ពីមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី៧ ខែមេសាឆ្នាំ ២០១៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ណែនាំ ឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់ថ្នាក់ គ្រប់មូលដ្ឋានទាំងអស់នៅទូទាំងប្រទេសត្រូវយកចិត្តទុកដាក់រក្សារកាពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋឲ្យបានល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងមកដល់នាពេលខាងមុខ។
ក្នុងពីធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីវិទ្យាស្ថានវ៉ាន់ដាចំនួន ៣៤៤៩នាក់ សម្ដេចតេជោមានប្រសាសន៍ថា ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខប្រជាពលរដ្ឋ នឹងដើរកម្សាន្តច្រើនពីព្រោះសេដ្ឋកិច្ចវាមិនអាក្រក់ ទេនៅដើមឆ្នាំ២០១៤ ហើយប្រាក់រៀលឥឡូវវាឡើងថ្លៃទៅទៀត ពិសេសចូលឆ្នាំប្រាក់រៀលអាចឡើងថ្លៃព្រោះគេត្រូវការប្រាក់រៀលចាយចូលឆ្នាំ ដូច្នេះធនាគារជាតិត្រូវមើលបញ្ហានេះផង។ បើប្រាក់រៀលឡើងថ្លៃច្រើនពេកក៏មិនល្អដែរ ព្រោះយើងគិតអត្រាប្រាក់រៀល ៤ ០៥០រៀល គិតនៅក្នុងថវិកាជាតិដល់ឥឡូវប្រាក់រៀលរបស់យើងស្ថិតនៅក្រោម ៤ ០០០រៀល។ ទាក់ទងការធ្វើចរាចររបស់ប្រជាពលរដ្ឋសម្តេចតេជោបានមានប្រសាសន៍ថា ត្រូវខិតខំធ្វើយ៉ាងម៉េចបញ្ចៀសនូវគ្រោះថ្នាក់ ដោយធ្វើយ៉ាងណាទៅហើយត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព កុំទៅហើយត្រឡប់មកវិញមកតែធាតុ ឬត្រឡប់មកវិញមិនបានមកដល់ផ្ទះទៅនៅក្នុងមន្ទីពេទ្យ។ អ្នកបើកបរទាំងឡាយត្រូវគោរពច្បាប់ចរាចរណ៍ បើយើងទាំងអស់គ្នាគោរពបានទាំងអស់គ្នា គឺកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍នេះ។ ពាក់ព័ន្ធការលេងសប្បាយរបស់យុវជនក្នុងឱកាសថ្ងៃចូលឆ្នាំ ដូចជាការប៉ាតម្សៅ ជះទឹក។ល។ សម្តេចតជោមានប្រសាសន៍ថា វាមិនមែនជារឿងប្រពៃណីខ្មែរទេ ហើយបង្កើតរឿងច្រើនណាស់ ជួនកាលគ្រោះថ្នាក់ដោយសារបញ្ហានេះ ដូច្នេះក៏ត្រូវមានការប្រុងប្រយ័ត្នទៅលើបញ្ហាអស់ទាំងនេះដែរ។
សម្ដេចតេជោក៏បានផ្តល់ជាអនុសាសន៍ផងដែរ ដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ សេវាដឹកជញ្ជូនម្ហូបអាហារ។ល។ កុំឲ្យមានការដំឡើងថ្លៃខ្ពស់ពេក ព្រោះថាបើយើង ឡើងថ្លៃជ្រុលគឺឆ្នាំក្រោយគេនឹងទៅរកកន្លែងផ្សេង ព្រោះស្រុកខ្មែរឥឡូវនេះកន្លែងទេសចរណ៍មិនមែនមានតែមួយកន្លែងនោះទេ គឺមានជម្រើសច្រើនណាស់សម្រាប់ប្រជាជនកម្ពុជាបច្ចុប្បន្ននេះ។
ដោយឡែកទាក់ទងនឹងបញ្ហានយោបាយសព្វថ្ងៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍បង្ហើបឲ្យដឹងដោយសុទិដ្ឋិនិយមថា ការចរចាស្ងាត់ស្ងៀម រវាងគណបក្សទាំងពីរ (គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ) បានព្រមព្រៀងគ្នា អស់ហើយ គឺនៅសល់តែចំណុចតូចមួយទេ ដែលត្រូវនៅសម្រួលគ្នា។
សម្ដេចតេជោលើកឡើងថា រឿងនយោបាយ វាតែអ៊ីចឹងជួនកាលទាស់គ្នាខ្លាំងធ្វើដូចជាមាំណាស់ ប៉ុន្តែដល់ត្រូវគ្នាតែមួយភ្លែត!។ សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់ថា ការចរចារវាងគណបក្សទាំងពីរសម្រួលគ្នានៅតែបន្តិចៗទេជួនកាលអាចចេញរួចមុនចូលឆ្នាំនេះផងក៏អាចទៅរួចដែរ ប៉ុន្តែបើទៅមិនរួច ក៏នៅតែបន្តទៅមុខដូច្នេះ សំខាន់បំផុតគឺ រក្សានិរន្តរភាពរបស់ស្ថាប័នរដ្ឋ, ប្រក្រតីភាព ខាងនយោបាយ និងជីវភាពរបស់ពលរដ្ឋ។
ទាក់ទងនឹងការទាមទាររបស់គណបក្សសង្គ្រោះជាតិដែលចង់ឲ្យកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត ទៅជាស្ថាប័នធម្មនុញ្ញ ដោយចង់ឲ្យមានការបោះឆ្នោតជ្រើសរើសស្ថាប័ននេះតាមសម្លេង ២ភាគ៣ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ឲ្យដឹងផងដែរអំពីដំណោះស្រាយនៃភាពជាប់គាំងនយោបាយ ដោយសារប្រព័ន្ធ ២ភាគ៣ កាលពីអាណត្តិទី៣ថា កាលមុននោះ លោក សម រង្ស៊ីបានធ្វើលិខិតស្នើសុំធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ពី ២ ភាគ ៣ មក ៥០+១ ប៉ុន្តែឥឡូវនេះ គាត់ស្នើឱ្យដាក់គណៈកម្មាធិការរៀបចំការបោះឆ្នោតឱ្យទៅជាក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ ហើយបោះឆ្នោត២ភាគ ៣ វិញ។ ចំណុចនេះសម្ដេចពន្យល់ថា កាលមុននោះ ដោយសារតែជាប់គាំង បង្កើតរដ្ឋាភិបាលមិនបានទើបនាំគ្នាធ្វើ វិសោធនកម្ម រដ្ឋធម្មនុញ្ញ រំលាយចោលពី២ ភាគ៣ យក៥០+១ហេតុដូច្នេះបើបង្កើត គណៈកម្មាធិការ រៀបចំការបោះឆ្នោតទៅជាសំឡេង២ភាគ៣ វានឹងគាំងខាងបោះ ឆ្នោតតែម្ដង។ ទោះបីយ៉ាងណាសម្ដេចបញ្ជាក់ថា ការស្នើនេះ ពេលនេះបានដកនិងសម្រួលពាក្យពេចន៍វិញហើយ។
ដោយឡែកទាក់ទងនឹងសកម្មភាពរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានបង្កឡើងនាក្រោយពេលការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងមក ដូចជា ករណីបំផុសឲ្យមានចលាចលនៅផ្លូវវេងស្រេង និងលិខិតរបស់លោក សម រង្ស៊ី ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤ ឆ្លើយតបនឹងព្រះរាជសារបើកបវេសនកាលរដ្ឋសភារបស់ព្រះករុណាព្រះមហាក្សត្រកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ ត្រូវបានសម្តេចតេជោវាយតម្លៃថាត្រូវមានទោស។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រសាសន៍ថាខ្ញុំយល់ស្របចំពោះការលើកឡើងរបស់អ្នកច្បាប់ខ្លះដែលនិយាយថា អត់ទាន់មានច្បាប់ណាចែងថា មានទោសប្រមាថព្រះមហាក្សត្រទេ ប៉ុន្តែសូមកុំភ្លេចឲ្យសោះអ្នកឯងប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនិងរឿងបង្កើតសភាពការណ៍មហន្តរាយផ្លូវវេងស្រេង គឺមានទោស ។
សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា ប្រឆាំងនឹងក្រុមប្រឹក្សាធម្មនុញ្ញ គឺមានទោស ហើយករណីបង្កចលាចលនៅផ្លូវវេងស្រេង មិនទាន់ចប់នៅឡើយទេ ហើយលោកឯងជាអ្នកដឹកនាំជាអ្នកបំផុស។ ឥឡូវនេះក្រុមអ្នកច្បាប់របស់រាជរដ្ឋាភិបាលបាននឹងកំពុងតែពិនិត្យ ដែលរាជរដ្ឋាភិបាល នឹងពិចារណាហ្មត់ចត់អំពីបញ្ហានេះ ហើយជួនកាលអាចប្តឹងករណីនេះមុនចូលឆ្នាំចំពោះបញ្ហាលិខិតនោះ។
សម្តេចតេជោមានប្រសាសន៍ថា ខ្ញុំមិនមែនគំរាមទេប៉ុន្តែខ្ញុំគ្រាន់តែប្រាប់ឲ្យច្បាស់ដើម្បីឲ្យឆ្នាំចាស់វាកន្លងផុតទៅជ្រះចង្រៃហើយនេះគឺគ្រាន់តែជាការដាស់តឿនដើម្បីរក្សាស្ថានភាពល្អសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះ៕
No comments:
Post a Comment