លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា គោលដៅនាំចេញត្រូវបានធ្វើពិពិធកម្ម ពីការផ្តោតលើទីផ្សារអាមេរិក ទៅផ្តោតលើទីផ្សារអឺរ៉ុប ជប៉ុន និងតំបន់អាស៊ាន និងប្រទេសដទៃទៀតដើម្បីពង្រីក និងបង្កើនការនាំចេញរបស់ខ្លួន។ លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថា បើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីជាការតបស្នងដល់អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាការជួយទ្រទ្រង់ដល់ការចរចា ក្រោមក្របខណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក និងពង្រឹងតួនាទីរបស់អង្គការនេះ ក្នុងកាលៈទេសៈសេដ្ឋកិច្ចពិភពលោកកំពុងតែទទួលរងពីនយោបាយគាំពារនិយម និងសង្គ្រាមពាណិជ្ជកម្ម ទោះបីកម្ពុជាត្រូវប្រឈមនឹងកង្វះធនធានមនុស្ស និងធនធានថវិកានៅមានកម្រិតនៅឡើយ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបានសម្រេចឱ្យបង្កើតស្ថានបេសកកម្មប្រចាំអង្គការនេះនៅឆ្នាំ២០១៧ ហើយបានណែនាំឱ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងអគ្គរាជទូតកម្ពុជានៅទីនេះ ខិតខំបំពេញតួនាទីធ្វើជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ឆ្នាំ ២០១៧-២០១៨ ឱ្យបានជោគជ័យ និងបន្តបំពេញតួនាទីយ៉ាងសំខាន់ក្នុងនាមជាសមាជិកផ្លូវការដើម្បីជួយដល់សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងសាធារណរដ្ឋឆាតក្នុងការដឹកនាំសម្រប សម្រួល ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចទាំង៣៦ប្រទេស ដើម្បីចរចាក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោកឱ្យបានជោគជ័យជាបន្តទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ជោគជ័យចម្បងមួយទៀតនោះ គឺកម្ពុជាត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មការនាយក គម្រោងក្របខណ្ឌពង្រឹងសមាហរណកម្ម ឆ្នាំ២០១៨ បន្ថែមលើសនេះទៀត កម្ពុជាក៏បានខិតខំ ប្រឹងប្រែង និងម្ចាស់ការលើការអនុវត្តកាតព្វកិច្ចនានា រួមទាំងកាតព្វកិច្ចនៃការជូនដំណឹង និងការត្រួតពិនិត្យឡើងវិញនូវគោលនយោបាយពាណិជ្ជកម្ម បានចំនួនពីរលើករួចមកហើយក្នុងឆ្នាំ២០១១ និងឆ្នាំ២០១៧ ព្រមទាំងបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្តល់សច្ចាប័នចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម និងបានអនុវត្តបទប្បញត្តិប្រមាណជាជាង៧០% រួចមកហើយផងដែរ៕
No comments:
Post a Comment