Wednesday, March 21, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យតាមរកបុគ្គលម្នាក់ដែលក្លែងព័ត៌មាន ភូតភកុហកបោកប្រាស់ នៅក្នុង Facebook

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមុននេះបន្តិច បានបញ្ជាផ្ទាល់ទៅកាន់អភិបាលខេត្តកែប លោក កែន សត្ថា ឱ្យស្វែងរកបុគ្គលម្នាក់ដែលមានឈ្មោះក្នុង Facebook ថា «សង្ឃ ម៉ារី» ដោយសារបុគ្គលកំហូចរូបនេះ ជានិច្ចជាកាល តែងតែបង្ហោះសារភូតភ កុហក បោកប្រាស់ អ្នកលេង Facebook ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា «កុំនិយាយតាពីសតាពាស កុំស្មានថាគេដឹកនាំប្រទេស គេគ្មានបណ្តាញចារកម្មរបស់គេឱ្យសោះ ចល័តពីកែប ចូលកំពត ចេញពីកំពតចូលតាកែវ […] អានេះបួសជួនកាលដាក់ស្បង់ពីលើ! តាមមើលអាមួយហ្នឹង កែន សត្ថា អភិបាលខេត្តកែប តាមអាហ្នឹង ថ្ងៃហ្នឹង តាមរកអាមួយហ្នឹង លោកសង្ឃពិតប្រាកដឬមិនមែន»។

លោកនាយករដ្ឋមន្ត្រីបានលើកឡើងដូចនេះក្នុងឱកាស អញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករជាង១ម៉ឺននាក់ មកពីតំបន់រោងចក្រ ជ្រៃកោង រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ។

ទំនងជាបុគ្គលឈ្មោះ សង្ឃ ម៉ារី បង្ហោះភូតកុហក ក្លែងព័ត៌មានថា មានការចាប់ខ្លួនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅអូស្ត្រាលី ហើយទើបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា «សូមផ្តាំទៅអ្នកណានៅលើលោកនេះ ហ៊ានចាប់ ហ៊ុន សែន សូមសាកល្បងលមើលទៅ ប៉ុន្តែអាមនុស្សនៅក្នុងស្រុកខ្មែរនេះ ពូកែខាងភូត […] នេះម្នាក់នេះទើបតែចូលបួសហៅថាលោក សង្ឃម៉ារី ខ្ញុំផ្តាំទៅលោក សង្ឃម៉ារី ទើបនឹងបួសទេអាម្សៀរនេះ ប្រយ័ត្នបន្តិច […] ខូចៗ អានេះម៉ែអាខូច ឪអាខូចហ្មង តាមមើលអាហ្នឹងលោកសង្ឃពិតប្រាកដឬអត់ បើមិនមែនស្រួល អានេះភូតមហាភូត ហើយភូតរឿងរបស់វាទៅ វាយករឿងប្រទេសជាតិយកទៅភូត ទាក់ទងទៅពីណាក៏វាភូត»។

លោកនាយករដ្ឋមន្ត្រីបានបង្ហើបឱ្យដឹងពីបុគ្គលកំហូចម្នាក់នោះដោយលើកទូរស័ព្ទបង្ហាញរូបថតមុនពេលបួស និងថ្លែងថា «ឥឡូវហ្នឹងអត់មានវត្តពិតប្រាកដទេ ចល័តពីកន្លែងមួយទៅកន្លែងមួយ អានេះខ្ញុំបញ្ជាឱ្យតាមរកអាម្នាក់នេះ ឥឡូវរកឃើញទីតាំងរបស់វា មានទាំងរូបថតវាទៀតទៅហើយ យើងមានរូបថតមុនពេលបួសទៀត […] សង្ស័យអានេះ កោត្រងោល ដាក់ស្បង់ទៅហ្នឹង អានេះភូតប្រចាំត្រកូល ហើយភូតពីមួយថ្ងៃទីមួយថ្ងៃ»៕


No comments:

Post a Comment