Tuesday, September 10, 2019

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ លោក ឆេង សារឿន រដ្ឋលេខាធិការ តំណាង លោកស្រី ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីសំណាក់ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សា ខេត្តពោធិ៍សាត់ លោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយករដ្ឋានរដ្ឋបាលកិច្ចការទូទៅ លោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយករដ្ឋានអធិការកិច្ច ប្រធាននាយកដ្ឋានរដ្ឋបាល ប្រធាននាយកដ្ឋានបុគ្គលិក និងធនធានមនុស្ស រួមទាំងអស់លោក លោកស្រី មន្ត្រីរាជការជុំវិញខេត្តពោធិ៍សាត់ យ៉ាងច្រើនកុះករ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំរដ្ឋបាលខេត្តពោធិ៍សាត់ ។
ថ្លែងក្នុងឱកាសនោះ លោក ឆេង សារឿន ក៏បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ លោកស្រី ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជូនដល់អង្គពិធីទាំងមូល និងបានផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់ប្រធានមន្ទីរ ដែលទើបតែងតាំងថ្មី និងមន្ត្រីរាជការក្រោមឱវាទចំណុះឲ្យមន្ទីរ ត្រូវពង្រឹងសមត្ថភាពខ្លួន ត្រូវអនុវត្តតួនាទី និងភារកិច្ចឲ្យសមស្របតាមតួនាទីរបស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តពោធិ៍សាត់ ជាពិសេស ត្រូវពង្រឹងនឹងរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងរវាងមន្ត្រីរាជការទាំងអស់ក្នុងមន្ទីរ ក៏ដូចជា អង្គភាព និងមន្ទីរនានាជុំវិញខេត្ត ។

យោងតាមប្រកាសលេខ ០៥៩/១៩ ទរពអ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ចត្រូវបានតែងតាំង លោក វ៉េត វិសេសបញ្ញា ពីអនុប្រធានមន្ទីរ ទៅជាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ចខេត្តពោធិ៍សាត់ ជំនួសលោក សំ ណារិទ្ធិ អតីតប្រធានមន្ទីរ ដែលត្រូវបាន រាជរដ្ឋាភិបាលតែងតាំង ជាអភិបាលស្រុកតាលោសែនជ័យ ។



No comments:

Post a Comment