Tuesday, October 28, 2014

សុន្ទរកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក្នុងពិធីបិទសន្និសីទប្រចាំឆ្នាំ​លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការ​ កម្ពុជា វៀតណាម ឡាវ៖ បញ្ហាថ្មីៗនិងដំណោះស្រាយ

ទីស្តីការគណៈរដ្ឋមន្រ្តី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤

- ឯកឧត្តម Thach Du ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គម
  និយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
- ឯកឧត្តម Prasith Sayasith ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
  ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
-​ ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន        
- សាស្ត្រាចារ្យ Byung-Wook Lee អតីតប្រធានវិទ្យាស្ថានបរិស្ថានកូរ៉េ KEI
- សាស្ត្រាចារ្យ Nguyen Xuan Thang ប្រធានបណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមវៀតណាម
- សាស្ត្រាចារ្យ Chaleum Yiapaoher ប្រធានបណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមឡាវ
- លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
- បណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ ឯកឧត្តម​ លោកជំទាវ ​អស់លោកលោកស្រី ភ្ញៀវកិត្តិយស​
  ជាតិ-អន្តរជាតិ ក្មួយនិស្សិតជាទីមេត្រី!

ខ្ញុំមាន​សេចក្តីសោមនស្សរីករាយ ចូលរួមក្នុងពិធីបិទសន្និសីទប្រចាំឆ្នាំ​លើកទី៣ ស្តីពី​កិច្ចសហប្រតិបត្តិការ​ កម្ពុជា វៀតណាម ឡាវ៖ បញ្ហាថ្មីៗនិងដំណោះស្រាយ និងពិធីបិទសិក្ខាសាលា កសាងសមត្ថភាព ស្តីពីចីរភាពសន្តិសុខថាមពលតាមរយៈកំណើនបៃតង​ក្នុងអនុតំបន់ទន្លេមេគង្គ ដែលរៀបចំឡើង​ដោយរាជបណ្ឌិត្យសភាកម្ពុជា នាពេលនេះ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្រ្តីរាជការ​​​​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំសន្និសីទ និងសិក្ខាសាលាដ៏មាន​សារៈសំខាន់ទាំងពីរនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវិទ្យាស្ថានបរិស្ថានកូរ៉េ ដែល​បានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការរៀបចំសិក្ខាសាលាកសាងសមត្ថភាព និងសូមអរគុណចំពោះវត្តមានរបស់វាគ្មិន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិទាំងអស់ ដែលញ៉ាំងឱ្យ​វេទិកា​​វិទ្យាសាស្រ្ត​នៃការពិភាក្សា និងផ្លាស់ប្ដូរបទពិសោធន៍ ទទួលបានជោគជ័យ និងផ្លែផ្កាគួរឱ្យកត់សម្គាល់។

តាមរយៈសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៣ ស្ដីពីកិច្ចសហប្រតិបត្តិការ កម្ពុជា វៀតណាម ឡាវ កាលពីម្សិលមិញ វាគ្មិនបានធ្វើបទបង្ហាញអំពីប្រធានបទសំខាន់ៗជាច្រើន ជុំវិញ​កិច្ច​សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មតាមតំបន់ព្រំដែន បរិស្ថាននិងធនធានធម្មជាតិ ទេសចរណ៍ ព្រមទាំងសង្គមនិងវប្បធម៌។ ទន្ទឹមនឹងនេះដែរ ​សន្និសីទ​​នេះបាន​បង្ហាញនូវ​ការប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​រួម​ដៃគ្នា​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​រួម ដែល​​ប្រជាជននៃ​ប្រទេស​ទាំង​បី​​កំពុង​ជួប​ប្រទះ។ ខ្ញុំ​មាន​ជំនឿ​​ថា លទ្ធផល​​​​​នៃសន្និសីទនឹង​ចូលរួមជាទស្សនាទាន​ដ៏សំខាន់ សម្រាប់​​ការ​បង្កើនប្រសិទ្ធភាពនៃកិច្ច​សហប្រតិបត្តិការ​ត្រីភាគីនេះ​ ឱ្យ​ទទួលបាន​ការអភិវឌ្ឍ​កាន់តែ​ប្រសើរឡើង​ ប្រ​កប​ដោយ​សុខដុមរមនា និង​សមធម៌។

ភាព​ជាដៃគូដ៏​ពិតប្រាកដ​នៃកិច្ច​សហប្រតិបត្តិការ​ទៅវិញ​ទៅមក​ក្នុង​ចំណោម​ រដ្ឋា​ភិបាល អង្គការ​សង្គមស៊ីវិល​ និង​សហគមន៍​នៃ​អ្នក​សិក្សាស្រាវ​ជ្រាវ​ គឺពុំមែន​ត្រឹមតែ​ជា​ទស្សនាទាន​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​អនុវត្ត​ជាក់​ស្តែង​ និង​ប្រកប​ដោយ​ផ្លែផ្កា​ក្នុង​តំបន់​របស់​យើង។ យើង​ទាំងអស់​គ្នាមាន​តួនាទី​ថែរក្សា ​និង​ពង្រឹង​សន្តិភាព ​សន្តិសុខ ស្ថេរភាព និង​ការអភិវឌ្ឍរបស់​សង្គមជាតិរៀងៗខ្លួន និងរបស់​តំបន់​យើងទាំងមូល ក្នុងបរិបទនៃសមាហរណកម្មសេដ្ឋកិច្ច​តំបន់ និង​ពិភពលោក​។

ដោយ​សារ​បច្ចុប្បន្ន​នេះ ខណៈ​ពេល​ដែល​យើង​កំពុង​រស់នៅ​ក្នុង​ពិភព​លោក​មួយ​ ​នៃ​សកល​ភាវូបនីយកម្ម យើង​ជួប​ប្រទះ​នូវបញ្ហា​ស្មុគស្មាញ និង​ភាពមិន​ប្រាកដ​ប្រជា​កាន់តែ​ច្រើន​ឡើងៗ​ ដែល​តម្រូវ​ឱ្យប្រទេស​និង​រដ្ឋាភិបាល​ទាំងអស់ ជាពិសេស​ ប្រទេស​ជិតខាងជាមិត្ត ត្រូវ​​​ធ្វើការ​រួមគ្នា​។

នៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោកបច្ចុប្បន្ន មាន​ការ​ប្រឈម​ថ្មីៗ​ជាច្រើន ដែល​កើត​ចេញ​ពី​កត្តា​មនុស្ស និង​ធ​ម្មជាតិ។ ភាព​ក្រីក្រ ​គម្លាត​នៃ​ការអភិវឌ្ឍ​យ៉ាងធំ និកម្មភាព ការ​ប្រែប្រួល​អាកាស​ធាតុ និងគ្រោះ​ធម្មជាតិ នៅ​តែ​ជាបញ្ហា​ប្រឈម​ជាចម្បង​យ៉ាង​សំខាន់​ដែល​ត្រូវ​ដោះ​ស្រាយ ដើម្បី​សម្រេច​បាន​នូវ​សង្គម​មួយ​ ដែល​មាន​សន្តិ​សុខស្បៀង​ សន្តិ​សុខ​ថាមពល សន្តិ​សុខ​ធនធាន​ទឹក ការងារ​សមរម្យ យុត្តិធម៌​សង្គម ការការ​ពារ​បរិស្ថាន និង​អភិបាល​កិច្ច​ល្អ។

ខ្ញុំសូមលើកឡើងផង​ដែរ​ថា យើង​ ជាប្រជាជនកម្ពុជា​ ឡាវ វៀតណាម​ មាន​សំណាង​ដោយ​​​បាន​ឃើញ​ការ​អភិវឌ្ឍ​​ជា​វិជ្ជ​មាន​​​ដ៏ខ្លាំង​ក្លា​នៃប្រទេសទាំង៣​ ដែល​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការពង្រឹង​កិច្ច​សហ​​ប្រតិ​បត្តិ​ការ​ក្នុង​តំបន់ និងនិម្មាបនកម្មក្នុង​តំបន់អាស៊ី​​ទាំងមូល។ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់នេះ សម្រេច​បានសមិទ្ធផល​គួរឱ្យកត់​សម្គាល់​ យ៉ាងហោច​ណាស់ចំនួន​បីធំៗ រួមមាន សន្តិភាព ​ស្ថេរភាព និងទំនាក់ទំនង​សេដ្ឋកិច្ច​។ ទន្ទឹមនឹងមោទ​នភាព​ ដែល​យើង​មានចំពោះ​សមិទ្ធផល​ដែល​យើង​សម្រេច​បាន យើង​ត្រូវតែ​ខិត​ខំ​ឱ្យ​កាន់តែខ្លាំង​ថែម​ទៀត ដើម្បីដោះ​ស្រាយ​បញ្ហា​ប្រឈម​ដែល​នៅសល់។ យើង​ត្រូវ​កែលម្អ និងថែ​រក្សា​វប្បធម៌​នៃ​ភាព​ជា​ដៃគូ និង​ទំនាក់​ទំនងរវាងប្រជាជន និង​រដ្ឋាភិបាលនៃ​ប្រទេសទាំងបី​ ដើម្បី​រួម​គ្នា​បន្តអភិវឌ្ឍតំបន់នេះ​ប្រកប​​ដោយ​ជោគជ័យ។

ឯកឧត្តម លោកជំទាវ អស់​លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់!
ដោយឡែក សិក្ខាសាលាថ្ងៃ​នេះ គឺ​ជា​វេទិកាវិទ្យាសាស្រ្ត​ដ៏សំខាន់​មួយទៀត​ ផ្តល់ឱកាស​ឱ្យ​អ្នក​សិក្សា​ស្រាវជ្រាវជាតិ​ និង​អន្តរជាតិ​ បាន​​​ពិភាក្សា​ ផ្លាស់​ប្តូរ​យោបល់​ ​ចែក​រំលែក​បទ​ពិសោធន៍​ និង​បង្ហាញ​​នូវ​របកគំហើញ​ថ្មីៗនានា ពាក់ព័ន្ធនឹងសន្តិសុខ​ថាមពល​ និង​កំណើន​បៃតង​ក្នុង​​អនុ​តំបន់​​ទន្លេ​មេគង្គ​​​។ ជាពិសេស សិក្ខាសាលា​បានផ្តោត​ការយកចិត្ត​ទុកដាក់​លើ​ប្រធាន​បទ​​​ដ៏មានសារៈសំខាន់​ ដូចជា​ សន្តិសុខ​ថាម​ពល​ប្រកបដោយ​ចីរភាព​ដែលនាំឱ្យ​មានការអភិវឌ្ឍ​ជានិរន្តរ៍ យុទ្ធសាស្ត្រ​ថាមពលប្រកបដោយចីរភាពដើម្បីទ្រទ្រង់កំណើនបៃតង បច្ចេកវិទ្យាបៃតង​នៃ​ថាមពល​​កកើត​ឡើងវិញ និង​ការវាយតម្លៃបរិស្ថានជា​យុទ្ធសាស្ត្រ​ ​ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

កំណើន​សេដ្ឋកិច្ចខ្ពស់​ក្នុង​ប្រទេសទាំង៣ បាន​នាំ​ឱ្យ​មានការកើន​ឡើង​យ៉ាងខ្លាំង​នូវ​តម្រូវការប្រើប្រាស់ថាមពល។ ដើម្បីធានាបាននិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​ បញ្ហា​​សន្តិសុខ​ថាមពល និង​កិច្ចការពារបរិស្ថាន​ ត្រូវ​តែមាន​ដំណោះស្រាយ​សមស្របដែលមាន​ការចូលរួម​ពីគ្រប់​ភាគីពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិទាំងអស់​។ ក្នុងន័យ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា ​ក្រោមការ​ដឹកនាំ​ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់​យ៉ាង​ខ្លាំង ក្នុងការ​​កាត់បន្ថយ​ផលប៉ះពាល់អវិជ្ជមានទាំងឡាយលើបរិស្ថាន កសិកម្ម ផលិតកម្មសត្វ ព្រៃឈើ និងជលផល ដោយ​បាន​ដាក់​ចេញ​ជាបន្តបន្ទាប់នូវគោលនយោបាយជាតិ និងផែនការយុទ្ធសាស្រ្តជាតិ​ស្តីពីការអភិវឌ្ឍបៃតងឆ្នាំ២០១៣-២០៣០។

ដូច្នេះ សិក្ខាសាលានេះ​ ពិតជាបានផ្តល់នូវ​គំនិតថ្មីៗ និងអនុសាសន៍ល្អ​ៗជាច្រើន សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលនៃប្រទេសទាំងអស់ក្នុងអនុតំបន់ទន្លេមេគង្គ​ ដែល​អាចបម្រើដល់ការកសាងយន្តការ​ ឬវិធានការចាំបាច់នានា សំដៅ​ធានា​​សន្តិសុខ​ថាម​ពល​ប្រកបដោយ​​ចីរភាព ដែលជាសមាសភាគ​ដ៏ចាំបាច់មួយ​នៃ​ការអភិវឌ្ឍប្រកបដោយចីរភាព​។

មុននឹងបញ្ចប់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ជាថ្មីម្តងទៀត ​ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ​រាជបណ្ឌិត្យសភា​កម្ពុជា ដែលបានរៀបចំសន្និសីទ និងសិក្ខាសាលានេះ ដោយ​ទទួល​បាន​លទ្ធផលជោគជ័យ​គួរឱ្យ​កត់​សម្គាល់​​។ ទន្ទឹមនឹងនេះដែរ​ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះវិទ្យាស្ថានបរិស្ថានកូរ៉េ និង​អង្គការជា​ដៃគូនានា​ ដែល​បានឧបត្ថម្ភ​គាំទ្រ​ដល់​ការរៀបចំ​សិក្ខាសាលា។

ជាទីបញ្ចប់នេះ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ បណ្ឌិតសភាចារ្យ សាស្រ្តាចារ្យ អស់​លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ សូម​ទទួលបាន​សុខភាពល្អ ជោគជ័យ​គ្រប់​ភារកិច្ច និង​មានសុភមង្គលក្នុងក្រុមគ្រួសារ​។ ខ្ញុំសូមប្រកាសបិទសន្និសីទ និងសិក្ខាសាលានៅពេលនេះ!
សូមអរគុណ !

No comments:

Post a Comment