្លើយតបទៅនឹងបញ្ហាកង្វះខាតនៃការផ្តល់សេវាសាធារណៈ និងសេវាយុត្តិធម៌
ដែលនៅក្នុងរយៈពេលកន្លងមកនេះ សេវានេះ នៅមិនទាន់ទទួលបានជំនឿទុកចិត្តពេញលេញពីសំណាក់មហាជននៅឡើយ។
សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា
ខ្ញុំមានជំនឿយ៉ាងមុតមាំថា
ច្បាប់មូលដ្ឋានទាំងបីនេះនឹងធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន
នៅក្នុងវិស័យតុលាការ សំដៅធ្វើឲ្យការផ្តល់សេវាយុត្តិធម៌ជូនដល់ប្រជាជនកាន់តែ
មានភាពល្អប្រសើរឡើង និងកាន់តែមានការជឿទុកចិត្តខ្លាំងឡើង។
សម្តេចតេជោមានប្រសាសន៍ថា ជារួមការសម្រេចបាននូវច្បាប់មូលដ្ឋានទាំងបី
នៅដើមនីតិកាលទី៥នៃរដ្ឋសភានេះគឺបានបង្ហាញឲ្យឃើញ
យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តដ៏មោះមុត
របស់រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តន៍ការងារកែទម្រង់ស៊ីជម្រៅ
របស់ខ្លួននៅក្នុងវិស័យយុត្តិធម៌ សំដៅពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋ។
សម្តេចតេជោមានប្រសាសន៍បន្តថា
ច្បាប់មូលដ្ឋានទាំងបី នេះនឹងបង្កើតឲ្យមានអភិក្រមមួយច្បាស់លាស់
និងរឹងមាំបន្ថែមទៀត ដើម្បីពង្រឹងឯករាជ្យភាពនៃអំណាចតុលាការ
ស្របតាមស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
ព្រមទាំងអាចធ្វើឲ្យសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី
នៅគ្រប់ជាន់ថ្នាក់អាចមានដំណើរការ ប្រព្រឹត្តទៅបានល្អប្រសើរ
ជាពិសេសការលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព
និងការបង្កើនជំនឿទុកចិត្តរបស់សាធារណជនមកលើការផ្តល់សេវាសាធារណៈ
ក្នុងវិស័យមួយនេះ។
ពាក់ព័ន្ធនឹងគម្រោងការបង្កើតសាលាឧទ្ធរណ៍តាមភូមិភាគ
សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ពន្យល់ថា ដោយសារកន្លងមកសំណុំរឿង២៤
ខេត្តក្រុង ត្រូវបញ្ចូលមកសាលាឧទ្ធរណ៍តែមួយហើយកកស្ទះនៅកន្លែងហ្នឹង
បូកបន្ថែមដោយប្រជាពលរដ្ឋរបស់យើងធ្វើដំណើរផ្លូវឆ្ងាយណាស់
អញ្ចឹងទេតម្រូវការឱ្យមានការៀបចំសាលាឧទ្ធរណ៍ទៅតាម ភូមិភាគ។
ឥឡូវនេះវាក៏ទៅជាមួយគ្នាផងដែរ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម
ដែលមុននេះប្រធានសាលាឧទ្ធរណ៍ និងអគ្គព្រះរាជអាជ្ញា
អមសាលាឧទ្ធរណ៍ក៏ជាសមាជិកស្វ័យប្រវត្តិ
ឥឡូវមិនមែនជាសមាជិកស្វ័យប្រវត្តិទៀតទេ
គឺត្រូវឆ្លងកាត់តាមរយៈការបោះឆ្នោត។ ឧទាហរណ៍
យើងបង្កើតឱ្យមានសាលាឧទ្ធរណ៍ប្រចាំខេត្តបាត់ដំបង
ដែលអាចដោះស្រាយសំណុំរឿងនៅបាត់ដំបងខ្លួនឯង ពោធិ៍សាត់ ប៉ៃលិន
និងបន្ទាយមានជ័យ ដូច្នេះធ្វើឱ្យប្រជាជនយើងដែលធ្លាប់តែឡើងមកទីក្រុងភ្នំពេញដ៏លំបាកនេះ
គឺកាត់បន្ថយ ហើយបញ្ហានេះច្បាស់ណាស់ថា
ផ្នែកខាងរដ្ឋក៏ទាមទារនូវការរៀបចំនូវកញ្ចប់ថវិកា
ដើម្បីដាក់ឱ្យដំណើរការកសាងជាបណ្ដើរៗ
នៅសាលាជម្រះក្ដីថ្នាក់ឧទ្ធរណ៍នេះផងដែរ។
ក្នុងសន្និសីទដែលរៀបចំដោយក្រសួងយុត្តិធម៌
និងសហការឧបត្ថម្ភដោយកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់
ដើម្បីផ្សព្វផ្សាយច្បាប់ទាំងបីខាងលើនេះ សម្តេចតេជោបានមានប្រសាសន៍ថា
ខ្ញុំសូមអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន
សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល សូមមេត្តាផ្តល់កិច្ចសហការ
និងគាំទ្រដល់ក្រសួងយុត្តិធម៌ក្នុងដំណើរការងារ
របស់ខ្លួនឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។
ខ្ញុំក៏សូមអំពាវនាវឲ្យដៃគូរបស់យើងមេត្តាបន្តផ្តល់ការយកចិត្តទុកដាក់ថែមទៀត
នូវការឧបត្ថម្ភគាំទ្រដល់ការងារលើកកម្ពស់សមត្ថភាពស្ថាប័ន
និងមន្ត្រីអនុវត្តន៍ច្បាប់សម្រាប់ធានាសម្រេចបានការផ្តល់សេវាសាធារណៈ
និងសេវាយុត្តិធម៌មួយពេញលេញ មានសមធម៌ និងជឿទុកចិត្តបាន៕


No comments:
Post a Comment