Monday, March 27, 2023

សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី ៧

 CNV:

ឯកឧត្តម ដាតូ សេរី អាន់វ៉ា អីប្រាហ៊ីម (Dato Seri Anwar Ibrahim)នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី
ឯកឧត្តម លោកជំទាវ, ឯកអគ្គរាជទូត, ឯកអគ្គរដ្ឋទូត
លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា
សម្តេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី បងប្អូនសាសនិកឥស្លាមជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមជាថ្មីម្តងទៀត ក្នុងពិធីពិសាអាហារស្រាយបួស ខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៧ នាពេលនេះ ។ ខ្ញុំសូមស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះឯកឧត្តម ដាតូ សេរី អាន់វ៉ា អីប្រាហ៊ីម (Dato Seri Anwar Ibrahim)នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងប្រតិភូ អង្គការសហប្រតិបត្តិការឥស្លាម ដែលបានអញ្ជើញមកចូលរួមស្រាយបួស ដោយផ្ទាល់នៅកម្ពុជា ។


[ចាប់ផ្ដើមអត្ថាធិប្បាយបន្ថែម]

ខ្ញុំក៏សូមស្វាគមន៍ផងដែរ ចំពោះឯកឧត្តម យូ ស៊ុហ្វកាឡា អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធាន CAPDI ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមជាមួយយើង។ ខ្ញុំអរគុណដែលឯកឧត្តមមិនភ្លេចជាមួយនឹងការចងចាំអនុស្សាវរីយ៍ទាំងឡាយនៅកម្ពុជា។ ហើយសង្ឃឹមថា ថ្ងៃស្អែកយើងនឹងជួបពិភាក្សាគ្នាបន្តទៅទៀត។

[ចប់ការអត្ថាធិប្បាយបន្ថែម]

ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះការខិតខំ និងការយកចិត្តទុកដាក់របស់គណៈកម្មការរៀបចំអាហារស្រាយបួស ខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ដែលបានសហការរៀបចំនូវពិធីដ៏មានសារៈសំខាន់សម្រាប់បងប្អូនសាសនិកឥស្លាម ដើម្បី ១). មាន​អារម្មណ៍ជិតស្និទ្ធជាមួយព្រះជាម្ចាស់ ២).​ចំណាយពេលវេលាជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ៣). ចូលរួមក្នុងសកម្មភាពសប្បុរសធម៌ និង ៤). រម្លឹកដល់មនុស្ស ដែលមានវាសនាមិនល្អ។

រាជរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនា​នានាដោយគ្មានការរើសអើង។ ជាក់ស្តែង រាជរដ្ឋាភិបាល​បានបើកទូលាយដល់បងប្អូនខ្មែរឥស្លាមតាមរយៈ ១). ការអនុញ្ញាតឱ្យសិស្សនិស្សិត​ឥស្លាមស្លៀកសម្លៀកបំពាក់ប្រពៃណីនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត ២). ការរៀបចំកន្លែងថ្វាយបង្គំនៅតាមទីសាធារណៈ។

ទន្ទឹមនេះ ខ្ញុំបានរៀបចំឱ្យមានការបង្កើតគណៈដឹក​នាំ​ជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលជាស្ថាប័នកំពូលឥស្លាម និងមានលោកឧកញ៉ា សុះ កំរ៉ី ជាចាងហ្វាងដឹកនាំ ក្នុងឆ្នាំ២០០០។ លើសពីនេះ ក្នុងនាមជានាយករដ្ឋមន្រ្តី និងប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំបានផ្តល់តួនាទីជាន់ខ្ពស់ដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូបនៅតាមក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ម៉្យាងទៀត រាជរដ្ឋាភិបាលក៏បានផ្តល់ថវិកា និងក្របខណ្ឌគ្រូបង្រៀនដល់សហគមន៍ខ្មែរឥស្លាម ដើម្បីកាត់បន្ថយបន្ទុកចំណាយ និងលើកកម្ពស់កម្រិតជីវភាពរបស់សហគមន៍ និងគ្រួសារបងប្អូនខ្មែរឥស្លាម តាមរយៈការលើកកម្ពស់ការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យសាសនា បច្ចេកវិទ្យា និង នវានុវត្តន៍។

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី !
នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងក្នុងអំឡុង​ពេលនៃសង្គ្រាមជាបន្តបន្ទាប់ ជំនឿសាសនា ពិសេស សាសនា​ឥស្លាមត្រូវបានលុបបំបាត់ទាំងស្រុង។ ការណ៍នេះគឺជាលទ្ធផលនៃជម្លោះផ្ទៃក្នុង និងការហែកហួរគ្នា ហើយក៏ជាលទ្ធផលនៃការដណ្តើមអំណាច និងការព្យាយាមផ្លាស់ប្តូរ​រដ្ឋាភិបាល ដោយការប្រើប្រាស់កម្លាំងការខ្វះនូវសាមគ្គីភាព​ផ្ទៃក្នុង និងឯកភាពជាតិ។

តាមរយៈការអនុវត្ត នយោបាយឈ្នះឈ្នះ ដែលឈរលើមូលដ្ឋាននៃស្មារតីមហាសាមគ្គីជាតិ និងឯកភាពជាតិ ក្នុងគោលដៅបង្រួបបង្រួមកម្លាំងប្រជាជាតិទាំងមូលជាធ្លុងមួយ ក្រោមបាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ” រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ដោយពុំមាន​ការបង្ហូរ​ឈាម​ជាតិ​សាសន៍​ឯង សំដៅស្តារឡើងវិញ និងរក្សាបាននូវសុខសន្តិភាពជូនប្រជាជន ដែលការណ៍នេះគឺ​ជា​បុរេ​លក្ខខណ្ឌ​​​សម្រាប់​អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ សុខសន្តិភាព ដែលយើងខិតខំរកបានយ៉ាងលំបាក កំពុងត្រូវ​បាន​ខិតខំថែរក្សា ការពារ ទោះក្នុងតម្លៃណាក៏ដោយ ហើយសុខសន្តិភាព​នេះកំពុងផ្តល់ផ្លែផ្កាជាច្រើនដល់ប្រជាជនកម្ពុជាគ្រប់រូប រួមទាំងបងប្អូនសាសនិក-សាសនិកាខ្មែរឥស្លាមផងដែរ។

ជាក់ស្តែង កម្ពុជាពីមុនដែលល្បីថាជាវាលពិឃាត ជាតំបន់អសន្តិសុខជាចម្ការមីន ដែលមាន​ការភ័យខ្លាចគ្រប់គ្នា ឥឡូវនេះបានក្លាយជា “កោះសន្តិភាព” និងជាតំបន់ទេសចរណ៍​ប្រកបដោយប្រជា​ប្រិយ​ភាព។ កម្ពុជាពីមុន ដែលជាប្រទេស​អន់ថយខាងផ្នែកសេដ្ឋកិច្ចគ្របដណ្តប់ទៅដោយភាពក្រីក្រ និងមានអសន្តិសុខស្បៀង ឥឡូវនេះបានក្លាយជាប្រទេសនាំស្បៀងចេញ និងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ។ កម្ពុជា​ពីមុនដែលជាប្រទេសទទួលរងការហ៊ុមព័ទ្ធ និងឯកាទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវនេះបានក្លាយជាប្រទេស​មួយ ដែលកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និង និម្មាបនកម្មសកល និងជាប្រទេសដែលកំពុងដើរតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ។

លើសពីនេះ សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា​ត្រូវបានធានា ហើយសេរីភាព​សាសនាត្រូវបានស្តារឡើងវិញទាំងស្រុង។ រាជរដ្ឋាភិបាលតែងតែលើកកម្ពស់សេរីភាពជំនឿ និងជំរុញសុខដុមនីយកម្មសាសនាក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់លក្ខណៈងាយស្រួលដល់សាសនិក-សាសនិកាគ្រប់រូប ក្នុងការប្រណិប័តន៍ជំនឿគ្រប់សាសនា និងការប្រឆាំងដាច់ខាតចំពោះការរើសអើងពូជសាសន៍ និង ជំនឿសាសនា។ ជាលទ្ធផលជម្លោះ ឬសង្រ្គាមសាសនាពុំធ្លាប់កើតមានក្នុងប្រវត្តិសាស្រ្តទំនើបរបស់កម្ពុជានោះ​ឡើយ ហើយកម្ពុជាត្រូវបានទទួលស្គាល់ និងទទួលបានការកោតសរសើរពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ ចំពោះសុខដុមភាពជំនឿសាសនា ដែលកម្ពុជាសម្រេចបាន ជាមួយនឹងការថែរក្សា​នូវ​ចីរភាពនៃសុខដុមភាពដ៏ប្រពៃនេះ។

ខ្ញុំសូមឆ្លៀតឱកាសនេះ លើកទឹកចិត្ត និងផ្តល់នូវទស្សនៈមួយចំនួន ដូចខាងក្រោម៖

ទី១. រាជរដ្ឋាភិបាលកម្ពុជាលើកកម្ពស់សេរីភាពជំនឿសាសនា លើកកម្ពស់ចីរភាពនៃសុខដុមនីយ​កម្ម ជំនឿសាសនា និងសុខសន្តិភាព ដែលជាកត្តាដ៏សំខាន់ និងចាំបាច់មិនអាចខ្វះបាន សម្រាប់គ្រប់​ការអភិវឌ្ឍ​ប្រទេសជាតិ និងវិបុលភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា។

[ចាប់ផ្ដើមធ្វើអត្ថាធិប្បាយបន្ថែម]

ខ្ញុំក៏គួរត្រូវបញ្ជាក់ឡើងវិញថា ការខុសគ្នាខាងជាតិសាសន៍​ និងសាសនាមិនមែនជាឧបសគ្គនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនោះទេ។ យើងត្រូវចូលរួមគ្នាគ្រប់និន្នាការ គ្រប់ជាតិសាសន៍ និងសាសនា ដើម្បីដំណើរឈានឆ្ពោះទៅដល់ការរីកចម្រើននៃប្រទេសជាតិរបស់យើង។

[ចប់ការធ្វើអត្ថាធិប្បាយ]

ទី២. ក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នា ក្នុងការ​ផ្តល់លក្ខណៈងាយស្រួលដល់ការគោរពប្រណិប័តន៍ជំនឿសាសនា សហការជិតស្និទ្ធជា​មួយថ្នាក់​ដឹកនាំ និងសហគមន៍សាសនា ដោយឈរលើគោលការណ៍សុខដុមនីយកម្មជំនឿសាសនា និងសម្រួល​​​ដល់ការងារកសាងវិហារឥស្លាមនៅតាមបណ្តាភូមិ ដែលមានសាសនិកឥស្លាមរស់នៅច្រើន តាមតម្រូវ ការ​ជាក់ស្តែង។

ទី៣. គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ដើម្បីកៀរគរ ទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ សំដៅ​រួម​ចំណែកដល់ការលើកកម្ពស់ជីវភាពសហគមន៍ខ្មែរឥស្លាម តាមរយៈការអភិវឌ្ឍមូលធនមនុស្សសម្រាប់ការទទួល និងការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍ដល់សហគមន៍ខ្មែរឥស្លាម។

ទី៤. ខ្ញុំសូមលើកទឹកចិត្តខ្ពស់ដល់សាសនិក-សាសនិកា​ឥស្លាមឱ្យគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដ៏វិសុទ្ធនៃពិធីបុណ្យរ៉ាម៉ាឌន និងសូមលើកទឹកចិត្តឱ្យមានការចូលរួមលើកកម្ពស់សុខដុមនីយកម្មជាតិសាសន៍ និងជំនឿសាសនានៅកម្ពុជា តាមរយៈការបង្កើតទំនាក់ទំនងល្អ សាមគ្គីភាព និងការមិនរើសអើងពូជសាសន៍ និងសាសនាដទៃ។

ខ្ញុំសង្ឃឹមថា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនសាសនិកជាតិ-អន្តរជាតិ នឹងមានវត្តមានជាថ្មីម្តងទៀត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលគ្រោងរៀបចំនៅប្រទេសកម្ពុជា ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលគ្រោងរៀបចំនៅប្រទេសកម្ពុជា ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរចំពោះឯកឧត្តម ដាតូ សេរី អាន់វ៉ា អីប្រាហ៊ីម (Dato Seri Anwar Ibrahim) នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងប្រតិភូអង្គការសហប្រតិបត្តិការ​ឥស្លាម សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនសាសនិកឥស្លាម សូមទទួលបាននូវសិរីសួស្តី វិបុលសុខ សុភមង្គល និងជោគជ័យតាមភារកិច្ចរៀងៗខ្លួន។

សូមអរគុណ !

 

No comments:

Post a Comment