Friday, September 20, 2024

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រី និងពុទ្ធបរិស័ទជិតឆ្ងាយ ប្រារព្វពិធីកាន់បិណ្ឌ នៅវត្តប៉ាកណាម ដែលក្រុមប្រឆាំងចោទប្រកាន់ថា វត្តស្ថិតក្នុងទឹកដីប្រទេសវៀតណាម




កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី សីលវ័ន សិលវតី ប្រជាពុទ្ធបរិស័ទ្ធជាច្រើនកុះករ បានផ្តួចផ្តើមគំនិតនាំយកនូវបច្ច័យ និងទេយ្យវត្ថុនានាយកទៅប្រគេនព្រះសង្ឃ ក្នុងពិធីកាន់បិណ្ឌវេនទី២ ក្នុងទីអារាមវត្ត ប៉ាកណាម ស្ថិតនៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ។


ឯកឧត្តម គួច ចំរើន និងអ្នកចូលរួម បានអុជទាន ធូប ថ្វាយផ្កាភ្ញី និងការសូត្រធម៌ស្វាធ្យាយ ជយន្តោ សូត្រមន្ត និងការប្រោះព្រំចំរើនព្រះបរិត្ត តាមគន្លងព្រះពុទ្ធសាសនា ដែលមានព្រះសង្ឃនិមន្តចូលរួមប្រមាណជិត៤០អង្គ បានញ៉ាំងឱ្យបរិវេនវត្តប៉ាកណាម មានសភាព អ៊ូអរ អធិកអធ័មជាខ្លាំង។


បន្ទាប់ពីបានប្រគេនបច្ច័យកាន់បិណ្ឌរួចហើយ ឯកឧត្តម គួច ចំរើន ក៏បានផ្តល់នូវកិច្ចសម្ភាសន៍ពិសេសជូនសារព័ត៌មានជាច្រើនស្ថាប័នដែលបានចុះទៅថតផ្តិតផ្ទាល់នៅក្នុងពិធីបុណ្យ ជាមួយនឹងការបញ្ជាក់យ៉ាងច្បាស់លាស់ នូវទីតាំងវត្តប៉ាកណាម ដែលជាវត្តខ្មែរ គឺស្ថិតក្នុងអធិបតេយ្យភាពទឹកដីខ្មែរ និងមានការសាងសង់ព្រះវិហារ និងសាលាធម្មសភា  និងមានទាំងពុទ្ធកសិក្សាជាថ្នាលពង្រឹងនូវព្រះធម៌ ព្រះវិន័យ សម្រាប់ព្រះសង្ឃសិក្សា បដិបត្តិ និងថែមទាំងមានការទំនុកបម្រុងព្រះសង្ឃរៀនសូត្រ ដោយព្រះចៅអធិការវត្ត និងសប្បុរសជនបានដ៏ល្អបំផុត។


វត្តមាននៃការរួបរួមជួបជុំគ្នាធ្វើបុណ្យកាន់បិណ្ឌ ក៏ជាសារមួយដ៏មានសារៈសំខាន់ បញ្ជាក់ជូនសាធារណជនទាំងក្នុងនិងក្រៅប្រទេសថា សូមកុំបន្តចាញ់បោកការបង្ហោះផ្សាយ ភូតកុហក បោកប្រាស់របស់ក្រុមប្រឆាំងមួយចំនួនដែលបានប្រឌិតរឿងថា វត្តប៉ាកណាម ត្រូវបានបាត់បង់ ដោយសារប្រទេសជិតខាងរំលោភទន្ទ្រានកាន់កាប់  តែការពិត វត្តប៉ាកណាម នៅតែជាវត្តរបស់ខ្មែរ និងបង្គោលព្រំដែនដែលនៅចម្ងាយពីវត្តជិត១គីឡូម៉ែត្រ មានបង្គោលព្រំដែនច្បាស់លាស់ ដែលបានបន្សល់ទុកនៅតាំងពីសម័យបារាំងមកម៉្លេះ គឺបង្គោល កម្ពុជា - កូសាំងស៊ីន ដ៏រឹងមាំ គ្មានប្រទេសណាមួយរំលោភលើអធិបតេយ្យប្រទេសណាបានឡើយ៕









No comments:

Post a Comment