នៅក្នុងពិធី គោរពវិញ្ញាណក្ខន្ធជូនអតីតនាយករដ្ឋមន្ដ្រីសិង្ហបុរី លី ក្វាន់យូ កាលពីថ្ងៃសៅរិ៍ ទី២៨ និងថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០១៥នេះកន្លងទៅថ្មីៗនេះ បានទទួលការអញ្ជើញចូលរួមពីសំណាក់ ឥស្សរជនជាន់ខ្ពស់ ដែលជាមេដឹកនាំសំខាន់ៗ មកពី២៧ប្រទេសនៅតំបន់ខុសៗគ្នា រួមទាំងមន្ត្រីជាន់ខ្ពស់ តំណាង ២០ប្រទេស ប្រមាណជា១៧០នាក់ និងប្រជាពលរដ្ឋសិង្ហបុរីជាង ២.២០០នាក់ បានចូលរួមពិធីបុណ្យសពរបស់លោក Lee Kuan Yew នៅមជ្ឈមណ្ឌលវប្បធម៌ក្នុងប្រទេសសិង្ហបុរី។
មេដឹកនាំពិភពលោកសំខាន់ៗ ដែលបង្ហាញវត្តមានក្នុងពិធីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្ត្រី សិង្ហបុរី លី ក្វាន់យូ មានដូចជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, លោក Hassanal Bolkiah ព្រះរាជាប្រទេសប្រុយណេ លោក Joko Widodo ប្រធានា ធិបតី ប្រទេសឥណ្ឌូនេស៊ី, លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន, លោក Tony Abbott នាយករដ្ឋមន្ត្រីប្រទេ សអូស្ត្រាលី, លោក Narendra Modi នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា និង លោក Bill Clinton អតីតប្រធានាធិបតី សហរដ្ឋអាម៉េរិក ប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក់ គួនហ៊ី នាយករដ្ឋមន្ដ្រីថៃ នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី ព្រះមហាក្សត្រព្រុយណេ អនុប្រធានាធិបតីចិន និង អតីតរដ្ឋមន្ដ្រីការបរទេសអាមេរិក Henry Kisssinger ជាដើម ។ មេដឹកនាំ និងឥស្សរជននៃប្រទេសទាំងនោះបានហៅលោក លី ក្វាន់យូ ថាជារដ្ឋបុរសពិតៗនៃប្រទេសសិង្ហបុរី ដែលមិនអាចបំភ្លេចបានឡើយ។ ជាមួយគ្នានេះ ស្ថានទូតជាតិប្រទេសមួយចំនួនក្នុងប្រទេសសិង្ហបុរីបានទម្លាក់ទង់ជាតិពាក់កណ្ដាល់ដង។
នៅក្នុងឱកាសនៃពិធីបុណ្យដ៏ក្រៀមក្រំ នៃមរណភាពរបស់អតីតនាយករដ្ឋមន្ដ្រី លី ក្វានយូ កូនប្រុសរបស់លោក គឺលោកនាយករដ្ឋមន្ដ្រី លី ស៊ានលុង បានប្រកាសថា មេដឹកនាំដ៏កំពូលរបស់ប្រទេសបានឃ្លាតឆ្ងាយហើយ ។ លោកបានហៅឪពុករបស់លោកថា ជាបិតានៃប្រទេសសិង្ហបុរី ។
គួរបញ្ជាក់ថា លោក លី ក្វាន់យូ គឺជានាយករដ្ឋមន្ដ្រីដំបូងគេនៃប្រទេសសិង្ហបុរី។ លោកគឺជាជនបដិវត្តន៍ដ៏ឆ្នើមប្រឆាំង និងអាណានិគមនៃប្រទេសអង់គ្លេស ហើយក្រោយមកលោកគឺជាអ្នកបង្កើតឯករាជ្យភាព ពីប្រទេសម៉ាឡេស៊ីនៅឆ្នាំ ១៩៦៥ ហើយនៅក្នុងក្របខ័ណ្ឌអាស៊ានវិញ លោក លី ក្វាន់យូ ត្រូវបានចាត់ទុកថាជា ស្ថាបនិកនៃអាស៊ានទាំងមូលផងដែរ ដោយលោកបានចូលរួមចំណែក ក្នុងការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន៕
អត្ថបទ៖ ច័ន្ទ ទេវី




No comments:
Post a Comment