Monday, May 25, 2015

រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ បញ្ជាក់ថា រាជរដ្ឋាភិបាល មិនបានរឹតត្បិត ចំពោះការប្រើប្រាស់ អ៊ីនធឺណេត ដូចការលើកឡើងឡើយ

ថ្លែងនៅក្នុងពិធី​ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​ ក្នុងការបង្កើតខ្សែកាបិ៍អុបទិក​ក្រោមបាត​សមុទ្រម៉ាឡេស៊ី​ កម្ពុជា ថៃ នៅថ្ងៃ២៥ ​ខែឧសភា​ ឆ្នាំ២០១៥នេះ​ នៅសណ្ឋាគារ​ កាំបូឌីយ៉ាណា​ ឯកឧត្តម​ ប្រាក់​ សុខុន​ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​ និងទូរគមនាគមន៍ ​បានបញ្ជាក់ថា​ បញ្ហាដែលមជ្ឈដ្ឋាន​មួយចំនួនបានលើក​ឡើង​កាលពីពេលថ្មីៗនេះ​ ទាក់ទងការរឹតត្បិតពី​សំណាក់រាជ​រដ្ឋាភិបាល​ ចំពោះការប្រើ​ប្រាស់សេវាអ៊ីធឺណេត​ និងការបញ្ចេញ​មតិតាម​ប្រព័ន្ធអ៊ីនធឺ​ណេតនោះ ​គឺមិនមានទេ។
​ឯកឧត្តមរដ្ឋមន្ត្រី​ ប្រាក់ សុខុន ​បានអះអាងថា ​«បើសិនណាជារាជរដ្ឋាភិបាល​មានគំនិតនៅ​ក្នុងការរឹតត្បិតព័ត៌មាន​តាមប្រព័ន្ធអ៊ីធឺណេត ​ដូចគេថាមែននោះ ​តើរាជរដ្ឋាភិបាល​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ​ខិតខំជំរុញឲ្យមានការ​វិនិយោគក្នុងការ​តភ្ជាប់ប្រព័ន្ធ​អ៊ីនធឺណេត​ជាមួយតំបន់ក្នុង​ល្បឿនលឿនជាង​ ក្នុងទំហំខ្លាំងជាង ​ក្នុងកម្រិតមួយដែល​ទុកចិត្តច្រើន​ជាងនោះ ​បានប្រយោជន៍អី?។»
ដោយឡែក​ ទាក់ទងនឹងសំណើ ​របស់ឯកឧត្តម ផៃ ​ស៊ីផាន​ រដ្ឋលេខាធិការ ​និងជាអ្នកនាំ​ពាក្យនៃទីស្តី​ការគណៈរដ្ឋមន្ត្រី ​ដែលបានផ្ញើលិខិត​មួយ​ទៅក្រសួងមហាផ្ទៃ​ និងក្រសួងប្រៃសណីយ៍ ​និងក្រសួងទូរគមនាគមន៍​ សូមឲ្យចាត់វិធានការចំពោះ​ជនទាំងឡាយដែល​បានប្រើប្រាស់​ប្រព័ន្ធអនឡាញ​ដែលជេរប្រមាថមើល​ងាយទៅដល់បុគ្គល ​និងថ្នាក់ដឹកនាំរប់ស​រាជរដ្ឋាភិបាល​ ត្រូវបានឯកឧត្តមរដ្ឋមន្ត្រី ​ប្រាក់ សុខុន លើកឡើងថា​ « បញ្ហានេះ វាពាក់ព័ន្ធ​ទិដ្ឋភាពពីរយ៉ាង ទី១​ គឺទិដ្ឋភាពខាងផ្លូវច្បាប់ ​និងទី២ ទិដ្ឋភាពខាងបច្ចេកទេស។ ​ទិដ្ឋភាពផ្លូវ​ច្បាប់ដូច ​លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន​បានលើកឡើងផងដែរថា​ បើកាលណាជនរងគ្រោះ​ដោយសារគេប្រមាថ​មើលងាយ គេបង្ខូចកេរ្តិ៍ ​ប្តឹងទៅតុលាការ ​ហើយតុលាការ យកករណី​ហ្នឹងមកចាត់ការ​ ហើយយល់ឃើញថា ​ការជេរប្រមាថនោះ ​ពិតជាត្រូវមានទោស​មែន នៅក្នុង​ករណីបើសិន ​ឬក៏ស្នើមកក្រសួង​ប្រៃសណីយ៍ ​និងទូរគមនាគមន៍ ​ធ្វើម៉េចឲ្យរកឃើញនូវអ្នក​ដែលប្រព្រឹត្តទោស​កំហុសទៅលើបុគ្គលនោះ ​នោះក្រសួងនឹងពិនិត្យលទ្ធភាព​ចាត់វិធានការ​តបទៅ​នឹង​ការបង្គាប់របស់តុលាការ​។»
​ចំពោះទិដ្ឋភាព​បច្ចេកទេសវិញត្រូវបាន ​ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់​ សុខុន ​បញ្ជាក់ថា ​វាពាក់ព័ន្ធ ​ទៅនឹងម្ចាស់ IT ​ទៅវិញទេ។​ បើសិនជាក្នុងករណី​ហ្វេសប៊ុក​ គឺវាមានការពាក់ព័ន្ធ​ទៅនឹងការ​ស្នើសុំអន្តរាគមន៍​ពីម្ចាស់ហ្វេសប៊ុកផ្ទាល់ ​គឺបានន័យថា​ត្រូវសុំទៅអាមេរិក ​ហើយករណីបែប​នេះ ​កន្លងទៅមាន​មួយចំនួនតែ​មិនទទួលបានលទ្ធផលទេ​ ដោយសារម្ចាស់​ហ្វេសប៊ុកគេ​មិនឆ្លើយតប​ទៅនឹង​សំណើរបស់យើង​។
គួរបញ្ជាក់ថា​ការបង្ហាញការព្រួយបារម្ភ​របស់មជ្ឈដ្ឋាន​មួយចំនួន ​ស្របពេលដែល​មានលេចលឺ ​សេចក្តីព្រាងច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាមប្រព័ន្ធអ៊ីនធឺណេត​ ឬក៏ឧក្រិដ្ឋកម្ម​តាមប្រព័ន្ធ​បច្ចេកវិទ្យាព័ត៌មាន ​និង​ទូរគមនាគមន៍ ​និង​ត្រូវបានលើក​យកមកពិភាក្សា ​ដើម្បីឈាន​ទៅរកការអនុម័ត​នៅពេល​ខាងមុខនេះ។
អត្ថបទ៖ ច័ន្ទ ទេវី 

No comments:

Post a Comment