នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គយាងជាព្រះជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតអុជទានជ័យ នៅវិមានឯករាជ្យ ក្នុងពិធីខួបលើកទី៦១ ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣‑ ៩ វិច្ឆិកា ឆ្នាំ២០១៤។
នៅក្នុងខួបនៃបុណ្យឯរាជ្យជាតិដ៏ឱឡារិកនេះ ក៏មានការនិមន្ត យាង និងអញ្ជើញចូលរួមពីសម្តេចព្រះមហាសង្ឃរាជ្យទាំងពីរគណៈ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល បណ្តាស្ថានឯកអគ្គរដ្ឋទូត រាជទូតប្រចាំនៅកម្ពុជា ព្រះសង្ឃ សិស្ស និស្សិត ប្រជាពលរដ្ឋ និងកងយោពលខេមរភូមិន្ទយ៉ាងច្រើនកុះករ។
ខួបអនុស្សាវរីយ៍លើកទី៦១ នៃទិវាបុណ្យឯករាជ្យជាតិ ក៏ត្រូវបានរំលឹកអំពីស្នាព្រះហស្ត និងគុណូបក្ការៈ របស់អតីព្រះមហាក្សត្រ និងអតីយុទ្ធជន ដែលបានដឹកនាំកម្លាំងចលានាតស៊ូ ពលីជីវិតដើម្បីជាតិមាតុភូមិ រហូតបានដណ្តើមបាននូវឯករាជ្យភាពជាតិពេញបរិបូរណ៍ពីអានានិគមនិយម និងក៏ជាថ្ងៃបង្កើតឡើងនូវកងយោធពលខេមរភូមិន្ទជាតិកម្ពុជាផងដែរ ។
ដោយអនុវត្តតាមស្មារតីបង្រួបបង្រួមជាតិ និងក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តម ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ប្រកបដោយចីរភាព រាជរដ្ឋាភិបាលកម្ពុជា បេ្តជ្ញាការពារជានិច្ចនូវស្នាព្រះហស្ត ដែលអតីតព្រះមហាក្សត្របានបន្សល់ទុក និងបន្តកសាងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចំរើនរុងរឿងថែមទៀត ដើម្បីបង្កឲ្យមានបរិយាកាស សប្បាយរីករាយ សុខសន្តិភាព សណ្តាប់ធ្នាប់សង្គមឲ្យបានស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍តរៀងទៅ៕

No comments:
Post a Comment