សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងប្រាប់ ឯកឧត្តម Sheikh Fadilah Shaikh Ahmad ឯកអគ្គរាជទូតព្រុយណេដែលត្រូវបញ្ចប់បេសកកម្មការទូតពីព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ ថា សម្តេចចង់ឃើញជាក់ស្តែងថែមទៀតនូវកំណើនសេដ្ឋកិច្ចពាណិជ្ជកម្មនៃប្រទេសទាំងពីរ ជាពិសេសគឺធ្វើយ៉ាងណាឲ្យប្រទេសព្រុយណេក្លាយជាទីផ្សារអង្គររបស់ប្រទេសកម្ពុជា។
ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីឲ្យដឹងថា នៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលានៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី សម្តេចតេជោ និងឯកឧត្តមSheikh Fadilah Shaikh Ahmad បានពិភាក្សាផ្តោតលើចំណុចសំខាន់ចំនួន២ គឺទី១បញ្ហាទ្វេភាគី និងទី២បញ្ហាអាស៊ាន។ ចំពោះទំនាក់ទំនងទ្វេភាគីនេះបានផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងទ្វេភាគីពាក់ព័ន្ធនឹងការជំរុញឲ្យប្រជាពលរដ្ឋ និងប្រជាពលរដ្ឋស្គាល់គ្នាតាមរយៈការបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សានៅប្រទេសព្រុយណេ ឬក៏បញ្ជូនគ្រូឲ្យមកបង្រៀននៅកម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូតព្រុយណេក៏បានលើក និងបានមានប្រសាសន៍អំពីការជំរុញការនាំអង្ករចេញពីកម្ពុជាទៅប្រទេសព្រុយណេផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះប្រទេសព្រុយណេ ដែលបានចូលរួមក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដោយសម្តេចចង់ឲ្យមានការបណ្តុះបណ្តាលធនធានមនុស្សទៅលើវិស័យថាមពល ជាពិសេសគឺឧស្ម័ន និងប្រេង។
សម្តេចតេជោក៏បានកោតសរសើរចំពោះការប្រជុំកំពូលអាស៊ាន ដែលប្រទេសព្រុយណេបានធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០១៣ កន្លងទៅ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបានពិភាក្សាអំពីការជំរុញការធ្វើសមាហរណកម្ម ក៏ដូចជាការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍដែលជាទិសដៅមួយយ៉ាងសំខាន់របស់ប្រទេសជាសមាជិក៕
No comments:
Post a Comment