Saturday, February 11, 2023

វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ាក់-អ៉ីរ៉ង់ និងមេរៀនសម្រាប់អ៊ុយក្រែន

 

(វ៉ាស៊ីនតោន)៖ អស់រយៈពេលជាង ១១ខែមកនេះចាប់តាំងពីរុស្ស៉ីបានចូលឈ្លានពានអ៊ុយក្រែនមក មានមនុស្សជាច្រើនបានប្រៀបធៀបសង្រ្គាមនេះទៅ​នឹងសង្រ្គាមលោកលើកទី១ សង្រ្គាមកូរ៉េ សង្រ្គាមណាប៉ូឡេអុង និងសង្រ្គាមលោកលើកទី២។ ក៏ប៉ុន្តែ មានសង្រ្គាមមួយដែលគេមិនសូវយកមកប្រដូចនឹងសង្រ្គាមនៅអ៊ុយក្រែន នោះគឺសង្រ្គាមអ៉ីរ៉ាក់-អ៉ីរ៉ង់ ហើយ ដែលសង្រ្គាមនេះអាចផ្ដល់មេរៀនជាច្រើនខាងយុទ្ធសាស្ត្រ។ សង្រ្គាមអ៉ីរ៉ាក់-អ៉ីរ៉ង់ពីឆ្នាំ១៩៨០ ដល់ ឆ្នាំ១៩៨៨ បានបង្កការបំផ្លិចបំផ្លាញយ៉ាងសម្បើម និងបណ្ដាលឱ្យមនុស្សជាង ១លាននាក់បាត់បង់ជីវិត មានទាំងការប្រើប្រាស់អាវុធគីមី ព្រមទាំងបង្កអស្ថិរភាពដល់តំបន់មជ្ឈិមបូព៌ាទាំងមូល។


* ភាពប្រទាក់ក្រឡាគ្នានៃសង្រ្គាមទាំង២

សង្រ្គាមអ៉ីរ៉ាក់-អ៉ីរ៉ង់ និងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែនមានភាពប្រទាក់ក្រឡាគ្នាច្រើន លើកលែងបច្ចេកវិទ្យាអាវុធបច្ចុប្បន្ន និងកាលពីអតីតកាលតែប៉ុណ្ណោះ។ សង្រ្គាមទាំងនេះធ្វើឡើង នៅក្រោមទម្រង់នៃការវាយលុកយ៉ាងលឿនរហ័ស និងប្រតិបត្តិការវាយបកដើម្បីដណ្ដើមកាន់កាប់ទឹកដី។ អ៉ីរ៉ាក់បានដណ្ដើមកាន់កាប់ទឹកដីមួយផ្នែកធំ ហើយបានបិទព្រំដែនជាមួយ អ៉ីរ៉ង់ក្នុងឆ្នាំ១៩៨០ ក៏ដូចជាដណ្ដើមបានតំបន់មួយចំនួនទៀតដូចជា ម៉ារីវ៉ាន់ (Marivan) ម៉េរ៉ាន់ (Mehran) និងស្ទើរតែកាន់កាប់បានតំបន់ អាវ៉ាស់ (Ahwaz) ស្ថិតនៅចម្ងាយ ៨០គីឡូម៉ែត្រ ចូលទៅក្នុងទឹកដីអ៉ីរ៉ង់ នៅប៉ុន្មានថ្ងៃដំបូងនៃសង្រ្គាម។ ក៏ប៉ុន្តែ អ៉ីរ៉ង់បានពង្រឹងការការពារនៅប៉ុន្មានខែដំបូងនៃឆ្នាំ១៩៨១ ហើយបានវាយរុញច្រានកងទ័ពអ៉ីរ៉ាក់ នៅខែមីនា ឆ្នាំបន្ទាប់។

ដូចគ្នានេះដែរ ក្រោយកងទ័ពរុស្ស៉ីបើកការឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ពួកគេបានវាយរុលទៅមុខយ៉ាងរហ័សស្ទើរតែជិតទៅដល់ទីក្រុងកៀវ ក្នុងរយៈពេល ប៉ុន្មានថ្ងៃ រហូតដល់ធ្វើឱ្យក្រុមអ្នកវិភាគខ្លះថាទីក្រុងកៀវនឹងធ្លាក់ចូលកណ្ដាប់ដៃរុស្ស៉ីត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ។ ក៏ប៉ុន្តែ ដូចគ្នាទៅនឹងកងទ័ពសាដាំ ហូសេន កងទ័ពរបស់លោក ពូទីន ត្រូវបានកងទ័ពអ៊ុយក្រែនវាយឱ្យដកថយចេញពីតំបន់ក្បែររដ្ឋធានីកៀវ ហើយបានដឹកនាំប្រតិបត្តិការវាយបកដណ្ដើមទឹកដីដោយជោគជ័យជាបន្តបន្ទាប់ នៅចន្លោះពីខែកញ្ញា ដល់ខែតុលា ឆ្នាំ២០២២។ នៅក្រោយដំណាក់កាលដំបូងនៃសង្រ្គាមនេះ រុស្ស៉ី និងអ៊ុយក្រែនសុទ្ធតែបានផ្លាស់ប្ដូរយុទ្ធសាស្ត្ររៀងៗខ្លួន រីឯសង្រ្គាមត្រូវជាប់គាំងដោយកងទ័ពទាំង២ បានផ្ដោតសំខាន់លើសង្រ្គាមលេណ្ឋដ្នាន ដូចគ្នាទៅនឹងសង្រ្គាមអ៉ីរ៉ាក់-អ៉ីរ៉ង់ដែលកងទ័ពនៃប្រទេសទាំង២ ប្រើកាំភ្លើងធំធុនធ្ងន់បាញ់ដាក់គ្នាទៅវិញទៅមក ដោយធ្វើឱ្យគេប្រៀបធៀប សង្រ្គាមនៅពេលនោះទៅនឹងសង្រ្គាមលោកលើកទី១។ ក្នុងឆ្នាំ២០២២ អ៊ុយក្រែន និងរុស្ស៉ី បានជីកលេនដ្ឋានជាច្រើននៅឯតំបន់សមរភូមិ ស្ថិតនៅភាគខាងត្បូង និងភាគខាងកើត នៃប្រទេសអ៊ុយក្រែន ហើយផ្ដោតលើការប្រើកាំភ្លើងធំ។

មីស៊ីលរបស់អ៉ីរ៉ាក់ និងអ៉ីរ៉ង់ ដែលបានវាយប្រហារលើជនស៊ីវិលនៅទូទាំងប្រទេសទាំង២ ឬគេហៅថា «សង្រ្គាមក្នុងទីក្រុង» និងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងនៅក្នុង តំបន់ច្រកសមុទ្រ ហ័រមូស (Hormuz) ដែលគេហៅថា «សង្រ្គាមបំផ្លាញកប៉ាល់ដឹកប្រេង» បានឆ្លុះបញ្ចំងពីសង្រ្គាមរុស្ស៉ី-អ៊ុយក្រែនសព្វថ្ងៃ។ រុស្ស៉ីបានព្យាយាមបំបាក់ស្មារតីប្រជាជន អ៊ុយក្រែន និងបង្កភាពស្មុគស្មាញដល់កងទ័ពអ៊ុយក្រែន តាមរយៈការបាញ់ផ្លោងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់នៅតាមទីក្រុងជាច្រើននៅទូទាំងប្រទេស។ សង្រ្គាម ទាំង២នេះក៏មានលក្ខណ​ៈដូចគ្នាដែរខាងភូមិសាស្រ្តយុទ្ធសាស្ត្រ និងមានការពាក់ព័ន្ធពីភាគីទី៣។ នៅក្នុងសង្រ្គាមអ៉ីរ៉ាក់-អ៉ីរ៉ង់ ប្រទេសជាច្រើនបានផ្ដល់អាវុធឱ្យអ៉ីរ៉ាក់ ក៏ឬអ៉ីរ៉ង់ រីឯសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គឺផ្ដល់ឱ្យទាំង២តែម្ដង។ បច្ចុប្បន្នវិញ សង្រ្គាមនៅអ៊ុយក្រែន ក៏កំពុងស្ថិតនៅលើរបៀបវារៈគោលនយោបាយពិភពលោកដែរដោយអ៊ុយក្រែន ទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបណ្ដាប្រទេសលោកខាងលិចដឹកនាំដោយអាមេរិក​ ហើយរុស្ស៉ីទទួលបានការគំាទ្រផ្នែកយោធា និងនយោបាយតិចតួច ពីប្រទេសជា សម្ព័ន្ធមិត្តរបស់ខ្លួនតួយ៉ាងដូចជាអ៉ីរ៉ង់ ខណៈការគាំទ្រពីប្រទេសជាដៃគូនៅលើឆាកអន្តរជាតិបានចាប់ផ្ដើមថយចុះ។

និយាយពីសេដ្ឋកិច្ច សង្រ្គាមទាំង២ បានធ្វើឱ្យតម្លៃប្រេង និងឧស្ម័នឡើងថ្លៃ ដែលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។ ជាងនេះទៅទៀត សង្រ្គាមអ៉ីរ៉ាក់-អ៉ីរ៉ង់ និងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន មានគោលគំនិតនៃអត្តសញ្ញាណជាតិដូចគ្នា។ ពោលគឺខណៈលោក ពូទីន កំពុងព្យាយាមស្ដារអំណាចអតីតសហភាពសូវៀតឡើងវិញ និងទទូចថាអ៊ុយក្រែនគ្មានសិទ្ធិធ្វើជា រដ្ឋឯករាជ្យ នៅក្រៅដែនឥទ្ធិពលរុស្ស៉ី អ៉ីរ៉ាក់ និងអ៉ីរ៉ង់វិញធ្វើសង្រ្គាមនឹងគ្នាក្រោមហេតុផលជាតិ និងសាសនា។ ខេត្ត ខូហ្សេស្ថាន (Khuzestan) របស់អ៉ីរ៉ង់ នៅក្នុងក្រសែភ្នែកសាដាំ ហូសេន មានសារៈសំខាន់ជាទីបំផុតសម្រាប់អ៉ីរ៉ាក់ ដោយសារតែខេត្តនេះមានប្រជាជនអារ៉ាប់ភាគច្រើនរស់នៅ ហើយចំណែកឯអ៉ីរ៉ង់វិញ ចង់បានទីតាំងពិសិដ្ឋមួយចំនួននៃនិកាយស៊ីអ៉ីត នៅក្នុងប្រទេសអ៉ីរ៉ាក់ ដូចជា ណាយ៉ាហ្វ (Najaf) និងកាបាឡា (Karbala) ជាដើម។

* អត់ធ្មត់ និងការត្រៀមលក្ខណៈ

ជាយុទ្ធសាស្ត្រ កំហុសមួយចំនួនដែលបានកើតឡើងនៅក្នុងសង្រ្គាមអ៉ីរ៉ាក់-អ៉ីរ៉ង់ បានបង្ហាញពីភាពចាំបាច់ក្នុងការរៀបចំផែនការវាយលុកប្រកបដោយការប្រុងប្រយ័ត្ន និងឈ្លាសវៃ ហើយ គ្រោះថ្នាក់អាចនឹងកើតឡើងគ្រប់ពេលនៅពេលដែល «ខ្វះការអត់ធ្មត់ និងការត្រៀមលក្ខណៈ»។ បន្ទាប់ពីបានវាយរុញច្រានការឈ្លានពានរបស់អ៉ីរ៉ាក់ អ៉ីរ៉ង់បានប្រញាប់បើកការវាយលុក វិញ ដោយមិនមានកម្លាំងទ័ព និងការផ្គត់ផ្គង់គ្រប់គ្រាន់ទេ។ ការវាយបករបៀបនេះទទួលបានជ័យជម្នះតិចតួច ហើយប្រតិបត្តិការវាយបកត្រូវធ្វើឡើងជាច្រើនលើក។ ជាឧទាហរណ៍ អ៉ីរ៉ង់បានដឹកនាំប្រតិបត្តិការវាយបកជាច្រើន ដូចជាប្រតិបត្តិការឈ្មោះ Karbala ក្រោយមក Karbala-1, Karbala-2, Karbala-3 និងផ្សេងពីនេះទៀត។ ប៉ុន្តែ អ៉ីរ៉ាក់វិញក៏បានប្រព្រឹត្ត កំហុសដូចគ្នានេះដែរដោយបានបើកការវាយលុកដោយគ្មានការរៀបចំផែនការឱ្យបានល្អ និងប្រញាប់ប្រញាល់ពេកក្នុងការបើកការវាយលុកលើទីតាំងមួយចំនួនដូចជា កោះ ម៉ាច់ជ្នូន (Majnoon Island) និងតំបន់ម៉េរ៉ាន់ (Mehran)។

ផ្ទុយទៅវិញ អ៊ុយក្រែន បានទទួលជោគជ័យជាបន្តបន្ទាប់នៅក្នុងប្រតិបត្តិការវាយលុករបស់ខ្លួន នៅសមរភូមិភាគខាងកើត និងជុំវិញតំបន់ខឺសុន ហើយការព្យាយាមវាយដណ្ដើមទឹកដី មកវិញ មានភាពអត់ធ្មត់ និងប្រសិទ្ធភាព ស្របពេលលោកខាងលិចសន្យាផ្ដល់រថក្រោះទំនើបធុនធ្ងន់។ តែទោះជាបែបនេះក្ដី ប្រតិបត្តិការរបស់អ៊ុយក្រែននៅតែត្រូវធ្វើឡើងដោយ ការអត់ធ្មត់ និងត្រៀមលក្ខណៈឱ្យបានល្អ ពីព្រោះថាមេរៀននៃកំហុសរបស់អ៉ីរ៉ាក់ និងអ៉ីរ៉ង់នៅក្នុងសង្រ្គាមមិនត្រឹមតែបង្កឱ្យកងទ័ពទាំងសងខាងស្លាប់ច្រើនប៉ុណ្ណោះទេ​ តែក៏ធ្វើឱ្យ ភាគីម្ខាងៗវាយទម្លុះខ្សែការពារ និងដណ្ដើមយកទីតាំងសំខាន់ៗមកវិញដែរ។ រុស្ស៉ីអាចដណ្ដើមបានទីតាំងឈរជើងឡើងវិញ ក៏ដោយសារតែការត្រៀមលក្ខណៈមិនបានល្អ និងបរាជ័យនៃការវាយលុករបស់អ៊ុយក្រែន ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះដែរ។

* សង្រ្គាមរយៈពេលវែង

មេរៀនដ៏សំខាន់មួយទៀតសម្រាប់អ៊ុយក្រែន នោះគឺសង្រ្គាមរយៈពេលវែងរវាងអ៉ីរ៉ាក់ និងអ៉ីរ៉ង់ ដែលធ្វើឱ្យភាគីទាំង២ ត្រូវប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម។ បន្ទាប់ពីឆ្នាំដំបូងនៃសង្រ្គាម សន្ទុះនៃការវាយប្រយុទ្ធគ្នាបានថយចុះរហូតដល់សង្រ្គាមឈានដល់ទីបញ្ចប់ នៅ៨ឆ្នាំក្រោយមក ហើយវាត្រូវបានគេចាត់ទុកថាជាសង្រ្គាមទូទៅធម្មតាយូរអង្វែងមួយនៅក្នុងស.វទី២០។ ដូចគ្នា ទោះជាសង្រ្គាមអ៊ុយក្រែន​មិនទាន់ដល់មួយឆ្នាំ ហើយអាចនឹងឈានចូលដល់គម្រប់ខួបមួយឆ្នាំ នៅថ្ងៃទី២៤ ខែកុម្ភៈនេះក៏ដោយ ក៏តាមរយៈបរាជ័យរបស់រុស្ស៉ី ទឹកចិត្តប្រយុទ្ធរបស់ អ៊ុយក្រែន និងសន្ទុះនៃសង្រ្គាមសព្វថ្ងៃ ត្រូវបានក្រុមអ្នកវិភាគជាច្រើនមើលឃើញថាសង្រ្គាមសព្វថ្ងៃកំពុងស្ថិតនៅលើទិសដៅឆ្ពោះទៅរកសង្រ្គាមរយៈពេលវែង។ ម្យ៉ាងវិញទៀត ទោះជា មនុស្សចំនួន ធ្លាប់បានគិតថាសង្រ្គាមអាចនឹងត្រូវបញ្ចប់ក្នុងពេលដ៏ខ្លី ក្រោយអ៊ុយក្រែនដណ្ដើមបានតំបន់ខឺសុនក៏ពិតមែន តែការកែនទ័ពរុស្ស៉ីបន្ថែម ៣០០,០០០នាក់ និងការព្រមានពី ការបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំជាថ្មីរបស់រុស្ស៉ីឆាប់ៗនេះ ព្រមទាំងការដណ្ដើមបានទីក្រុងសូឡេដា ពីសំណាក់ទាហានស៊ីឈ្នួលរុស្ស៉ី កាន់តែបញ្ជាក់ច្បាស់ទៅទៀតថាសង្រ្គាមនេះ អាចនឹងបន្តរាប់ឆ្នាំទៅមុខទៀតក៏ថាបាន។

ប្រសិនបើគោលដៅ នោះគឺជាការចង់ឃើញអ៊ុយក្រែនទទួលបានទឹកដីមកវិញ ដូចស្ថានភាពនៅមុនពេលឈ្លាន អ្នកបង្កើតគោលនយោបាយលោកខាងលិចគួរតែយល់ថាសង្រ្គាមនេះអាច នឹងមានរយៈពេលវែងដែលតម្រូវឱ្យលោកខាងលិចបន្តផ្ដល់ជំនួយទាំងយោធា និងការគាំទ្រនយោបាយ តាមរយៈការរៀបចំគោលនយោបាយរយៈពេលវែង ហើយការគាំទ្រនេះទៀតសោត មិនគួរផ្ដោតត្រឹមតែជួយកសាងអ៊ុយក្រែនឡើងវិញនោះទេ តែក៏ត្រូវជួយគាំទ្រជាពិសេសដល់សេដ្ឋកិច្ចអ៊ុយក្រែនផងដែរ។ ការព្យាករថាអ៊ុយក្រែនអាចនឹងអស់ខ្យល់ មិនទាន់កើតឡើងនោះទេ ប៉ុន្តែរដ្ឋាភិបាលអ៊ុយក្រែន និងលោកខាងលិច ត្រូវត្រៀមលក្ខណៈផ្ដល់ជំនួយដល់ប្រជាជនអ៊ុយក្រែន សម្រាប់រយៈពេលវែង ប្រឈមមុខបញ្ហាប្រឈមសេដ្ឋកិច្ចនៅក្នុងស្រុកជាច្រើន នាពេលបច្ចុប្បន្ន៕

No comments:

Post a Comment