លោក ប៉ែន សមិទ្ធិ គឺជាអ្នកកាសែតជើងចាស់ របស់កម្ពុជាមួយរូប
ហើយបច្ចុប្បន្នលោកជា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយកកាសែតរស្មីកម្ពុជា។
លោក ប៉ែន សមិទ្ធិ បានទទួលមរណភាពដោយរោគាពាធ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥នេះ
នៅមន្ទីរពេទ្យឯកជនមួយ ក្នុងជន្មាយុ ៥៧ឆ្នាំ។
លោក ប៉ែន សមិទ្ធិ
ត្រូវបានគេដឹងថា ជាអ្នកសែតមួយរូប ដែលមានកេរ្តិ៍ឈ្មោះល្បីនៅកម្ពុជា
មានបទពិសោធន៍ និងមានចំនេះដឹងជ្រៅជ្រះក្នុងវិស័យសារព័ត៌មាន
ដោយសារលោកបានប្រឡូកអាជីពជាអ្នកព័ត៌មានតាំងពីទសវត្សរ៍ឆ្នាំ៨០មក
ម្លេះ។
ក្រៅពីបានជួយឲ្យកាសែតរស្មីកម្ពុជា មានភាពលេចធ្លោរនៅកម្ពុជាហើយនោះ
លោក ប៉ែន សមិទ្ធិ ក៏បានបង្កើតក្លឹបអ្នកកាសែតកម្ពុជា នៅឆ្នាំ២០០០ដើម្បីការពារ
និងលើកកម្ពស់សិទ្ធិរបស់អ្នកសារព័ត៌មាន ហើយបន្ថែមលើនេះ លោក ប៉ែន សមិទ្ធិ ជាប្រធានក្រុមហ៊ុន
PEN Group និងជាអ្នកគ្រប់គ្រងគេហទំព័រ CEN ដ៏មានប្រជាប្រិយ។
បើតាមប្រសាសន៍របស់ លោក ប៉ែន ប៉ូណា សមាជិកគណៈកម្មាធិការនាយករបស់ក្លឹបអ្នកកាសែតកម្ពុជា
និងជាប្រធានស្តីទីក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៥ នេះ
លោក ប៉ែន បូណា បានសម្តែងអារម្មណ៍សោកស្តាយ និងបានហៅមរភាពរបស់លោក ប៉ែន សមិទ្ធិ
គឺជាការបាត់បង់ធនធានមនុស្ស មួយដ៏ធំធេងសម្រាប់វិស័យព័ត៌មាននៅកម្ពុជា។
ដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពលោក ប៉ែន សមិទ្ធិ
ក្លឹបអ្នកកាសែតកម្ពុជា បានចេញនូវដំណឹងមរណទុក្ខ មួយនៅថ្ងៃទី ៣០ ខែមីនា
ឆ្នាំ២០១៥នេះ។ នៅក្នុងដំណឹងមរណទុក្ខនោះ ក៏បានលើកឡើងផងដែរ អំពីប្រវត្តិស្នាដៃការងារក្នុងវិស័យព័ត៌មានរបស់លោក
រួមទាំងបានអំពាវនាវដល់សមាជិកសមាជិកា ក្លឹបអ្នកកាសែតកម្ពុជា និងអ្នកសារព័ត៌មានទាំងអស់
ចូលរួមក្នុងពិធីបុណ្យសពរបស់លោក ប៉ែន សមិទ្ធិឲ្យបានគ្រប់ៗគ្នា។
គួរបញ្ជាក់ថា សពរបស់លោក ប៉ែន សមិទ្ធិ នឹងត្រូវតម្កល់ធ្វើបុណ្យតាមប្រពៃណី
នៅគេហដ្ឋានរបស់លោក ផ្ទះលេខ១ ផ្លូវ១៤៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
អត្ថបទ៖ ច័ន្ទ ទេវី


No comments:
Post a Comment