Thursday, June 03, 2021

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់៖ កម្ពុជាអនុញ្ញាតតាមសំណើ ឱ្យអនុព័ន្ធយោធាអាមេរិក ចុះពិនិត្យមើលកំពង់ផែរាម ដើម្បីឱ្យអស់មន្ទិល

 លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យអនុព័ន្ធយោធាសហរដ្ឋអាមេរិក ចុះពិនិត្យកំពង់ផែរាម ដើម្បីឱ្យអស់មន្ទិលសង្ស័យថាមានមូលដ្ឋានទ័ពចិន។

ការអនុញ្ញាតនេះ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកតាមរយៈ លោកស្រី Wendy Ruth Sherman អនុរដ្ឋមន្រ្តីការបរទេសអាមេរិក បានស្នើសុំលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចុះពិនិត្យមើលកំពង់ផែនេះ ក្នុងពេលជំនួបជាមួយលោក អំឡុងលោកស្រីមកបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

ទោះជាយ៉ាងនេះក្តី ប្រមុខក្រសួងការពារជាតិកម្ពុជា មិនទាន់បញ្ជាក់អំពីពេលវេលាពិតប្រាកដ ដែលអនុព័ន្ធយោធាអាមេរិក នឹងទៅកាន់តំបន់កំពង់ផែរាមនេះ ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងនៅឡើយទេ ដោយលោកបញ្ជាក់ថា ពួកគេអាចមកពិនិត្យកំពង់ផែរាម នៅពេលឆាប់ៗខាងមុខនេះ។

សំណើចុះពិនិត្យតំបន់រាមនេះ បានធ្វើឡើងបន្ទាប់ពី សារព័ត៌មានមួយចំនួនរបស់សហអាមេរិក នៅតែបន្តវាយប្រហារជាបន្តបន្ទាប់ថា កម្ពុជាបានអនុញ្ញាតឱ្យចិន ដាក់មូលដ្ឋានទ័ពនៅក្នុងប្រទេស នៅតំបន់រាម ខណៈដែលកម្ពុជាបានបំភ្លឺម្តងហើយម្តងទៀតថា ខ្លួនមិនអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេសនោះឡើយ ហើយក៏មិនមានមូលដ្ឋានទ័ពបរទេសនៅក្នុងប្រទេសកម្ពុជាដូចការផ្សព្វផ្សាយបំភ្លៃនោះដែរ។

ពាក់ព័ន្ធករណីកំពុងផែរាមនេះ ត្រូវបានលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បញ្ជាក់ឱ្យដឹងថា កម្ពុជាគ្រាន់តែទទួលបានជំនួយពីចិនដែលជាមិត្តដែកថែប ក្នុងការជួយសាងសង់កំពង់ផែតំបន់រាម ឱ្យមានលក្ខណៈធំទូលាយ និងទំនើបជាងមុនប៉ុណ្ណោះ ហើយជំនួយនេះមិនមានលក្ខខណ្ឌដូចមហាអំណាចដទៃទេ។

លោកបានបញ្ជាក់យ៉ាងច្បាស់ថា បន្ទាប់ពីសាងសង់រួច កម្ពុជាទេជាអ្នកប្រើប្រាស់នូវកំពង់ផែទំនើបនេះ ដោយមិនបានប្រគល់ឱ្យចិនផ្តាច់មុខ ដូចការចោទប្រកាន់របស់អាមេរិកនោះឡើយ។ សម្តេចអះអាងថា បើសិនជាពឹងលើលទ្ធភាពរបស់កម្ពុជាខ្លួនឯង ប្រហែលជាសាងសង់មិនទាន់រួចទេ ដោយសារតែកំពង់ផែនេះទំនើប និងធំទូលាយទាន់សម័យ ដូច្នេះមានតែស្វែងរកដៃគូផ្តល់ជំនួយប៉ុណ្ណោះ។

បើតាមលោកឧបនាយករដ្ឋមន្រ្តី រហូតដល់ពេលនេះ កំពង់ផែរាម កំពុងស្ថិតនៅក្នុងការរៀបចំស្ថាបនានៅឡើយ ដោយដៃគូផ្តល់ជំនួយបានបញ្ជូនសម្ភារៈ និងឧបករណ៍ប្រើប្រាសដើម្បីសាងសង់ជាបណ្តើរៗផងដែរ ៕








No comments:

Post a Comment