ក្នុងឱកាសទទួលជួបឯកឧត្ដម Vyacheslav Nikonov ប្រធានគណកម្មការអប់រំនិងវប្បធម៌សភាសហព័ន្ធ រុស្សីនៅសុខាអង្គរខេត្តសៀមរាបរសៀលថ្ងៃទី០២ធ្នូ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តីបានមានប្រសាសន៍លើកទឹកចិត្តដល់ភាគីសហព័ន្ធរុស្សីឱ្យជួយជួសជុលនូវប្រាសាទបុរាណណាមួយនៅខេត្តសៀមរាប។
ក្នុងកិច្ចជំនួបពិភាក្សា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន បានពន្យល់នូវខ្លឹមសារនៃការការពារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតំបន់ប្រាសាទអង្គរក៍ដូចជាការអភិរក្សសម្បត្តិបេតិកភណ្ឌ័ពិភពលោកនៅកម្ពុជា។ ក្នុងឱកាសនោះដែរឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន បានរំលឹកឡើងនូវទំនាក់ទំនងការទូតល្អៗជាមួយប្រទេសរុស្សីតាំងពីទស្សវត្ស៨០រហូតមកដល់បច្ចុប្បន្នហើយបានបន្តទំនាក់ទំនងកាន់តែល្អឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងបានថ្លែងអំណរគុណចំពោះសហព័ន្ធរុស្សីដែលតែងតែបានផ្ដល់ជំនួយកន្លងមកជួយដល់កិច្ចអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ជាការឆ្លើយតបឯកឧត្ដម Vyacheslav Nikonov ប្រធានគណកម្មការអប់រំនិងវប្បធម៌សភាសហព័ន្ធរុស្សី បានគាំទ្រនូវការលើកឡើងរបស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន នឹងសន្យាពាំនូវសំណើររបស់ភាគីកម្ពុជាទៅជូនសភាសហព័ន្ធរុស្សី។ ឯកឧត្ដម Vyacheslav Nikonov បានមានប្រសាសន៍បញ្ជាក់ថា យើងមានមិត្តចាស់ដ៍ល្អមួយប្រសើរជាងមានមិត្តថ្មីពីរមានន័យថាប្រទេសរុស្សីចង់រក្សាទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយកម្ពុជា ជាពិសេសដែលជាមិត្តចាស់ៗរបស់ប្រទេសរុស្សីឱ្យបានកាន់តែល្អប្រសើរខ្លាំងក្លាជាងមុន។ ឯកឧត្ដម ប្រធានគណកម្មការអប់រំនិងវប្បធម៌សភារុស្សី បានឱ្យដឹងថាសព្វថ្ងៃនេះមាន អ្នកទេសចរមកពីប្រទេស រុស្សីដែលបានមកទស្សនាកម្ពុជាមានរហូតដល់ជាង១២ម៉ឺននាក់កាលពីឆ្នាំកន្លងមកហើយចំនួនអ្នកទេសចររុស្សីនឹងកើនឡើងជារៀងរាល់ឆ្នាំ។
No comments:
Post a Comment