Friday, August 30, 2019

ទស្សនៈមិត្តអ្នកអាន៖ ទណ្ឌិត សម រង្ស៊ី ជីករណ្តៅកប់ខ្លួនឯង

លោក សម រង្ស៊ី ធ្លាប់បានប្រកាសជាច្រើនឆ្នាំកន្លងមកនេះថា ខ្លួននឹងវិលចូលស្រុកវិញទោះត្រូវជាប់គុក ឬក៏ត្រូវអស់ជីវិតក៏ដោយ ដាច់ខាតត្រូវតែត្រឡប់មកកម្ពុជាវិញឲ្យទាល់តែបាន។ ជាអកុសលដំណឹងនៃការវិ​លត្រឡប់របស់ទណ្ឌិតរូបនេះ បានរសាត់តាមខ្យល់ជារឿយៗ តាំងពីឆ្នាំ២០១៥ មកម្ល៉េះ ពោលគឺគេមិនដែ​លឃើញទណ្ឌិតរូបនេះ មកក្បែរព្រំដែនខ្មែរម្តងណាឡើយ ទាំងព្រំដែនខ្មែរ-ឡាវ ខ្មែរ-វៀតណាម និងព្រំដែនខ្មែរ-ថៃ។ ទណ្ឌិត សម រង្ស៊ី ដើម្បីចិញ្ចឹមសកម្មភាពនយោបាយរបស់ខ្លួន ក៏បានប្រកាសប្រាប់សកម្មជន និងអ្នកគាំទ្រដ៏តិចតួចស្តួចស្តើងរបស់ខ្លួនថា នឹងវិលចូលស្រុកវិញឆាប់ៗនេះ តែមិនប្រកាសកាលបរិច្ឆេទច្បាស់​លាស់ឡើយ។ មិនប្រាប់កាលបរិច្ឆេទដោយអះអាងថា ជាយុទ្ធសាស្ត្រធ្វើឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាវិលវល់ ស្លន់ស្លោរ ចលាចល និងមានបញ្ហាស្មារតី។ល។ យ៉ាងនេះក្តីអ្នកវិភាគយល់ស្របថា ពិតជាយុទ្ធសាស្ត្រមែនហើយ គឺជាយុទ្ធសាស្ត្រដោះទាល់ គេចវេះមិនទទួលខុសត្រូវ ក្បត់ពាក្យសន្យាម្តងហើយម្តងទៀត កុ​ហ​ក ភូតភរ បោកប្រាស់អ្នកគាំទ្រខ្លួន។
ទំនងយល់ថា លែងសូវមានអ្នកជឿដូចមុនទៀតហើយ និងបាត់បង់ការគាំទ្រពីសកម្មជន រួមទាំងអ្នកវិភាគផង ទណ្ឌិត សម រង្ស៊ី បានប្រកាសជាថ្មីម្តងទៀត ដោយកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខួបលើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ ចូលស្រុកវិញ ទោះកន្លងមក ខ្លួនបានបញ្ជាក់ពីការវិលចូលស្រុកថា មិនភ្លើមកជា​ប់គុកដូច កឹម សុខា ក្តី។ ការប្រកាសលើកនេះ ក៏មិនខុសគ្នានឹងការប្រកាសលើកមុនៗដែរ គឺគាត់ថា ត្រឡប់មកស្រុកខ្មែរវិញ មិនមែនឲ្យលោក ហ៊ុន សែន ចាប់ទេ គឺគាត់មកចាប់ លោក ហ៊ុន សែន ហើយគាត់នឹងបំផុសបំផុលឲ្យប្រជារាស្ត្រខ្មែរបះបោរ ឲ្យកងកម្លាំងប្រដាប់បែរចុងកាណុងទម្លាក់រដ្ឋាភិបាល ។ល។ និង។ល។
បើយើងមិនបានគិត ឬគិតមិនដល់ ស្តាប់មើលមួយភ្លែត ទណ្ឌិត សម រង្ស៊ី ដូចចូលតួមែនទែនអញ្ចឹង ក្នុងកា​រសម្តែងឆាកល្ខោនមួយឈុតនេះ ដើម្បីបោកយកលុយទស្សនកិច្ចជនដែលជាអ្នកគាំទ្រខ្លួននៅក្រៅស្រុក។ តើគាត់ សម រង្ស៊ី ចូលស្រុកវិញតាមផ្លូវណា? ផ្លូវទឹក ផ្លូវអាកាស ផ្លូវគោក ឬក៏ចូលមកវិញតាមច្រករបៀង​…​? ទន្ទឹមគ្នានេះ គាត់ថា នឹងដឹកនាំកម្លាំងអ្នកគាំទ្រគាត់ ២លាននាក់ឲ្យហែរហមគាត់មកស្រុកខ្មែរវិញ។ តើចំនួន ២លាននាក់នេះបានមកពីណា បានមកពីពលករខ្មែរនៅប្រទេសថៃ ពលករនៅប្រទេសកូរ៉េ ឬក៏ពលករខ្មែរនៅប្រទេសផ្សេងៗទៀត ឬក៏អ្នកដែលបានភៀសខ្លួនទៅរស់នៅស្រុកក្រៅតាំងពីសម័យកម្ពុជាប្រជាធិបតេយ្យ និងក្នុងសម័យសង្គ្រាម…។ល។ បន្ថែមពីលើនេះ គាត់ថា នឹងមានជនបរទេសអមដំ​ណើរគាត់ម​កកម្ពុជាដែរ តែមិនដឹងថា ជនបរទេសអមដំណើរទណ្ឌិតមកដល់ស្រុកខ្មែរ ឬអមដំណើរត្រឹមជណ្តើរឡើងយ​​ន្តហោះ ហើយឲ្យ សម រង្ស៊ី និងគូកនមួយតំដរស្វាវិលមកវិញទាំងអស់សង្ឃឹម? ទោះយ៉ាងនេះក្តី គ្មានន​រណាគេជឿថា សម រង្ស៊ី និងគូកន ហ៊ានមកស្រុកខ្មែរទេ វាគ្រាន់តែជាការបោកប្រាស់សាធារណមតិ ដើម្បីចិ​ញ្ចឹមចលនានយោបាយ និងជាវិធីរៃអង្គាសប្រមូលលុយរបស់ខ្លួនប៉ុណ្ណោះ។
ទី១, សម រង្ស៊ី ថា នឹងវិលចូលស្រុកចាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបំផុសឲ្យមហាជន កងកម្លាំងប្រដាប់អាវុធងើបបះបោរប្រឆាំងរដ្ឋាភិបាល គឺមិនមែនមកឲ្យរដ្ឋាភិបាលដែលកំពុងរង់ចាំវត្តមានគាត់យ៉ាងអន្ទះសារនោះ ចាប់គាត់ដាក់គុកទេ។ សួរដូចឆោតថា តើមានហេ​តុផលអីដែលប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ត្រូវងើបឡើងបះបោរប្រឆាំងរដ្ឋាភិបាលតាមការញុះញង់របស់ទណ្ឌិតរត់ចោលគុកដែលជាជនក្បត់ជាតិតសណ្តាន សម រង្ស៊ី? ប្រជាពលរដ្ឋកម្ពុជា បាននិងកំពុងរស់នៅក្នុងសុខសន្តិភាព មានមុខរបររកទទួលទាន មានការងារធ្វើ សិស្សនិស្សិតបាននិងកំពុងទទួលបានការសិក្សាអប់រំយ៉ាងសម្បូរបែប។ បន្ថែមពីលើនេះ វត្តមានសាលាអន្តរជាតិល្បីៗក៏កំពុងមានវត្តមាននៅកម្ពុជាកាន់តែច្រើនឡើងៗ។ នេះមិនរាប់បញ្ចូលទាំងហាងទំនិញប្រេនៗ ផ្សារទំនើបៗ ច្រើនស្អេកស្កះដែលកំពុងរីកស្គុះស្គាយនៅកម្ពុជាផង។
ទី២, សម រង្ស៊ី ថា នឹងមានមនុស្ស ២លាននាក់ ហែរហមមកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ។ ជាការពិតមនុស្ស ២លាននាក់ គឺជាចំនួនដ៏ច្រើន តើមនុស្សដ៏ច្រើនបែបនេះ គាត់ទៅប្រមែប្រមូលបានមកពីក្រហែងណា? ឧបមាថា គាត់ប្រមូលបានមែនទៅចុះ តើពួកគេ ២លាននាក់មកស្រុកខ្មែរតាមវិធីណាដោ​យរបៀបម៉េច? គិតត្រឹមថ្ងៃនេះ គឺនៅសល់រយៈពេលប្រហែល ២ខែទៀត បើគាត់រកមនុស្សបានមកមែន គឺពួ​កគេទាំងអស់នោះត្រូវមកកម្ពុជាបណ្តើរៗចាប់ពីឥឡូវនេះទៅ ទម្រាំដល់ថ្ងៃ៩វិច្ឆិកា ក៏ប៉ុន្តែ ត្រូវគិតថា ពួកគេទាំងអស់នោះត្រូវធ្វើការងារ ឬក៏រកស៊ីចិញ្ចឹមជីវិត បើមកស្រុកខ្មែរពេលនេះ មិនដាច់បាយទៅហើយទេឬ? ឧបមាមួយទៀតថា ពួកគេទាំង ២លាននាក់ មកក្នុងថ្ងៃតែមួយ តើពួកគេមកតាមវិធីណា? បើជិះយន្តហោះ តើត្រូវការយន្តហោះប៉ុន្មានគ្រឿងដឹកពួកគេ ហើយត្រូវចុះចតនៅកន្លែងណា? បើ ២លាននាក់មកតាមផ្លូវទឹកត្រូវប្រើកប៉ាល់ប៉ុន្មានគ្រឿងដឹកពួកគេ? ជាមួយគ្នានេះ បើ ២លាននាក់មកតាមផ្លូវគោក តើត្រូវប្រើរថយ​ន្តប៉ុន្មានគ្រឿងដើម្បីដឹកពួកគេ? យ៉ាងណាក៏ដោយចុះ ទោះមកតាមផ្លូវអាកាស ផ្លូវទឹក ផ្លូវគោក ក៏ត្រូវតែចូ​លប្រទេសកម្ពុជាតាមបែបបទរដ្ឋបាល មិនមែនសម្រុកចូលដូចហ្វូងគោក្របីទេ។ និយាយឲ្យខ្លី តួលេខ ២លាននាក់ គឺជាតួលេខខ្យល់។ ជាក់ស្តែង ថ្មីៗនេះទណ្ឌិត សម រង្ស៊ី និងគូកន បានធ្វើដំណើរទៅប្រទេសមួ​យចំនួនដើម្បីស្វែងរកការគាំទ្រ ក៏ប៉ុន្តែទណ្ឌិត សម រង្ស៊ី មានការស្រងាកចិត្តខ្លាំងមែនទែននៅពេលដែលគាត់ទៅដល់ បែរគ្មានអ្នកគាំទ្រគាត់ច្រើនដូចមុនឡើយ ពោលគឺមានតែអ្នកគាំទ្រផ្កាប់មុខប៉ុន្មាននាក់ប៉ុ​ណ្ណោះ​​ ហើយដើរប៉ុន្មានប្រទេសមកនេះ រកតែលុយឲ្យថ្លៃសំបុត្រយន្តហោះ និងថ្លៃស្នាក់នៅសណ្ឋាគារមិនគ្រប់ផង តើមានមនុស្ស ២លាននាក់ឯណា មានពេលទំនេរចោលការងារ ចោលមុខរបររកស៊ី ហើយហែរហម សម រង្ស៊ី មេចលនាឧទ្ទាមប្រឆាំងក្រៅច្បាប់ ដែលជាសកម្មភាពបំពាននឹងច្បាប់របស់កម្ពុជា មកកម្ពុជាវិញនោះ។
ទី៣, លោក សម រង្ស៊ី ថា នឹងមានជនបរទេសដែលជាសមាជិករដ្ឋសភា ព្រឹទ្ធសភារបស់ប្រទេសមួយចំនួន ជូនដំណើរគាត់មកស្រុកខ្មែរ។ តើជនបរទេសទាំងនោះសុខចិត្តចោលការងារបម្រើជាតិ និងប្រជាជនរបស់គេ មកបម្រើ សម រង្ស៊ី ដែលជាមេឧទ្ទាមប្រឆាំងក្រៅច្បាប់មកកម្ពុជា ដែលជាទង្វើជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងក​ម្ពុជា រំលោភអធិបតេយ្យជាតិកម្ពុជាដែលជារដ្ឋឯករាជ្យ? បើខ្ញុំមិនច្រឡំទេ ជនបរទេសទាំងនោះពិតជាបា​នគាំទ្រលោក សម រង្ស៊ី ឲ្យវិលចូលស្រុកវិញមែន គឺគាំទ្រគំនិតរបស់លោក សម រង្ស៊ី វិលចូលស្រុកខ្មែរ តែមិនបានឆ្លើយអះអាងថា ពួកគេនឹងហែរហមលោក សម រង្ស៊ី មកស្រុកខ្មែរវិញទេ ខ្ញុំមិនបានលឺទាល់តែសោះ​! គឺលឺតែពីលោក សម រង្ស៊ី និងគូកន រួមទាំងប្រព័ន្ធផ្សព្វផ្សាយប្រឆាំងលើកឡើងប៉ុណ្ណោះ។
សរុបមកវិញ ការលើកឡើងត្រួសៗខាងលើនេះ ក៏អាចបញ្ជាក់បានដែរថា លោក សម រង្ស៊ី និងគូកន មិនហ៊ានវិលចូលស្រុកវិញទេ។ ការអះអាងថា មានមនុស្ស ២លាននាក់ និងមានជនបរទេសហែរហមគាត់មកស្រុកខ្មែរ គឺជាការភូតកុហក បោកប្រាស់សុទ្ធសាធ។ តែការពិត ការកំណត់យកថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១៩ វិ​ល​ចូលស្រុក គឺជាការជីករណ្តៅកប់សាកសពនយោបាយខ្លួនឯងទៅវិញទេ ពីព្រោះ បើ សម រង្ស៊ី វិលចូលស្រុកនៅថ្ងៃទី៩វិច្ឆិកាមែន គឺមានតែខ្នោះ និងគុកប៉ុណ្ណោះស្វាគមន៍ ហើយក៏កំពុងរង់ចាំទណ្ឌិត និងគូកន យ៉ា​ងអន្ទះសារដែរ។ តែបើមិនមកវិញ ទណ្ឌិត សម រង្ស៊ី នឹងកាន់តែបាត់បង់ការគាំទ្រ និងទទួលភាពអា​ម៉ាស់​ក្នុងឆាកជីវិតនយោបាយចុងក្រោយនេះ។ ហើយទីបំផុតទៅ សូម្បីតែឈ្មោះ សម រង្ស៊ី ក៏លែងមានអ្នកនឹកនាដែរ តែផ្ទុយទៅវិញ ឈ្មោះ សម រង្ស៊ី ប្រែថា មេភូតភរ កុហក បោកប្រាស់អ្នកគាំទ្រខ្លួន៕

ដោយ៖ សុខ សុវណ្ណ


No comments:

Post a Comment