
ឯកឧត្ដម ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និង ជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានលើកឡើងថា សកម្មភាពរបស់បាតុករ ដែលទាមទារឲ្យអ្នកនាំពាក្យស្ថានភាពវៀតណាមសុំទោសរឿង បំភ្លៃប្រវត្តិសាស្រ្តទឹកដី ខ្មែរកម្ពុជាក្រោម ដែលបានដុតទង់ជាតិវៀតណាមនោះ គឺជ្រុលហួសហេតុពេក និងថា កម្ពុជា គឺជាអ្នកខាតបង់ក្នុងរឿងនេះ។
ឯកឧត្តម ឈាង វុន មានប្រសាសន៍បែបនេះនៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយនិង បណ្តាញពត៌មានរាជរដ្ឋាភិបាល (GNN) នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ ។
ឯកឧត្តម បានអះអាងថា សកម្មភាពរបស់បាតុករដែលទាមទារឲ្យអ្នកនាំពាក្យស្ថានភាពវៀតណាម សុំទោសរឿងបំភ្លៃប្រវត្តិសាស្រ្តទឹកដីខ្មែរកម្ពុជាក្រោម ដែលបានដុតទង់ជាតិវៀតណាមនោះ គឺជ្រុលហួសហេតុពេក និងថា កម្ពុជា គឺជាអ្នកខាតបង់ក្នុងរឿងនេះ។
ឯកឧត្តម ឈាង វុន បានបន្តថា តាមការយល់ឃើញរបស់ឯកឧត្តម « សកម្មភាពទាមទារ របស់បងប្អូនបាតុករ គឺជ្រុលហួសបន្តិចហើយ ម្យ៉ាងអ្នកដែលទទួលខុសត្រូវ ធ្វើឲ្យមាន បញ្ហានេះ គឺត្រូវបានរដ្ឋាភិបាលវៀតណាមផ្លាស់ចេញទៅហើយ។ ឯកឧត្តមបញ្ជាក់ថា ការផ្លាស់ចេញនេះ គឺចាត់ទុកថាខាងវៀតណាម គេយល់ថាគាត់មានកំហុសក្នុងរឿងហ្នឹង ហើយបើយើងនៅតែបង្ខំ នៅតែចចេសចង់ឲ្យគេសុំទោស រឺក៏ធ្វើអ្វីហួសពីនេះទៀតវាហាក់ ដូចជាមិនសមស្របនិងការងារការទូតទេ »។
សូមបញ្ជាក់ថា រយៈពេល៥ថ្ងៃកន្លងមកនេះ សកម្មភាពបាតុកម្មរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម នឹងសម្ព័ន្ធយុវជនខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលធ្វើឡើងក្នុងបំណងទាមទារឲ្យរដ្ឋាភិបាលវៀតណាម សុំទោសនិងទទួលស្គាល់ប្រវត្តិសាស្ត្រពិតទឹកដីកម្ពុជាក្រោម ត្រូវបានគេមើល ឃើញថា ហាក់មានសភាពជ្រុលហួស។ ការមើលឃើញពីភាពជ្រុលហួសនេះ គឺដោយសារ តែសកម្មភាពទាំងនោះ បានលេចចេញនូវអំពើហិង្សាមួយចំនួន ដូចជាការដុត នឹងជាន់ឈ្លី ទង់ជាតិវៀតណាម, ការដុតលុយវៀតណាម នឹងការដុតមួកដួនរបស់ជនជាតិវៀតណាម។ ក្រៅពីនោះក្រុមបាតុករបាន សរសេរអក្សរជេរប្រមាថ ហើយរួមទាំងបានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ ទំនិញវៀតណាមថែមទៀតផង។
ទង្វើនេះ ត្រូវបានឯកឧត្តម ឈាង វុន បញ្ជាក់ថា នៅក្នុងបរិបទនៃការទូត មិនដែលប្រទេសណាមួយគេមក សុំទោសយើងទេ វាជាកិត្តិយសរបស់ប្រទេសគេ ដូច្នេះគេមិនអាចធ្វើទៅបានទេ ហើយនៅ ក្នុងប្រវត្តិសាស្ត្រមនុស្សលោក មិនទាន់មានប្រទេសណាគេសុំទោសក្នុងរឿងបែបហ្នឹងទេ។ ឯកឧត្តម ឈាង វុន ក៏បានឲ្យដឹងថា នៅក្នុងឱកាសដែលឯកឧត្តមបានជួបជាមួយក្រុមបាតុករ កាលពីថ្ងៃទី៧ កន្លងទៅ ឯកឧត្តម ក៏បានធ្វើការណែនាំទៅក្រុមបាតុករថា ក្នុងនាមជាអ្នកនយោបាយ, ក្នុងនាមអ្នកតំណាងរាស្ត្រ ហើយក្នុងនាមជាអ្នកមានបទ ពិសោធន៍ការងារការទូត ដែលធ្លាប់ធ្វើជាអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាជាង១០ឆ្នាំ និងក្នុងនាមជាប្រធានគណៈកម្មការកិច្ចការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម បាន លើកហេតុផលជាច្រើនជម្រាបជូនទៅក្រុមបាតុករ ថា ស្អីដែលយើងគួរធ្វើនិងស្អីដែលយើងមិនគួរធ្វើ។
ឯកឧត្តម ឈាង វុន បានសង្កត់ធ្ងន់ថា បើក្រុមបាតុករនៅតែចចេស អ្នកខាងបង់ និងជាអ្នកចាញ់ក្នុងរឿងនេះគឺកម្ពុជាយើង មិនមែនវៀតណាមទេ។ ឯកឧត្តម បានបង្ហាញ ឲ្យឃើញថា តាមរយៈសកម្មភាពបាតុកម្មកន្លងមកនេះ បានធ្វើឲ្យសេដ្ឋកិច្ចមានការកករល្អក់, ធ្វើឲ្យផ្លូវថ្នល់វារាំងស្ទះ, ធ្វើឲ្យអ្នកលក់ដូរមានការអាក់អន់ចិត្ត, ហើយអ្នកធ្វើ ចរាចរក៏អាក់អន់ចិត្តដែរ។ ដោយឡែកការដែលយើង ដុតទង់ជាតិរបស់គេ ម្តងជាពី២ដងហ្នឹង នៅក្នុងអាស៊ានគេមិនសប្បាយចិត្តនឹងយើងទេ។ យើងជិតកសាងសហគមន៍អាស៊ានមួយ ក្នុងពេលឆាប់ៗនេះហើយ គឺនៅឆ្នាំ២០១៥ ហើយបើកម្ពុជាយើងទៅដុតទង់ជាតិនៅមុខ សា្ថនទូតមួយ ដែលជាសមាជិកអាស៊ានអីញ្ចឹង គឺនាំឲ្យមានបញ្ហាល្អក់កករ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ ក៏បានមានប្រសាសន៍ប្រាប់សារពត៌មាន (GNN) ថា ការធ្វើបាតុកម្មដោយមានសកម្មភាព ដង្ហែរក្បួន, ដុត និងការជាន់ឈ្លីទង់ជាតិវៀតណាម ការដុតលុយវៀតណាម នឹងការដុត មួកដួនរបស់ជនជាតិវៀតណាម ដែលថែមទាំងមានការសរសេរអក្សរជេរប្រមាថ ហើយរួម ទាំងបានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋឈប់ ប្រើប្រាស់ទំនិញវៀតណាមនោះ គឺជាទង្វើរ ខុសច្បាប់ទាំងស្រុង ព្រោះសាលារាជធានីភ្នំពេញពុំបានអនុញ្ញាតឲ្យក្រុមបាតុករធ្វើសកម្ម ភាពទាំងនោះទេ ក្រៅតែអំពីការអនុញ្ញាតឲ្យមានការជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យ៕
No comments:
Post a Comment