Tuesday, May 28, 2019

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ

កំពង់ឆ្នាំង៖ ដើម្បីពង្រឹងនៃការអនុវត្តនៃការប្រមូលពន្ធអោយកាន់តែមានប្រសិទ្ធភាពនោះ សាខាពន្ធដារ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការកំណត់មូលដ្ឋាននៃការគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទិ្ធកាន់កាប់អចលនទ្រព្យដល់មន្រ្តីនិងអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តកំពង់ឆ្នាំងដែលបានធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩  ក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។

លោក លោក វង្ស ឌីណា  ប្រធានសាខាពន្ធដារខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កន្លងទៅរាជរដ្ឋាភិបាលបានសម្រេចធ្វើបច្ចុប្បន្នភាពឡើងវិញនៅឧបសម្ព័ន្ធស្តីពីការបែងចែកភូមិសាស្រ្ត និងតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋាន គិតពន្ធប្រថាប់ត្រា ដែលបាននិងកំពុងអនុវត្តអស់រយៈពេលជិត១០ឆ្នាំកន្លងមកហើយដើម្បីស្របតាមការរីកចម្រើន នៅកម្ពុជាក៏ដូចជានៅក្នុងបច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញនូវប្រកាសស្ដីពីការកំណត់ មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដាឆ្នាំ ២០១៩ នេះតទៅ។

បើយោងតាមប្រកាសថ្មីនេះ ការកំណត់តម្លៃ គឺមិនឲ្យលើសពី ៧០% នៃតម្លៃជាក់ស្តែងនៅលើទីផ្សារនៅឡើយ ក្រៅពីការធ្វើបច្ចុប្បន្នភាព តម្លៃប្រការនេះ ក៏មានការកែសម្រួលទាក់ទងទៅនឹងភូមិសាស្ត្រនានា ដោយបន្ថែមឬកែសម្រួល កំណត់ផ្លូវមេបន្ថែមតំបន់អភិវឌ្ឍន៍ ដែលទើបតែបង្កើតថ្មីជាដើម។

ថ្លែងក្នុងឧកាសនោះ លោក ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា សិក្ខាសាលាស្តីពីការផ្សព្វផ្សាយប្រកាសស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ នេះគឺពិតជាមានសារៈសំខាន់ធ្វើឡើងក្នុងគោលបំណងអោយមន្រ្តីរាជការរបស់យើង ទាំងថ្នាក់ដឹកនាំខេត្ត ថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ដែលជាអ្នកអនុវត្តផ្ទាល់ទទួលបាននៅចំណេះដឹងក្នុងការចែករំលែកទៅដល់មូលដ្ឋាន។ លោកបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ អោយកាន់តែស៊ីជម្រៅថែមទៀត ក្នុងនោះបានលើកឡើងនៅវិធានការបង្កើនប្រសិទិ្ធភាពក្នុងការគ្រប់គ្រង និងការប្រមូលពន្ធអោយកាន់តែកាន់តែមានតម្លាភាព អង្គសិក្ខាសាលាដែលរៀបចំនាពេលនេះ ក៏ជាផ្នែកមួយនៃកិច្ចការសំខាន់ៗដទៃទៀតរបស់សាខាពន្ធដារខេត្តក្នុងការប្រមូលពន្ធជូនរដ្ឋប្រកបដោយជោគជ័យតាមផែនការសកម្មភាពដែលក្រសួងបានកំណត់៕





No comments:

Post a Comment