ក្នុងឱកាសនៃជំនួប ឯកឧត្តម Cherdkiat Attharkor ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលចប់បេសកកម្មការទូត បានកោតសរសើរការរីកចម្រើនលើវិស័យជាច្រើននៅកម្ពុជា រួមទាំងការរក្សាបាននូវស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ក្រោយវិបត្តិកូវីដ-១៩។ ឯកឧត្តម ឯកអគ្គរាជទូត បានសម្ដែងនូវសេចក្ដីសោមនស្ស ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសការដំឡើងកម្រិតទំនាក់ទំនងថៃ-កម្ពុជា ដល់ភាពជាដៃគូយុទ្ធសាស្រ្ត ក្រោមការដឹកនាំរបស់សម្តេចធិបតី និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងអាណតិ្តការទូតរបស់ឯកឧត្តម។
សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានដំឡើងកម្រិតទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនៅប្រទេសថៃ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។ សម្តេចធិបតី និងឯកឧត្តមឯកអគ្គរាជទូតក៏បានផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបតិ្តការលើវិស័យមួយចំនួនដែលផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរ មានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និងសន្តិសុខ៕
No comments:
Post a Comment