Sunday, January 11, 2015

ឯកឧត្តម​ ស្វាយ ស៊ីថា៖ ៧ មករា ជា​សច្ចធម៌​ប្រវត្តិសាស្ដ្រ រំលេច​នូវ​វីរភាព​គ្មាន​ពីររបស់​ឥស្សរជន​ដែល​បាន​រំដោះ​ប្រជាពលរដ្ឋ​ ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍

នៅ​ព្រឹក​ថ្ងៃ​ទី ១១ ខែ​មករា ឆ្នាំ​២០១៥ នៅ​ឃុំ​កុមាររាជា ស្រុក​បាទី ខេត្ត​តាកែវ មាន​ប្រារព្ធមិទ្ទិញ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៦ ថ្ងៃ​ ៧ មករា ១៩៧៩-៧ មករា ២០១៥ ជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់ បាន​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត និង​ចាត់​ទុក​ជា​​ថ្ងៃ​កំណើត​ទី​ពីរ​របស់​ខ្លួន។

ថ្លែ​ង​ទៅ​កាន់​ប្រជាពលរដ្ឋ យុវជន គ្រូបង្រៀន ប្អូនៗសិស្សា​នុសិស្ស​ប្រមាណ​ជាង ៣០០នាក់ ឯក​ឧត្តម ស្វាយ ស៊ីថា រដ្ឋ​លេខាធិការ​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ដ្រី និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ឃុំ​កុមាររាជា បាន​ជម្រាប​អំពី​ឬ​ស​គល់​ពិត​ប្រាកដ​នៃ​ថ្ងៃ​ ៧ មករា គឺ​ជា​សច្ច​ធម៌ប្រវត្តិសាស្ដ្រ​ ដែល​រំលេច​ឲ្យ​ឃើញ​នូវ​វីរភាព​គ្មាន​ពីរ​របស់​ថ្នាក់​ដឹកនាំ​នៃ​រាជរដ្ឋា​ភិ​បាល​ រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​បច្ចុប្បន្ន ដែល​បាន​រួប​រួម​គ្នា​បង្កើត​ចលនា​តស៊ូកម្លាំង​រណសិរ្ស​ ២ ធ្នូ ១៩៧៨ ដោយ​មាន​ការ​ចូល​រួម​ពី​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម ផ្ដួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត និង​ចាប់​ផ្ដើម​ស្ដារ​ កសាង​ប្រទេស​ពី​ចំណុច​សូន្យ រហូត​មាន​ការ​រីក​ចម្រើន​ស្ទើ​រ​គ្រប់​វិស័យ និង​ធានា​បាន​នូវ​សន្ដិ​ភាពពេញ​បរិបូរណ៍​ ដូច​មាន​ក្នុង​ពេល​បច្ចុប្បន្ននេះ។

ឯក​ឧត្តម​ ស្វាយ ស៊ីថា ក៏​បាន​ឆ្លើយ​តប​ទៅ​នឹង​ក្រុមអ្នក​នយោបាយ​មួយ​ចំនួន​ផង​ដែរ ដែលបាន និង​កំពុង​បង្កើន​ល្បឿន​ក្នុង​ការ​ឃោសនា បំភ្លៃ ភូត​កុហក សាធារណមតិ​ដោយ​ល្បិច​កល​គ្រប់​បែប​យ៉ាង តាម​រយៈ​ការ​លើក​ឡើង​ដោយ​ខុស​ឆ្គងថា ថ្ងៃ​ ៧ មករា ជា​ថ្ងៃ​ដែល​ប្រទេស​ជិត​ខាង​ឈ្លាន​ពាន​ទឹក​ដី ដោយ​ពួក​គេ​ព្យា​យាម​បំភ្លេច​ចោល​ទាំង​ស្រុង​នូវ​ទុក្ខ​វេទនា​របស់ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​របប​ខ្មៅ​ងងឹត​កាប់សម្លាប់​អស់​ជាង ៣លាន​នាក់ ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ងារ​ធ្ងន់​ហួស​កម្លាំង បំផ្លាញ​អស់​គ្មាន​សល់នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​នានា និង​ការ​យក​ទៅ​សម្លាប់​នូវ​ធនធាន​មនុស្ស បញ្ញវ័ន្ដ​ជា​ច្រើន។ ប៉ុន្ដែ​ ពួក​ក្រុម​ប្រឆាំង​មិន​និយាយ​មួយ​ម៉ាត់​សោះ និង​មិន​ទទួល​ស្គាល់​សោះ​ឡើយ នូវ​វិរភាពគ្មាន​ពីរ​របស់​ឥស្សរជន​ដែល​បាន​នាំ​មក​នូវ​​សុខសន្ដិភាព​ដូច​សព្វ​ថ្ងៃ។

ជា​ការ​បញ្ជាក់​ឡើង​វិញ អំពី​ការ​ពិត​នៃ​ប្រវត្តិ​សាស្ដ្រ​ ឯក​ឧត្តម ស្វាយ ស៊ីថា បាន​សង្កត់​ធ្ងន់​ថា​ មាន​ថ្ងៃ​១៧ មេសា​ ១៩៧៥ ទើប​មាន​ ២ ធ្នូ ១៩៧៨ មាន ២ ធ្នូ ១៩៧៨ ទើប​មាន ៧ មករា ១៩៧៩។ ដូច្នេះ អំពើ​កាប់​សម្លាប់​ដ៏​សាហាវ​ឃោរ​ឃៅ​នេះ មាន​ទំហំ​ធំ​ធេង​ណាស់ ប៉ុន្ដែ​ក្រុម​ប្រឆាំង​បាន​បន្ដ​ភូត​កុហក​សាធារណមតិ ហេតុ​នេះ គេ​អាច​គិត​ថា​ បញ្ហា​ផ្សេង​ៗ​ជា​ច្រើន​ទៀត ពួក​​ប្រឆាំង​​នឹង​បន្ដ​បោក​ប្រាស់​ប្រជាពលរដ្ឋ​គ្មាន​ទី​បញ្ចប់ ហើយ​ដែល​ការ​ពិត​ជាក់​ស្ដែង​នោះ កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​បាន​ដក​ចេញ​អស់​ពី​កម្ពុជា តាំង​ពី​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ឆ្នាំ​១៩៨៩ មក​ម្ល៉េះ។ ជាមួយ​គ្នានេះ ឯក​ឧត្តម​ ក៏​បាន​រំលឹក​ផង​ដែរ​ថា ពីព្រោះ​តែ​មាន​របប​ប្រល័យ​ពូជ​សាសន៍​នេះ​ហើយ ទើប​មាន​ការ​បង្កើត​នូវ​អង្គ​​ជំនុំ​ជម្រះ​វិសាម​ញ្ញ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម ដោយ​មាន​ការ​ចូល​រួម​ពី​អង្គការ​សហប្រជាជាតិ ចំណាយ​ថវិកា​រាប់​លាន​ដុល្លារ ក្នុង​គោល​ដៅ​​ជា​សំខាន់​ពីរ​យ៉ាង៖ ទី​មួយ- ឲ្យ​ពិភព​លោក​ស្វែង​យល់​អំពី​របប​ប្រល័យ​ពូជ​សាសន៍ និង​​​ទី​ពីរ​- ​​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​ចង​ចាំ​ និង​ទប់​ស្កាត់​របប​ប្រល័យ​ពូជ​សាសន៍​កុំ​ឲ្យ​វិល​ត្រឡប់​មកវិញ​​ជា​ថ្មី។

ក្នុង​ឱកាស​ជួប​សំណេះ​សំណាល​នៃ​ពិធីនេះ​ដែរ ឯក​ឧត្តម ស្វាយ ស៊ី​ថា ក៏​បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​មូលដ្ឋាន ត្រូវ​ខិត​ខំ​ពង្រឹង​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ​ និង​អាជ្ញាធរ​ត្រូវ​តែ​ខំ​ទប់​ស្កាត់​ការ​កើត​មាន​នូវ​ល្បែង​ស៊ីសង និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន ដើម្បី​ធានានូវ​ភាព​សុខ​សាន្ត​​ជូន​ប្រជាពលរដ្ឋ​។ ជាពិសេស​ ឯកឧត្តម ក៏​រំលឹក​ជូន​ដល់​​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ចាញ់​បោក​ការ​ឃោសនា​បោក​ប្រាស់​របស់​ក្រុម​ប្រឆាំង​ ដែល​និយាយ​បំភ្លើស​អំពី​មីក្រូ​ហិរញ្ញវត្ថុ​ ដែល​មីក្រូ​ហិរញ្ញវត្ថុនេះ​សំដៅដល់​​សេវា​ធនាគារ ផ្ដល់​ប្រាក់​កម្ចី​មួយ​ចំនួន​ ដោយ​ពួក​គេ​ថា ធនាគារ​ទាំង​នេះជា​របស់​រដ្ឋ​ ហើយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅខ្ចី​ដោយ​ខ្វះ​ការ​ទទួ​ល​ខុស​ត្រូវ​ គឺ​ប្រឈមនឹង​ការ​បាត់​បង់​ដីធ្លី ផ្ទះ​សម្បែង ពីព្រោះ​ការ​ពិត​​ ធនាគារ​ទាំង​នេះ គឺ​ជា​របស់​ក្រុម​ហ៊ុន​ឯក​ជន​នោះ​ទេ​។ ប៉ុន្ដែ​ក្នុង​ទិស​ដៅ​ខាង​មុខ​ទៀត​ ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ក្នុង​ខេត្ត​តាកែវ នឹង​បង្កើត​សហគមន៍​កសិកម្ម​ដើម្បី​សម្រួល​ដល់​ការ​លំបាក​ជាក់​ស្ដែង​របស់ប្រជាពលរដ្ឋ​​ឲ្យ​ជៀស​ផុត​ពីការ​បោក​ប្រាស់​របស់ក្រុម​ប្រឆាំង​។

បន្ទាប់​ពី​បញ្ចប់​ពិធី​សំណេះ​សំណាល​រួច​មក ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ដែន​ដី​ បាន​ជួប​ជុំ​គ្នា​ពិសា​អាហារ​សាមគ្គី​ និង​ច្រៀង​រាំ​កំសា​ន្ដ​យ៉ាង​សប្បាយ​រីករាយ​ខុស​ពី​អតីត​កាល​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ និង​២០​ថ្ងៃ ដ៏​ខ្មៅ​ងងឹត ប្រៀប​ដូច​គុ​ក​ឥ​ត​ជញ្ជាំង​ដែល​បំបិទ​សិទ្ធិ​សេរីភាព​គ្រប់​យ៉ាង​ ត្រូវ​បាន​កាត់​ផ្ដាច់​។













No comments:

Post a Comment