យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី០១
ខែកក្កដា ឆ្នាំ២០១៥ ដែលចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី
០៧ ខែកក្កដា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ដើម្បីអនុវត្តការប្រមូលចំណូលពីកម្រៃសេវារដ្ឋបាល
និងដើម្បីជាគុណប្រយោជន៍ថវិកាជាតិ ក្រសួងមហាផ្ទៃសម្រេច ផ្ទេរមុខងារនៃការផ្តល់សេវារដ្ឋបាលកិច្ចការស្ថិតិប្រជាពលរដ្ឋ
ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ទៅឲ្យស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។
នៅក្នុងនោះ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត
មានភារកិច្ចប្រមូលចំណូលពីការផ្តល់សេវារដ្ឋបាល និងទទួលខុសត្រូវក្នុងការគ្រប់គ្រងចំណូលដែលប្រមូលបាន
បង់ប្រាក់ចំណូលចូលថវិកាជាតិ និងធ្វើសលាកប័ត្រចំណូល ព្រមទាំងចុះបញ្ជីការគណនេយ្យស្តីពីកិច្ចប្រតិបត្តិការចំណូល
និងកត់ត្រាតាមដានប្រាក់ចំណូលនៅក្នុងជំពូក គណនីអនុគណនី នៃមាតិកាថវិកា ដែលអគ្គនាយកដ្ឋានភស្តុភារ
និងហិរញ្ញវត្ថុបានចង្អុលណែនាំ។
ក្នុងសេចក្តីប្រកាសដដែលបានបញ្ជាក់ទៀតថា
ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវធ្វើរបាយការណ៍អំពីលទ្ធផលនៃការផ្តល់សេវារដ្ឋបាល
លើការងារស្ថិតិប្រជាពលរដ្ឋរៀងរាល់ខែ មកកាន់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ក្រៅពីនេះនឹងមានការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត
សម្រាប់ឧបត្ថម្ភជូនអង្គភាពដែលបានបំពេញភារកិច្ចផ្ទាល់ និងអង្គភាពពាក់ព័ន្ធលើការបម្រើសេវារដ្ឋបាល
ព្រមទាំងសម្រាប់ពង្រឹងយន្តការប្រមូលចំណូលដូចមានចែងក្នុងតារាងឧបសម្ព័ន្ធភ្ជាប់ជាមួយប្រកាសនេះ៕



No comments:
Post a Comment