បណ្តាប្រជាជាតិដែលបានចូលរួមនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) បន្តប្រឹងប្រែងជជែកលម្អិត បន្ទាប់ពីការចរចាចំនួន ២០ លើក។
បណ្តាមេដឹកនាំទាំង ១៦ ប្រទេសដែលបានចូលរួមនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលដឹកនាំដោយចិន បានស្វះស្វែងដើម្បីធ្វើឱ្យដំណើរការឆ្ពោះទៅមុខលើកិច្ចព្រមព្រៀងនេះក្នុងអំឡុងពេលកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានក្នុងទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន កាលពីថ្ងៃអង្គារ។
ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ដែលគាំទ្រដោយប្រទេសសមាជិកអាស៊ានទាំង ១០ រួមជាមួយនឹងចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការចរចាចំនួន ២០ លើករួចមក គឺថាការជជែកលម្អិតនៃកិច្ចព្រមព្រៀងនេះស្ថិតនៅក្នុងការពិភាក្សាគ្នានៅឡើយ។
ការចរចានៅក្នុងទីក្រុងម៉ានីលបានធ្វើឡើងទើបតែប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសចំនួន ១១ នៅតែចូលរួមនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូឆ្លងតំបន់ (TPP) បានឯកភាពគ្នាថានឹងប្តូរឈ្មោះថ្មី និងជំរុញឱ្យកិច្ចព្រមព្រៀងរបស់ពួកគេបន្តឆ្ពោះទៅមុខ ដែលអាមេរិកបានបោះបង់ចោលកាលពីខែមករា។
ក្រោយពីការចរចានៅខាងក្រៅកិច្ចប្រជុំនៃកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកក្នុងទីក្រុងដាណាំងនៃប្រទេសវៀតណាម បណ្តាប្រទេសមួយចំនួនបាននិយាយថា ពួកគេនឹងបន្តកិច្ចព្រមព្រៀងនេះដែលស្ថិតនៅក្រោមឈ្មោះថ្មី ដែលមានឈ្មោះថា ភាពជាដៃគូឆ្លងតំបន់ប៉ាស៊ីហ្វិករីកចម្រើនគ្រប់ជ្រុងជ្រោយ (CPTPP)។
សម្រាប់ហេតុផលសេដ្ឋកិច្ចតែម្យ៉ាងគត់ ដែលធានាឱ្យ RCEP ក្លាយទៅជាកិច្ចព្រមព្រៀងពាណិជ្ជកម្មឈានមុខគេក្នុងតំបន់ គឺជាអាទិភាពសម្រាប់ទីក្រុងប៉េកាំង។
បើយោងតាមការសិក្សាកាលពីឆ្នាំ២០១៦ ដោយអ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ Nankai បានឱ្យដឹងថា ជ័យជំនះរបស់ RCEP នឹងមានតម្លៃជាទឹកប្រាក់ប្រហែល ៨៨ ប៊ីលានដុល្លារអាមេរិកក្នុងមួយឆ្នាំសម្រាប់ប្រទេសចិន ខណៈដែលជ័យជំនះរបស់ CPTPP នឹងមានតម្លៃត្រឹមតែ២២ ប៊ីលានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ប្រសិនបើកិច្ចព្រមព្រៀងទាំងពីរនេះទទួលជោគជ័យ ចិននឹងទទួលបាន៧២ ប៊ីលានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
នាយករដ្ឋមន្រ្តីចិន លោក Li Keqiang បាននិយាយកាលពីខែមីនា ឆ្នាំ២០១៦ ថា គាត់សង្ឃឹមថានឹងបញ្ចាប់កិច្ចពិភាក្សាស្តីពី RCEP មុនបំណាច់ឆ្នាំនោះ។
បញ្ហាសម្រាប់ចិនគឺថា ប្រទេសចំនួន ៧ ដូចជាប្រទេសអូស្រ្តាលី នូវែលសេឡង់ ជប៉ុន សឹង្ហបុរី ប្រ៊ុយណេ ម៉ាឡេស៊ី និងវៀតណាម បានចូលរួមនៅក្នុងកិច្ចព្រមព្រៀងទាំងពីរនេះអាចនឹងកើតមានឡើង បន្ទាប់ពីភាពរីកចម្រើនដែលបានធ្វើឡើងនៅក្រៅសង្វៀនកិច្ចប្រជុំនៃកិច្ចប្រជុំកំពូល APEC ឥឡូវមានការគាំ CPTPP ជាង RCEP។
រដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសម៉ាឡេស៊ី លោក Mustapa Mohamed បានទទួលស្គាល់នូវការប្រែប្រួលគោលជំហរក្នុងសុន្ទរកថា កាលពីសប្តាហ៍មុននៅក្នុងប្រទេសវៀតណាម។
គាត់បាននិយាយថា «RCEP គឺជាអាទិភាព បន្ទាប់ពី TPP ស្ទើរតែដួលរលំដោយគ្មានអាមេរិក។ RCEP គឺជាអាទិភាពនៅពេលដែលយើងគិតថា TPP មិនដំណើរការ ប៉ុន្តែក្នុងរយៈពេលពីរបីខែកន្លងមកនេះ មានសន្ទុះងើបឡើងសម្រាប់ TPP»។
លោក Zhang Jun ដែលជាអគ្គនាយកនៃនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចអន្តរជាតិស្ថិតនៅក្រោមក្រសួងការបរទេសនៃប្រទេសចិន បាននិយាយកាលពីថ្ងៃអង្គារថា ទោះបីជាមានការងើបឡើងវិញនៃ CPTPP ក៏ដោយ គឺមានន័យថា មិនមែនជាបរាជ័យសម្រាប់ RCEP ទេ ដែលជាកិច្ចព្រមព្រៀងដឹកនាំដោយចិនកំពុងតែប្រឈមនឹងបញ្ហា។
លោក Jose Cuisia Jnr ដែលជាអតីតទេសាភិបាលនៃធនាគារកណ្តាលរបស់ហ្វីលីពីន បានប្រាប់សារព័ត៌មាន South China Morning Post នៅក្រៅសង្វៀនកិច្ចប្រជុំនៃកិច្ចប្រជុំកំពូលវិនិយោគ និងធុរកិច្ចអាស៊ានថា RCEP មានសក្តានុពលដែលអាចក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មកាន់តែទទួលជោគជ័យជាង CPTPP ដោយសារតែមានវត្តមានចិន និងឥណ្ឌា។
គាត់បាននិយាយថា ប៉ុន្តែនៅមានភាពលំបាកជាច្រើនដែលចាំបាច់ត្រូវដោះស្រាយ។
គាត់បាននិយាយថា «មានមាត្រដ្ឋាន និងបទបញ្ញត្តិផ្សេងៗគ្នា។ ពួកគេត្រូវតែឈានដល់ការយល់ព្រមដើម្បីឱ្យមានមាត្រដ្ឋានដូចគ្នា។ ទាំងនោះគឺជាឧបសគ្គ»៕
ប្រភព: Bloomberg ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧
No comments:
Post a Comment