Friday, April 22, 2022

វិភាគអន្តរជាតិ៖ តើ Donbas ជាសមរភូមិសង្រ្គាមផ្ដាច់ព្រ័ត្ររបស់លោក ពូទីន នៅអ៊ុយក្រែន ឬ?

(កៀវ)៖ អភិបាលតំបន់លូហាន់ក៍ (Luhansk) លោក សឺហ៉ី ហៃដៃ (Serhiy Haidai) បាននិយាយថា កងកម្លាំងរុស្ស៊ី នាពេលឥឡូវនេះ បានវាយដណ្ដើមគ្រប់គ្រងបាន ៨០ភាគរយនៃតំបន់នេះហើយ ដែលជាតំបន់មួយក្នុងចំណោមតំបន់ចំនួនពីរ ដែលបង្កើតបានជាតំបន់ដុនបាស់ (Donbas) ស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន។

មុនពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះ រដ្ឋាភិបាលទីក្រុងកៀវគ្រប់គ្រង ៦០ភាគរយនៃតំបន់ Luhansk។ បើតាម ក្រុមអ្នកជំនាញ សមរភូមិសង្រ្គាមក្នុងតំបន់ដុនបាស់ ពិតជាមានសារៈសំខាន់ចំពោះលោក ពូទីន ពីព្រោះថាជ័យជម្នះនៅក្នុងសមរភូមិភាគខាងកើតនេះ នឹងកំណត់ពីជោគជ័យដ៏ធំសម្បើមនៃសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែនដែលអូសបន្លាយពេលអស់ ៥៦ថ្ងៃមកនេះ។ ប៉ុន្តែហេតុអ្វីបានជាតំបន់ដុនបាស់ មានសារៈសំខាន់សម្រាប់លោក ពូទីន?

ទីភ្នាក់ស៊ើបការណ៍សម្ងាត់អាមេរិកបានឱ្យដឹងថាលោក ពូទីន អាចនឹងយកថ្ងៃទី៩ ខែឧសភាខាងមុខ ដែលជាថ្ងៃបុណ្យជាតិនៃទិវាជ័យជម្នះរបស់ កងទ័ពរុស្ស៉ីលើកងទ័ពណាហ្ស៊ីអាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២ គឺជាកាលកំណត់នៃសង្រ្គាមនៅអ៊ុយក្រែន។ វាមិនមែនជាកាលកំណត់ដើម្បីឈ្នះ សង្រ្គាមដែលនឹងកើតឡើងនៅពេលបន្ទាប់នោះទេ តែនៅថ្ងៃនោះ លោក ពូទីន ត្រូវតែមានជ័យជម្នះមួយដើម្បីយកមកប្រាប់ប្រជាជនរុស្ស៉ី។ ដុនបាស់ ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ជាប់ព្រំដែនជាមួយរុស្ស៉ី គឺជាទីដែលមានប្រជាជននិយាយភាសារុស្ស៉ីភាគច្រើនរស់នៅ និងសម្បូរទៅដោយ ធនធានធម្មជាតិ ហើយបើគេចាំមិនភ្លេចទេ នៅក្នុងសុន្ទរកថាប្រកាសសង្រ្គាមលើអ៊ុយក្រែន លោក ពូទីនបានប្រកាសត្រង់ៗថាកងទ័ពរុស្ស៉ីនឹងការពារ ប្រជាជននិយាយភាសាររុស្ស៉ី និងរំដោះតំបន់ដុនបាស់ពីក្រុមអ្នកជាតិនិយមអ៊ុយក្រែនដែលលោកផ្ទាល់ចាត់ទុកថាជា «ពួកណាហ្ស៊ី»។

ជាការពិតណាស់, មកទល់នឹងពេលនេះសង្រ្គាមរបស់លោក ពូទីននៅអ៊ុយក្រែន ត្រូវបានគេមើលឃើញថាដំណើរការផ្ទុយពីអ្វីដែលលោកចង់បាន ពោលគឺ មិនអាចវាយចូលកាន់កាប់រដ្ឋធានីកៀវ, សង្រ្គាមកាន់តែជួយពង្រឹងគំនិតស្នេហាជាតិនៃកងទ័ព និងប្រជាជនអ៊ុយក្រែន ហើយកាន់តែធ្វើឱ្យ NATO និងបណ្ដាប្រទេសលោកខាងលិចរួបរួមគ្នាជាថ្មី។ ដូច្នេះហើយ ទើបថាសមរភូមិសង្រ្គាមដុនបាស់មានសារៈសំខាន់ ដ្បិតវាអាចឱ្យលោក ពូទីន ប៉ះប៉ូវការខកបំណងទាំងនេះជាមួយការប្រកាសប្រាប់ប្រជាជនរុស្ស៉ីថាលោកមិនដែលចង់គ្រប់គ្រងទីក្រុងកៀវទេ ដោយលោកផ្ដោតលើតំបន់ដុនបាស់ ប៉ុណ្ណោះ។

នៅថ្ងៃទី៩ ខែឧសភា, លោក ពូទីនអាចនឹងឈរលើវេទិកានៅឯទីលានក្រហមក្នុងទីក្រុងមូស្គូ ដើម្បីថ្លែងសារស្ដីពីតំបន់ដុនបាស់ នោះគឺលោកអាចនឹង ប្រកាសពីការរំដោះតំបន់ដុនបាស់បានទាំងស្រុងពីកណ្ដាប់ដៃពួកណាហ្ស៊ី ហើយមិនតែប៉ុណ្ណោះ លោកក៏ទំនងជាអនុញ្ញាតឱ្យតំបន់មួយនេះរៀបចំ ការបោះឆ្នោតប្រជាមតិចូលរួមជាមួយរុស្ស៉ី ដូចជាតំបន់គ្រីមៀកាលពីឆ្នាំ២០១៤។ គេនៅចាំបានថា នៅក្រោយការប្រារព្ធទិវាជ័យជម្នះកាលពីឆ្នាំ២០២១ លោក ពូទីនបានចេញផ្សាយអត្ថបទមួយដោយលើកឡើងថាប្រជាជនរុស្ស៉ី និងអ៊ុយក្រែនគឺជាប្រជាជនតែមួយ។ ដោយឡែក ជ័យជម្នះដែលអាចនឹង ធ្លាក់ក្នុងដៃលោក ពូទីនដែរនោះ គឺទីក្រុងកំពង់ផែម៉ារីយូប៉ូល។ ប្រសិនបើរុស្ស៉ីកាន់កាប់ទីក្រុងនេះបាន នោះកងទ័ពរុស្ស៉ីអាចនឹងបង្កើតច្រករបៀងមួយ រវាងទឹកដីដែលពួកគេគ្រប់គ្រងក្នុងតំបន់ដុនបាស់ និងតំបន់គ្រីមៀ ដែលអាចនឹងជួយពង្រឹងការគ្រប់គ្រងទឹកដីអ៊ុយក្រែនមួយផ្នែកធំរបស់ទីក្រុងមូស្គូ ហើយនេះអាចសំខាន់ជាងយកបានទីក្រុងកៀវទៅទៀត។ ពីព្រោះថាវាចំណេញដល់យុទ្ធសាស្ត្រពង្រីកឥទ្ធិពលរបស់រុស្ស៉ីផង និងធ្វើឱ្យប៉ះពាល់ដល់ យុទ្ធសាស្ត្រ, សេដ្ឋកិច្ច និងអធិបតេយ្យភាពរបស់អ៊ុយក្រែនផងដែរ។

ម្លោះហើយ ដើម្បីអាចយកជ័យជម្នះឱ្យបានមុនថ្ងៃទី៩ ខែឧសភា, អំណេះតទៅ សង្រ្គាមក្នុងតំបន់ដុនបាស់នឹងក្លាយជាសង្រ្គាមយ៉ាងបង្ហូរឈាម ដោយ កងទ័ពរុស្ស៉ីនឹងប្រើកម្លាំងពេញទំហឹងវាយផ្ដាច់ព្រ័ត្រយកតំបន់មួយនេះ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គីបានបញ្ជាក់ថាអ៊ុយក្រែននឹង មិនបោះបង់ទឹកដីក្នុងតំបន់ភាគខាងកើត ជាថ្នូរនឹងការបញ្ចប់សង្រ្គាមជាដាច់ខាត។ ដ្បិតលោកជឿថាប្រសិនបើរុស្ស៉ីយកបានតំបន់ដុនបាស់ នោះលោក ពូទីន អាចនឹងត្រឡប់ទៅរកទីក្រុងកៀវសាជាថ្មី៕

ប្រភព៖ CNN (ថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២)

ដោយ ៖ Fresh News







No comments:

Post a Comment