នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៥នេះ នៅវិមានមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី
ក្នុងពិធី ធ្វើបទបឋកថា ស្តីពីទំនាក់ទំនងកម្ពុជា-ឥណ្ឌា ឯកឧត្តម
Shri Mohammad Hamid Ansari អនុប្រធានាធិបតីឥណ្ឌា និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
បានបង្ហាញនូវការឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ
លើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។
អនុប្រធានាធិបតីឥណ្ឌា
ឯកឧត្តម Shri Mohammad Hamid Ansari បានមានប្រសាសន៍ថា ពេលដែលមកដល់ប្រទេសកម្ពុជា
គឺឯកឧត្តមមានការរំភើបចិត្តយ៉ាងខ្លាំងដោយសារតែឃើញទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងឥណ្ឌា
ហើយតាមពិតទៅកម្ពុជា និងឥណ្ឌា គឺមានវប្បធម៌ និងសាសនាដូចគ្នា។ ឯកឧត្តមបន្តថា
កន្លងមកនេះ គឺឥណ្ឌាបានជួយជួសជុល ប្រាសាទបាយ័ន ដែលស្ថិតនៅក្នុងក្រុមប្រាសាទអង្គរធំ
ហើយឥណ្ឌាក៏មានទំនាក់ទំនងល្អជាមួយប្រទេសនៅក្នុងតំបន់មេគង្គ ដែលហៅថាសហប្រតិបត្តិការ
Ganga and Mekong (មេគង្គ -ឥណ្ឌា)។ អនុប្រធានាធិបតីឥណ្ឌា ក៏បានកោតសរសើរពីការរីកចំរើនរបស់ប្រទេសកម្ពុជា
ដែលបានឈានដល់កំណើនសេដ្ឋកិច្ច គឺផលិតផលសរុបក្នុងស្រុក (GDP) ប្រមាណជា៧%ក្នុងមួយឆ្នាំ ហើយឥណ្ឌាសង្ឃឹមថាទំនាក់ទំនងសេដ្ឋកិច្ចវិនិយោគ
និងទេសចរណ៍រវាងកម្ពុជា-ឥណ្ឌា និងកាន់តែមានភាពប្រសើរឡើងបន្ថែមទៀតដើម្បីផលប្រយោជន៍ប្រជាជន
និងប្រទេសទាំងពីរ។
អនុប្រធានាធិបតីឥណ្ឌា
បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា នៅក្នុងពីរទសវត្សចុងក្រោយនេះ
ដោយសារតែប្រទេសកម្ពុជាបច្ចុប្បន្នគឺពោរពេញទៅដោយសន្តិភាព
និងការរីកចំរើនយ៉ាងឆាប់រហ័ស ហើយនេះគឺជាការរីកចំរើនដែលគួរឲ្យកត់សំគាល់លក្ខណៈជាប្រវត្តិសាស្ត្រតែម្តង
ហើយប្រទេសឥណ្ឌាក៏កំពុងសំលឹងមើលដើម្បីពង្រឹង និងពង្រីកសហប្រតិបត្តិការជាមួយប្រទេសកម្ពុជានៅពេលអនាគត។
ទន្ទឹមនឹងនេះដែរ អនុប្រធានាធិបតីឥណ្ឌា ក៏បានថ្លែងអំណរគុណដល់កម្ពុជាដែលបានជួយជ្រោមជ្រែងភាពជាដៃគូររវាងឥណ្ឌា
និងអាស៊ាននាពេលកន្លងមក ហើយប្រទេសឥណ្ឌា ក៏កំពុងសំលឹងមើលកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរ
និងស៊ីជម្រៅបន្ថែមទៀតទាំងផ្នែកសេដ្ឋកិច្ច និងវិនិយោគ
ក៏ដូចជាបង្កើនទំនាក់ទំនងផ្នែកវិនិយោគបរទេសជាមួយប្រទេសកម្ពុជាផងដែរ។
ឯកឧត្តម Shri
Mohammad Hamid Ansari បានមានប្រាសាសន៍បន្ថែមទៀតថា ឥណ្ឌានឹងជំរុញការបង្កើនទំនាក់ទំនងផ្នែកវិស័យទេសចរណ៍
ដូច្នេះហើយបានយើងមានការចុះហត្ថលេខាទៅលើការពង្រីកទៅលើវិស័យទេសចរនេះ។ ចំពោះផ្នែកពាណិជ្ជកម្ម
និងវប្បធម៌ ឥណ្ឌាមើលឃើញប្រទេសកម្ពុជាគឺនៅចំកណ្តាលបេះដូងនៃសមាគមអាស៊ានតែម្តង ដូច្នេះឥណ្ឌានិងសំលឹងមើលពីសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅជាមួយប្រទេសកម្ពុជាបន្ថែមទៀត
ទាំងផ្នែកពាណិជ្ជកម្ម វិនិយោគ និងផ្នែកទេសចរណ៍។ ឯកឧត្តម បានលើកឡើងថាកន្លងមកនេះ
ឥណ្ឌាក៏បានជួយកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ ដូចជាផ្នែកបច្ចេកវិទ្យា ហើយឥណ្ឌាក៏បានកសាងនូវមជ្ឈមណ្ឌលសម្ភារៈសូត្រ
ដែលបានសាងសង់ឡើងនិងកំពុងដំណើរការនៅខេត្តសៀមរាប។ ឯកឧត្តម Shri
Mohammad Hamid Ansari បញ្ជាក់ឲ្យដឹងថា ការដែលឥណ្ឌាបានជួយជួសជុលនៅប្រាសាទបាយ័ន នៅអង្គរធំគឺបានឆ្លុះបញ្ចាំងឲ្យឃើញនូវការយល់ស្របគ្នាតែមួយទៅលើបេតិកភណ្ឌវប្បធម៌
ហើយបច្ចុប្បន្នឥណ្ឌាកំពុងតែជួសជុលប្រាសាទតាព្រហ្មផងដែរ និងសំលឹងមើលជាបន្តបន្ទាប់ដើម្បីជួសជុលជួយអភិរក្សប្រាង្គប្រាសាទបេតិកភណ្ឌពិភពលោករបស់កម្ពុជាបន្ថែមទៀត។
ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន បានមានប្រសាសន៍ថា កម្ពុជាមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ ហើយអ្វីដែលជាចំណុចសំខាន់របស់កម្ពុជានោះគឺថា
ទេសចរណ៍វប្បធម៌ ព្រោះកម្ពុជាមានប្រាង្គប្រាសាទបុរាណដ៏ច្រើនសំបើមណាស់ ហើយគ្រាន់តែប្រាង្គប្រាសាទនៅខេត្តសៀមរាប
មានប្រហែលជា១០០ប្រាង្គប្រាសាទ ដូច្នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ចង់ឲ្យមានសហប្រតិបត្តិការទេសចរណ៍
និងវប្បធម៌ថែមទៀត ព្រោះកាលណាទេសចរមកកាន់កម្ពុជា ក៏ជាការបើកច្រកនូវការវិនិយោគរបស់ឥណ្ឌាមកកាន់កម្ពុជាផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន ក៏បានលើកទឹកចិត្តឲ្យមានក្រុមហ៊ុនខ្សែភាពយន្តឥណ្ឌាគឺ Bollywood មកផលិតខ្សែភាពយន្តអំពីរឿងរ៉ាវដែលទាក់ទងសម័យអង្គរ
ដែលជាផ្នែកមួយដើម្បីទាក់ទាញឥណ្ឌាមកទស្សនានូវប្រាសាទបុរាណរបស់កម្ពុជា ដូចជាប្រាសាទអង្គរជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏លើកទឹកចិត្តឲ្យមាននូវការហោះហើរដោយត្រង់ពីឥណ្ឌាមកកាន់កម្ពុជាដើម្បីរួមចំណែក
ដល់ការដឹកជញ្ជូនភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាឲ្យកាន់តែច្រើនថែមទៀត៕
No comments:
Post a Comment