Friday, August 30, 2019

មេទ័ពខ្មែរ នឹងពង្រឹងសមត្ថភាពកងទ័ពជើងទឹកឱ្យកាន់តែរឹងមាំ ដើម្បីការពារបូរណភាពទឹកដី និងការពារដែនសមុទ្រកម្ពុជា

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានប្រាប់ទៅភាគីអាមេរិក លោកនាយឧត្តមនាវី ដេវីត សុន ជាមេបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិក របស់អាមេរិកថា នៅពេលខាងមុខនេះ កងយោធពលខេមរភូមិន្ទ នឹងអភិវឌ្ឍន៍កងទ័ពជើងទឹក ហើយកងទ័ពជើងទឹកកម្ពុជា នឹងទទួលបាននាវាមួយចំនួន ដើម្បីពង្រឹងសមត្ថភាព ការពារបូរណភាពទឹកដី និងការពារដែនសមុទ្ររបស់ខ្លួន។
ការបញ្ជាក់បែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីនាយឧត្តមសេនីយ៍ បានដឹកនាំគណៈប្រតិភូអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ត្រឡប់ពីចូលរួមក្នុងកិច្ចប្រជុំកំពូលថ្នាក់អគ្គបញ្ជាការ នៃការការពារជាតិតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ រយៈ៣ថ្ងៃ ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការដោយសេរី និងបើកទូលាយនូវឥណ្ឌូ-ប៉ាស៊ីហ្វិក» ដែលមានប្រទេសចំនួន៣២បានចូលរួម។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលខាងមុខនេះ កងយោធពលខេមរភូមិន្ទ នឹងធ្វើការអភិវឌ្ឍន៍កងទ័ពជើងទឹក ក្នុងនោះក៏មានការអភិវឌ្ឍន៍ផែ អភិវឌ្ឍន៍អ៊ូរ គឺជាកន្លែងសម្រាប់ជួសជុលថែទាំនាវាព្រោះថា ក្នុងពេលខាងមុខនេះ កងទ័ពជើងទឹក នឹងទទួលបាននាវាមួយចំនួន ដើម្បីពង្រឹងសមត្ថភាព ការពារបូរណភាពទឹកដី និងការពារដែនសមុទ្ររបស់ខ្លួន អញ្ចឹងទេការធ្វើទាំងអស់នេះ គឺកងយោធពលខេមរភូមិន្ទ ជាអ្នកធ្វើដោយខ្លួនឯងសុទ្ធសាធ មិនមានប្រទេសណាជួយឡើយ គឺជារបស់កម្ពុជា មិនមែនជារបស់អ្នកណាដូចដែលប្រព័ន្ធផ្សព្វផ្សាយដែលបានលើកឡើងនោះទេ»។
ទោះយ៉ាងនេះក្តី នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏មិនទាន់បានបញ្ជាក់ឱ្យច្បាស់លាស់នូវចំនួននាវា ព្រមទាំងទំហំ កម្រិត និងផលិតរបស់ប្រទេសណាមួយឱ្យច្បាស់លាស់នោះទេ ចំពោះកិច្ចការអភិវឌ្ឍន៍ កងទ័ពជើងទឹក គឺរង់ចាំដល់ថ្ងៃនោះទាំងអស់គ្នានឹងដឹង។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ទៀតថា នៅក្នុងកិច្ចប្រជុំលើកនេះ កម្ពុជាទទួលបានលទ្ធផលជាទីគាប់ចិត្ត ជាពិសេសធ្វើឱ្យមុខមាត់របស់កងយោធពលខេមរភូមិន្ទកម្ពុជា នៅលើឆាកអន្តរជាតិ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ បានស្គាល់មេដឹកនាំ នៃអគ្គមេបញ្ជាការរបស់ប្រទេសនានា នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំង៣២ប្រទេស ផងដែរ។

បន្ថែមពីនេះ កងយោធពលខេមរភូមិន្ទកម្ពុជា បានជជែកពិភាក្សាគ្នា និងស្តាប់នូវយុទ្ធសាស្ត្រផ្សេងៗ របស់ថ្នាក់ដឹកនាំកងទ័ព របស់ប្រទេសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រមទាំងការចែករំលែកបទពិសោធន៍ពីបណ្តាប្រទេសមួយចំនួនជុំវិញ បញ្ហាសភាពការណ៍នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូលផងដែរ ៕



No comments:

Post a Comment