Wednesday, September 27, 2023

អគ្គនាយកដ្ឋានពន្ធដារ៖ គ្មានទេ ការដំទ្បើងពន្ធព្រលានយន្តហោះ ចំពោះអ្នកដំណើរ និងភ្ញៀវទេសចរ, ក្នុងច្បាប់សារពើពន្ធ គ្មានប្រភេទពន្ធនេះឡើយ !

 តាមរយៈសេចក្តីបំភ្លឺរបស់ខ្លួន អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានទេ ការដំទ្បើងពន្ធព្រលានយន្តហោះ ចំពោះអ្នកដំណើរ និងភ្ញៀវទេសចរ ព្រោះក្នុងច្បាប់ស្តីសារពើពន្ធ គ្មានប្រភេទពន្ធនេះឡើយ។ នេះបើតាមសេចក្តីបំភ្លឺ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកញ្ញានេះ។

ការចេញមកបញ្ជាក់របស់អគ្គនាយកដ្ឋានពន្ធដារនេះ ធ្វើឡើងបន្ទាប់ពីមានការលើកឡើង ក្នុងបណ្តាញសង្គមមួយចំនួន ដែលបង្កឱ្យមានការភាន់ច្រឡំ ដល់សាធារណជន។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់យ៉ាងដូច្នេះថា «ការលើកទ្បើងថា មានការដំទ្បើងពន្ធព្រលានយន្តហោះ ចំពោះអ្នកដំណើរ និងភ្ញៀវទេសចរណ៍
មានការលើកឡើងថាមានការប្រមូលពន្ធឬដំទ្បើងពន្ធព្រលានយន្តហោះទៅក្រៅប្រទេស ឬពន្ធសំបុត្រយន្តហោះ ដែលករណីនេះគឺជាការលើកទ្បើងពុំឆ្លុះបញ្ចាំងពីការពិតនោះទេ ហើយច្បាប់ ស្តីពីសារពើពន្ធជាធរមានក៏ពុំមានចែង អំពីប្រភេទពន្ធលើព្រលានយន្តហោះនោះទ្បើយ។ ការលើកទ្បើងនេះ អាចជាការលើកទ្បើង សំដៅដល់ការស្នើដំទ្បើងកម្រៃសេវាកម្ម អ្នកដំណើររបស់ក្រុមហ៊ុនឯកជនដែលអភិវឌ្ឍ និងគ្រប់គ្រងអាកាសយានដ្ឋាន»

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជនទាំងអស់ សូមធ្វើការឈ្វេងយល់ពីព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ ចៀសវាងទទួលបាន និងចែករំលែកបន្តនូវព័ត៌មានបំភាន់ ក្លែងបន្លំ និងនាំឱ្យសាធារណជនមានការយល់ច្រទ្បំ។

ក្នុងករណីមានចម្ងល់នានា ពាក់ព័ន្ធនឹងពន្ធដារ សូមធ្វើការទាក់ទងមកមជ្ឈមណ្ឌលពិគ្រោះយោបល់ (Call center) តាមរយៈលេខទូរស័ព្ទ ១២៧៧ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat៕


No comments:

Post a Comment