Tuesday, July 13, 2021

ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងក្រុងក្រចេះ និងស្រុក២ទៀតបាន ចាប់ផ្តើមទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្ត

 ក្រចេះ ៖ ព្រះសង្ឃ និងប្រពលរដ្ឋប្រុសស្រី ក្នុងក្រុងក្រចេះ ស្រុកឆ្លូង និងស្រុកព្រែកប្រសព្វ ជាង៣០.០០០នាក់ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្ត យុទ្ធនាការចាក់វ៉ាក់សាំង នេះបានចាប់ផ្តើមព្រឹកថ្ងៃទី១២ ខែកក្កដា រហូតដល់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។

យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងក្រុងក្រចេះ មានទីតាំងដូចខាងក្រោម៖
ទី១- សម្រាប់ពលរដ្ឋក្នុងក្រុងក្រចេះ ត្រូវចាក់នៅទីតាំងនៅក្នុងមន្ទីរសុខាភិបាលខេត្ត សាលាខេត្តក្រចេះ មណ្ឌលសុខភាពសង្កាត់អូរឬស្សី សាលាបឋមសិក្សាក្រគរ និងនៅសាលាសង្កាត់កោះទ្រង់ ក្រុងក្រចេះ ។
ទី២- ស្រុកឆ្លូង មានទីតាំងនៅការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិឆ្លូង
ទី៣- និងស្រុកព្រែកប្រសព្វ មានទីតាំងក្នុងមន្ទីរពេទ្យបង្អែកស្រុកព្រែកប្រសព្វ។

នាឱកាសនោះ លោកអភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្ត បានលើកឡើងថា នេះជាយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ លើកទី៣សម្រាប់ខេត្តក្រចេះ ដែលមានប្រជាពលរដ្ឋ ៥សង្កាត់ និង២ឃុំ ស្មើនិងប្រជាពលរដ្ឋជាង៣មុឺននាក់ សម្រាប់ប្រជាពលរដ្ឋក្នុងក្រុងក្រចេះក្នុងការចាក់ទាំង២លើក លោកបន្តថាដោយមានការគិតគូពីប្រមុខថ្នាក់ដឹកនាំដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខិតខំពុះពារស្វះស្វែងរកវ៉ាក់សាំងសម្រាប់ចាក់ជូនដល់ ប្រជាពលរដ្ឋដើម្បីការពារពីការចម្លងជំងឺកូវីដ-១៩ ដែលកំពុងតែយាយីពិភពលោកក៏ដូចជា ប្រទេសកម្ពុជាយើងផងដែរ។

ទន្ទឹមនឹងនោះ លោកប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ ក៏បានបញ្ជាក់បន្ថែមថា សម្រាប់ប្រជាពលរដ្ឋដែលទទួលបានវ៉ាក់សាំងហើយក៏ដោយក៏មិនត្រូវមើលស្រាលជំងឺកូវីដ-១៩ នោះដែរព្រោះវាអាចឆ្លងគ្រប់ពេលបើសិនជាយើងមានការធ្វេសប្រហែសហើយយើងក៏ត្រូវតែបន្តចូលរួមអនុវត្តវិធានការសុខាភិបាលឲ្យ បានខ្ជាប់ខ្ជួនទាំងអស់គ្នា ពិសេសអនុវត្តវិធាន”៣ការពារ ៣កុំ ” ឲ្យបានទាំងអស់គ្នាជាប់ជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ ដើម្បីឈានដល់ការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឲ្យបានឆាប់ៗនាពេលខាងមុខនេះ។

សូមបញ្ជាក់ដែរថាសម្រាប់ខេត្តក្រចេះ គិតមកដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២១ ក្នុងខេត្តក្រចេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៨០នាក់ ព្យាបាលជាសះស្បើយចំនួន៦៦នាក់ កំពុងសម្រាក់ព្យាបាល ចំនួន១១០នាក់ នៅមន្ទីរបង្អែកខេត្ត និងនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នឹងមានករណី
ស្លាប់៤នាក់ហើយ ៕




No comments:

Post a Comment