Friday, October 27, 2017

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ថ្លែងថាយុទ្ធនាការទិញផលិតផលខ្មែរនឹងជួយដាស់តឿនស្មារតីខ្មែរយើងឱ្យនិយមប្រើផលិតផលខ្មែរជាអតិបរមា

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីនៃទីស្តីការគណៈ រដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងខ្លាំងថា «យុទ្ធនាការទិញផលិ​តផលខ្មែរ» នឹងក្លាយជាមធ្យោបាយថ្មីមួយជួយដាស់តឿនស្មារតីខ្មែរយើងឱ្យនិយមប្រើផលិត​ផលខ្មែរជាអតិបរមា។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីតំណាងលោកនា​យករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរក្នុងឱកាសយុទ្ធ​នាការទិញផលិតផលខ្មែរ នៅបរិវេណមជ្ឈមណ្ឌលវិមានសុភមង្គល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មដែលបានរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ» នេះបានល្អប្រសើរដែលជាឱកាសដ៍ល្អនិងសមស្របមួយសម្រាប់ជំរុញពលរដ្ឋយើងឱ្យនិយមប្រើផលិតផលខ្មែរ។

លោក ប៊ិន ឈិន ក៏បានរម្លឹកផងដែរថា ការចូលជាធរមាននៃសហគមន៍សេដ្ឋកិច្ចអាស៊ានតាំងពីខែមករា ឆ្នាំ ២០១៥ ជាឱកាសដែលមានវិសាលភាពពង្រីកទីផ្សារនាំចេញសម្រាប់ផលិតផលយើងផង តាមរយៈការតភ្ជាប់ពាណិជ្ជកម្មរវាងកម្ពុជានិងអាស៊ាន។ ក៏ប៉ុន្តែជាមួយគ្នានេះដែរ រោងចក្រ សហគ្រាស សិប្បកម្ម និងផលិតកម្មទាំងឡាយនៅកម្ពុជា នឹងជួបប្រទះនូវការប្រកួតប្រជែងថ្មីមួយដែលមានលក្ខណៈកាន់តែខ្លាំងនិងកាន់តែលំបាកជាងមុនពីសំណាក់ប្រទេសនានាក្នុងអាស៊ាន។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានសង្កត់ធ្ងន់ថា ដោយសារការដឹកនាំត្រឹមត្រូវប្រកប​ដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទើបធ្វើឱ្យមានការកើនឡើងនូវទំហំពាណិជ្ជកម្មប្រកបដោយចីរភាព មានគោលនយោបាយច្បាស់លាស់ យកចិត្តទុកដាក់ ជំរុញគាំពារវិនិយោគ និងធុរកិច្ចក្នុងប្រទេស ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចទីផ្សារព្រមទាំងចាត់ទុកវិស័យឯកជនជាដៃគូយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិដែលបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យដែលទាំងអស់គ្នាមើលឃើញសព្វថ្ងៃនេះ៕








No comments:

Post a Comment