Thursday, October 12, 2023

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញកាន់បិណ្ឌវេនទី១៣ នៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ



សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រ និងចៅ រួមនិងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ទីប្រឹក្សា ជំនួយការ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្តប្រកបដោយទឹកចិត្តជ្រះថ្លាបំផុតចំពោះពិធីបុណ្យប្រពៃណីជាតិដ៏មានសារៈសំខាន់មួយនេះ ដោយនៅក្នុងឱកាសនោះ មុន នឹងអញ្ជើញចូលរួមក្នុងពីធីបុណ្យកាន់បិណ្ឌ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បានប្រារព្ធពិធីបង្សុកូលនៅមុខ ចេតិយអ្នកមានគុណស្ថិតនៅក្នុងបរិវេណវត្តគីរីសុវណ្ណរាមដើម្បីជាកិច្ចឧទ្ទិសកុសលដល់បុព្វការីជន មាតាបិតា ជីដូន ជីតា និងញាតិការ៧សណ្តានក្នុងឱកាសរដូវបុណ្យ ភ្ជុំបិណ្ឌ។

ក្នុងឱកាសនេះ បន្ទាប់ពីពិធីបង្សុកូលនៅចេតិយរួចរាល់មក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ព្រមទាំងបុត្រ ឯកឧត្តម វង សូត និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រ និងចៅ រួមនិងឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា ទីប្រឹក្សា ជំនួយការ នៃរដ្ឋសភា បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៣ ជាមួយនិងបងប្អូនប្រជាពុទ្ធបរិស័ទនៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ។

វត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ជាវត្តមានវ័យចំណាស់មួយក្នុង តំបន់នេះ ហើយបច្ចុប្បន្នទីអារាមវត្តទាំងមូលមានការរីកចំរើន យ៉ាងខ្លាំងអាស្រ័យដោយទទួលបានការជួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រាបុត្រីចៅប្រុសចៅស្រី។ វត្តនេះ មានសមិទ្ធផលគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការខាងវិស័យព្រះពុទ្ធសាសនា ។ទន្ទឹមនិងនេះ ព្រះសង្ឃ គណៈកម្មការវត្តគីរីសុវណ្ណារាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ដែលសម្តេចទាំងទ្វេរ បានជួយកសាងសមិទ្ធិផលជាច្រើនបំរើអោយវិស័យពុទ្ធចក្រ ហើយសម្តេចតែងតែអញ្ជើញមកចូលរួមក្នុងពិធី បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្យ នៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវនេះជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ។

បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗផ្សេងទៀតដែលប្រជាជនកម្ពុជាប្រារព្ធធ្វើជារៀងរាល់ឆ្នាំដោយប្រារព្ធធ្វើក្នុងរយះពេល១៥ថ្ងៃចាប់ពីថ្ងៃ១រោចខែភទ្របទរហូតដក់ថ្ងៃ១៥រោចខែភទ្របទ។រៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសណ្តានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

នៅក្នុងឱកាសនេះ បន្ទាប់ពីពិធីនមស្សការព្រះរតនត្រ័យ សមាទានសីលចប់សព្វគ្រប់រួចមក សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រ និងចៅ រួមនិងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ទីប្រឹក្សា ជំនួយការ នៃរដ្ឋសភា បានអញ្ជើញរាប់បាត ប្រគេនភត្តហារ បវរណាចតុបច្ឆ័យប្រគេនព្រះសង្ឃដើម្បីជាកិច្ចឧទ្ទិសកុសលផលបុណ្យដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី បានប្រារព្ធធ្វើនាពេលនេះជូនចំពោះដួងវិញ្ញាណក្ខ័ន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមអោយ មកទទួលនូវផល្លាអានិសង្ឃដ៏ជ្រះថ្លាដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា បានឧទ្ទិសជូនតាមរយៈព្រះសង្ឃក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌ និងសូមអោយអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់អោយវិញ្ញាណក្ខ័ន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្តានរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

 










No comments:

Post a Comment