Saturday, December 14, 2013

បទ​អត្ថាធិប្បាយ ដោយ ពូន​ សំរេច «ច្បាប់​ព្រៃ វាផ្ទុយ​ពី​​​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​!»

បទ​អត្ថាធិប្បាយ
ច្បាប់​ព្រៃ វាផ្ទុយ​ពី​​​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​!

          ការ​ប្រកាសរបស់​មេដឹក​នាំគណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បង្ខំ​ឱ្យ​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ស្រប​ច្បាប់​របស់កម្ពុជា​ត្រូវ​តែ​ចុះ​ចេញ​ពី​តំ​ណែង​ គឺ​ជាទង្វើ​បំ​ពាន​ច្បាប់​ ជា​ការ​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ វា​មាន​តម្លៃ​ស្មើ​នឹង​ការយក​​ច្បាប់​ព្រៃ​មក​អនុវត្តនៅ​កម្ពុជា​។
          មេដឹក​នាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី និង​ កឹម សុខា មក​ដល់​នាទី​នេះ ត្រូវ​បាន​គេដឹង​ថា ខ្វះ​​ភាព​ជា​បញ្ញា​ជន​ ភ្លេច​ស្គាល់អំពី​​តម្លៃ​​ខ្លួន​ឯង​ថា ជា​ជាតិ​សាសន៍​ខ្មែរដែល​គួរ​តែ​ជា​អ្នក​ប្រកាន់​នូវ​ភាព​ថ្លៃ​ថ្នូរ លើក​តម្កើង​កិត្តិយសជាតិ​ គោរពរដ្ឋធម្មនុញ្ញ និង​ដង្ហែរ​តាម​ព្រះ​រាជ​តម្រិះ​របស់​ព្រះ​មហា​ក្ស​ត្រ​​ជា​ទី​គោរព​​បំ​ផុត​របស់​ប្រជាពល​រដ្ឋ​ខ្មែរគ្រប់​រូប​ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​ ពួក​ក្រុមមេដឹកនាំ​គណបក្ស​​ប្រឆាំង​ បែរ​ជា​ប្រកា​ស​ខ្លួន​ធ្វើ​ជា​ជន​ពាលដ៏​កាចសាហាវ​​ តាម​រយៈសកម្ម​ភាព​បង្ក​ភាព​ចលាចល​ វឹក​វក្នុង​សង្គម​ ម្តង​ហើយ​ ​ម្តង​ទៀត​ឥត​ស្រាក​ស្រាន្ត​។
​មេបក្ស​ប្រឆាំង​​ សកម្ម​ជន​មួយ​ក្រុម​តូច រួម​ទាំង​បក្ខពួក​ ក្រោយ​ការ​បោះ​ឆ្នោត​បាន​បង្កើត​ជា​កម្លាំង​បះ​បោរ ជ្រក​ក្រោម​ឈ្មោះ​ប្រជា​ធិបតេយ្យ​ក្លែង​ក្លាយ​ ញុះ​ញង់​ប្រជាពល​រដ្ឋ​ឱ្យងើប​ឡើង​ធ្វើ​មហាបាតុកម្ម​ប្រឆាំង​ជា​មួយ​រាជ​រដ្ឋាភិបាលខ្លួន​ឯង​ ដោយ​យក​តាម​គំ​រូ​បដិវត្តនៅ​អារ៉ាប់​ និង​ចលនាបះ​បោរតាម​របៀប​ដូច​នៅ​ប្រទេសជិត​ខាង​ខ្លះទៀត​។
បញ្ហា​នៅ​ប្រទេសដទៃ​មួយចំ​នួន​ដែល​កំ​ពុង​មាន​ភាព​កាលាហល​សង្គម​  វាមាន​សភាព​ផ្សេង​ពី​នយោបាយ​នៅ​កម្ពុជា​។ នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ បាន​ធ្វើ​ការ​បោះ​ឆ្នោតរួច​ហើយ សម្រាប់​ការ​ជ្រើសតាំង​សមាជិករដ្ឋ​​សភា នីតិកាល​ទី​៥​ តាម​បែប​ប្រជា​ធិបតេយ្យ សេរី​ពហុបក្ស ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព​ ត្រឹម​ត្រូវ​ និង​យុត្តិធម៌បំ​ផុត​ ក្រោម​ក្រសែភ្នែក​អ្នក​សង្កេត​ការណ៍​គ្រប់​គណបក្ស​នយោបាយ​ អង្គការជាតិ អន្តរជាតិ​នានា។ ការបោះ​ឆ្នោត​កន្លង​មក​នេះ ត្រូវ​បាន​អ្នក​សង្កេត​ការណ៍សម្រាប់​ការ​បោះ​ឆ្នោត​អន្តរជាតិ​ ICAPP និង​ CAPDI បាន​វាយតម្លៃ​ខ្ពស់​ថា ប្រជា​ធិបតេយ្យ​ បាន​ និង​កំ​ពុង​ចាស់​ឬស​យ៉ាង​​ជ្រៅ​នៅ​កម្ពុជា។
ការ​ពិត​នៅ​កម្ពុជា​ តាំង​ពី​មុន​ការ​បោះ​ឆ្នោត​ និងមក​ដល់​បច្ចុប្បន្ន ​មិន​មាន​ការ​​ជាប់​គាំង​នយោបាយសោះ​ឡើយ ដោយ ​ស្ថាប័ន​នីតិ​បញ្ញត្តិ​ ប្រតិបត្តិ​ បាន​ និង​កំ​ពុង​ដំ​ណើរការជា​ប្រក្រតី​ក្នុង​ភាព​ស្រប​ច្បាប់​របស់​ខ្លួន​ តាំង​តែ​ពី​ពេលបើក​​សម័យ​ប្រជុំ​សភា​លើក​ដំ​បូងក្រោម​ព្រះ​រាជាធិបតី​ដ៏ខ្ពង់​ខ្ពស់​បំ​ផុត​របស់​​ព្រះ​មហាក្សត្រមក​ម៉្លេះ​​។ ផ្ទុយ​ទៅ​វិញ​ ទង្វើដែល​​គ្មាន​មូល​ដ្ឋាន​ច្បាប់​របស់​ក្រុម​ប្រឆាំង​ ដូច​ជា​ការ​បដិសេធ​លទ្ធផល​ឆ្នោត ការធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា ការ​ជេរ​ប្រមាថ​មកលើស្ថាប័នជាតិ​ដោយ​ពាក្យ​អសុរោះ​ ការប៉ុនប៉ង​យក​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​ឈ្នះ​ឆ្នោត​​​​ធ្វើ​ជា​ចំ​ណាប់​ខ្មាំង​ ក្រោម​លេសចោទ​ប្រកាន់​ថា បាន​លួច​បន្លំ​សន្លឹក​ឆ្នោត និង​ការ​ដឹក​នាំ​ធ្វើ​បាតុ​កម្ម​ ដោយ​ហែរក្បួន​យ៉ាង​អានាធិបតេយ្យ​ក្នុង​ទី​ក្រុង​ ទី​ប្រជុំ​ជន និង​នៅ​តាម​បណ្តា​ខេត្ត​នានា​ ។ល។ និង​។ល។ គឺគណបក្ស​សង្គ្រោះ​ជាតិ​​ទៅ​វិញ​ទេ ដែលជា​ឆ្នួនសង្គ្រាម​​នាំ​ឱ្យ​មាន​ហិង្សាសង្គម​ ជា​មេក្រុម​ជ្រុល​និយម​​ ​ ដែល​នាំ​ឱ្យ​សង្គម​បែក​បាក់​ឯកភាព​ជាតិ​ ដោយ​ពួក​គេតែង​លាបព៌ណខ្មែរ​ថា ជា​យួន ឬជា​ចោរលួច​សន្លឹក​ឆ្នោត​ជាដើម។ នេះ​ហើយ គឺ​ជា​ការ​នាំ​គ្រោះ​ភ័យ​ដល់​ជាតិ​ ហើយ​វាក៏​​ជា​ទង្វើ​​អាក្រក់​របស់មេដឹក​នាំ​​គណបក្ស​ប្រឆាំង​ ដែល​បាន និង​កំ​ពុង​តែបំ​ផ្លាញ​​នីតិ​រដ្ឋ​យ៉ាង​ជាក់​ច្បាស់នៅ​កម្ពុជា​ នៅ​ពេល​ដែល​គណបក្ស​របស់​ខ្លួន​ចាញ់​ឆ្នោត ហើយ​បង្ក​បញ្ហា​វឹក​វបែប​នេះ​។
មិន​ដូច​អ្វី​ដែល​គណបក្ស​ប្រឆាំង​កំ​ពុង​ស្រែក​ភូត​កុហក​ បំ​ភ័ន្ត​សាធារណ​មតិនោះ​ទេ គឺ​សហគមន៍​ជាតិ និង​អន្តរជាតិ​ បាន​ដឹង​ច្បាស់​ណាស់​ អំពី​ភាព​មិន​ប្រក្រតី​មួយ​ចំ​នួន​ក្រោយ​ការ​បោះ​ឆ្នោត ដោយ​កម្ពុជា​ មាន​យន្ត​ការ​ច្បាប់​សម្រាប់​ដោះ​ស្រាយ​បញ្ហា​អស់​ទាំង​នោះ​រួច​រាល់​ហើយ តាម​រយៈការ​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​ដោយ​ក្រុម​ប្រឹក្សាធម្មនុញ្ញ និង​បាន​បើក​កញ្ចប់​សុវត្ថិ​ភាព​«ក» នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​មួយ​ចំ​នួន តាម​ការ​ទាម​ទារ​របស់គណ​បក្ស​សង្គ្រោះ​ជាតិ គឺ​មិន​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ បង្ក​ជាឧបសគ្គប៉ះ​ពាល់​ដល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ​។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ទន្ទេញ​ពាក្យ ភាព​មិន​ប្រក្រតី​ជាប់​រហូតមក​ ដដែល​ៗ​ ដោយ​គ្មាន​ទទួល​ស្គាល់​ការពិត​។
បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំ​នួនដែល​មាន​និន្នាការ​គាំ​ទ្រ​បក្ស​ប្រឆាំង កាលពី​ថ្ងៃ​ទី​​១២ ខែ​ធ្នូ​ ឆ្នាំ​២០១៣នេះ​ មេដឹក​នាំ​គណបក្ស​​សង្គ្រោះ​ជាតិ​ ហាក់​ដូច​ជា​មាន​នូវ​សុ​ទិដ្ឋិនិយម​ជ្រុល​ហួសហេតុ​ ដែល​ថា គណបក្ស​របស់​ខ្លួន​នឹង​ដឹក​នាំ​ប្រទេស​ក្នុង​ពេល​ឆាប់​ៗនេះ បន្ទាប់​ពី​ពួក​គេធ្វើ​ការ​ប្រមូល​ផ្តុំ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ ដែល​តាម​ប្រកាសថា នឹង​មាន​អ្នក​ចូល​រួម​រាប់​ម៉ឺន​នាក់ ប៉ុន្តែ​ ការ​ពិត​ជាក់​ស្តែង​ មហាបាតុកម្ម​កាលពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ក្នុង​ទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ​ មានអ្នក​ចូល​រួម​ប្រមាណ​ជាង​២ពាន់​នាក់​តែ​ប៉ុណ្ណោះ។ ការ​ធ្លាក់​ចុះ​ចំ​នួន​អ្នក​គាំ​ទ្រដ៏​គំ​ហុកបែ​បនេះ ​បង្ហាញ​ថា ប្រជា​ពល​រដ្ឋ​បាន​ធុញ​ទ្រាន់​នឹង​ការ​ចូល​រួម​ធ្វើ​បាតុកម្មម្តង​ហើយ​ម្តង​ទៀតនោះ​​ ដោយ​អាច​ថា ពួក​គាត់​អស់​សង្ឃឹម​ ឬ​ដឹង​ថាបាន​​ចាញ់​បោក​អ្នក​នយោបាយ​ប្រឆាំងទាំង​នោះ។ ប៉ុន្តែ ការ​ធ្លាក់​ចុះ​នៃ​ចំ​នួន​អ្នក​ចូល​រួម​ វាក៏​ជា​សញ្ញាបញ្ជាក់​យ៉ាង​ច្បាស់​នូវ​ភាព​​ខ្សោះ​ខ្យល់របស់​មេបក្ស​ប្រឆាំង​ អំពី​របៀប​ដឹក​នាំ​ធ្វើ​នយោបាយ​ដែល​​គ្មាន​គោល​ការណ៍​ច្បាស់​លាស់​ គឺធ្វើ​តាម​​​​អារម្មណ៍​​រវើ​រវាយ​ ម្តង​គិត​ឃើញ​ចង់​ធ្វើ​នេះ ម្តង​គិត​ឃើញ​ចង់ធ្វើ​​នោះ​ តាមតែ​អំពើចិត្ត​ ។ ​​
ក្រុម​អ្នក​ច្បាប់​ និង​អ្នក​កាទូត​មួយ​ចំ​នួន​ បាន​រិះ​គន់ត្រង់​ៗ​ចំពោះមេដឹក​នាំគណ​​បក្ស​ប្រឆាំង​ថា  បាន​ និង​កំ​ពុង​លេង​នយោបាយ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ចំ​ពោះ​ជាតិ​ខ្លួន​ឯង។ គ្រោះ​ថ្នាក់​នោះ​ គឺ​ការ​ភ្លេចគិត​អំ​ពី​ផល​វិបាក ជាហេតុ​​បច្ច័យ​ត្រឡប់​មក​ពួក​ខ្លួន​វិញ​ ឬ​ក៏​អាច​នឹង​កើតមាន​​ឡើង​នូវ​បញ្ហា​ធ្ងន់​ធ្ងរ​​ដល់ប្រជាពល​រដ្ឋ​​​ជា​ក្រុមអ្នក​គាំ​ទ្រ​ នៅ​ពេល​ដែល​​សកម្ម​ភាព​ប្រឆាំង​រដ្ឋ​ធម្មនុញ្ញបាន​រអិល​ធ្លាក់​ចូល​ទៅ​ក្នុង​បទ​ល្មើសព្រហ្ម​ទណ្ឌ​ បទ​ល្មើសកុបកម្ម​ តាម​រយៈអំពើ​ញុះ​ញង់​ បះ​បោរ ចលាចល​ ប៉ះ​ពាល់​ដល់សណ្តាប់​ធ្នាប់​សាធារណៈ និង​​សន្តិសុខជាតិ​ ខណៈដែល​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​​អនុវត្ត​វិធាន​ការ​ច្បាប់​។ 
​ការ​ដឹកនាំ​នយោបាយ​តាម​អារម្មណ៍​ បាន​ស្តែង​ឡើង​នៅ​ពេល​ដែល​គេដឹង​ថា មេដឹក​នាំ​គណបក្ស​ប្រឆាំង​ លោក សម រង្ស៊ី ​តែ​ង​តែធ្វើ​នយោបាយ​ប្រកាន់​ខ្ជាប់​នូវ​បរទេស​និយម បំ​ផ្លាញ​អ្នក​វិនិយោគ​​មិនឱ្យ​មក​បណ្តាក់​ទុន​នៅ​ស្រុកខ្មែរ ជ្រើសរើសយក​ការ​ធ្វើ​បាតុកម្ម​​ជា​មធ្យោ​បាយ​ដើម្បី​ដណ្តើម​អំ​ណាច​ ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ជា​និច្ចកាល​ សម រង្ស៊ី បាន​​ប្រដូច​ខ្លួនឯង​​ទៅ​នឹង​ឥស្សរជន​នៃ​បណ្តា​ប្រទេស​មួយ​ចំ​នួន​ ដូចជា​ មហាត្មះ​គន្ធី នៃ​ប្រទេស​ឥណ្ឌា អ៊ុង​សាន​ស៊ូ​ជី​ នៃ​ប្រទេស​ភូមា  និង​លោក ណែល​សុន ម៉ាន់​ដឺឡា អតី​តប្រធានាធិបតី អាព្រិក​ខាង​ត្បូង​ ដែល​ទើប​នឹង​ទទួល​មរណភាព​នាពេល​ថ្មី​ៗនេះ​  ដោយ​គិត​ថា សកម្ម​ភាព​នយោ​បាន​របស់​ខ្លួន​លេច​ធ្លោរ​ដូច​ឥស្សរជន​ទាំង​នោះ​ ។  ជា​ការ​ពិតសម្រាប់​ សម​ រង្ស៊ី​ នាពេល​បច្ចុប្បន្ន​នេះ គឺអាចនឹងមាន​ចរិត​នយោ​បាយ​ ដូច​ពួក​ក្រុម​ជ្រុល​និយម​មួយ​ចំ​នួន​នៅ​ប្រទេសជិត​ខាង ដែល​ជា​គណបក្ស​ប្រជា​ធិបតេយ្យ  ប៉ុន្តែ ​ពេល​ដែល​ខ្លួន​ចាញ់​ឆ្នោតហើយ បែរ​ជា​មិន​សុខចិត្ត​ និង​បង្កើត​នូវ​ចលនាបះ​បោរ (​បុគ្គល​នោះ​ អាច​ត្រូវ​បាន​ សម រង្ស៊ី​ ចាត់​ទុក​ជា​គ្រូរបស់​ខ្លួន​) និងបាន​​ចម្លង​មេរៀន​ច្បាប់​ព្រៃ​នោះ​ យក​មក​អនុវត្ត​នៅ​ស្រុក​ខ្មែរ។ នេះ​ ជាវប្បធម៌​ថ្មី​នៃ​​នយោបាយ​ ស៊ី​ឡាក​ របស់សម​ រង្ស៊ី ដោយ​ប្រើ​ឥទ្ធិពលពី​ប្រទេស​ជិត​ខាង មក​បំ​ផ្លាញ​ប្រជា​ធិបតេយ្យ​នៅ​ស្រុក​ខ្មែរ។​
ការទាម​ទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិបង្ខំ​​ឱ្យ​ សម្តេច​តេជោ ហ៊ុន សែន ត្រូវ​តែ​ចុះ​ចេញ​ពី​តំ​ណែង​នាយក​រដ្ឋ​មន្ត្រី គឺជា​ប្រធាន​បទ​ដ៏​ក្តៅ​គគុក​ ដែល​ត្រូវ​បាន​មេបក្ស​ប្រឆាំង​យក​មក​ធ្វើ​ជា​សារសម្រាប់​ទាក់​ទាញ​ប្រជាពល​រដ្ឋ​ ដោយ​លើក​តំ​កើង​ពួក​គាត់(ប្រជាពល​រដ្ឋ)​ថា ជា​ម្ចាស់​អំ​ណាច​ និង​ម្ចាស់​ប្រទេស ត្រូវ​តែ​នាំ​គ្នា​ចូល​រួមធ្វើ​បាតុកម្ម​។ ប៉ុន្តែ ប្រជា​ពល​រដ្ឋ​មួយ​ចំ​នួន​ ដែលធ្លាក់​​ចូល​ក្នុង​អន្ទាក់​របស់​ក្រុម​ប្រឆាំង អាច​នឹងមិន​​បាន​ដឹង​ទេថា រាជ​រដ្ឋាភិបាលមាន​កាតព្វ​កិច្ច​​ពេញ​លេញ​ ជា​អ្នក​ទទួល​ខុសត្រូវ​ រក្សា និង​ការ​ពារ​ដាច់​ខាត​នូវ​រដ្ឋ​ធម្មនុញ្ញ ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ​ និង​មាតុភូមិ គឺ​មាន​សិទ្ធិ​ក្នុង​ការ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​គ្រប់​ពេល​ ដើម្បី​ធានាស្ថេរភាព​នយោបាយ​ និង​សន្តិ​សុខជាតិ។
នៅ​ក្នុង​សង្គម​ដែល​​មាន​រដ្ឋ​ធម្មនុញ្ញក្នុង​ការ​ធានានូវ​នីតិរដ្ឋ​ រាល់​ការ​ទាម​ទារ​ទាំង​ឡាយ​ណា​​ដែល​គ្មាន​មូល​ដ្ឋាន​ច្បាប់​ គឺជា​ការ​ដើរខុសផ្លូវ​នៃ​ប្រជា​ធិបតេយ្យ។ មេដឹក​នាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ បាន​លុង​ជ្រៅ​ទៅ​ក្នុង​សុបិន្ត​ដ៏​រវើ​រវាយ​នេះ​ និង​បាន​​យក​ប្រជា​ពល​រដ្ឋ​ធ្វើ​ជា​ឈ្នាន់​បំ​រើ​នយោបាយ​ខ្លួន​ ក្នុង​ការ​ប្រឆាំង​ជា​មួយ​នឹង​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ ដោយភ្លេចគិត​អំពី​សំ​ឡេង​ឆ្នោត​ប្រជា​ពល​រដ្ឋ​ដែល​បាន​គាំ​ទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ជាង​៣លាន​នាក់​ ស្មើនឹង​៦៨​អាសនៈ ដែលជា​សំ​ឡេង​គាំ​ទ្រ​ដ៏​ច្រើន​លើសលប់​។ ប្រជា​ពល​រដ្ឋ​ទាំង​នោះ​ អាច​នឹងងើប​ឡើង​ប្រឆាំង​តប​តនៅ​ពេល​ណាមួយ ​​ដែល​សិទ្ធិ​របស់​ពួក​គាត់​ជា​ម្ចាស់​ឆ្នោត  ត្រូវ​បាន​បក្ស​ប្រឆាំង​ដែលទទួលសំ​ឡេង​គាំ​ទ្រតែ​៥៥​អាសនៈ ជាន់​ឈ្លី​​​​  និង​ធ្វើឱ្យ​ពួក​គាត់​ទ្រាំ​លែង​បាន​ ​។
ដូច្នេះ​ ការ​បង្ខំ​តាម​ច្បាប់​ព្រៃដែល​គ្មាន​ចែង​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​រដ្ឋ​ធម្មនុញ្ញដោយ​គណបក្ស​ប្រឆាំង​​​ ទាម​ទារ​ឱ្យសម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ ចុះ​ចេញ​ពី​ដំ​ណែង​     គឺ​ជា​ទង្វើ​បំ​ពាន​ច្បាប់​ទាំង​កំ​រោល​ និងមិន​ត្រូវ​បាន​ចាត់​ទុក​ថា ជា​​ការ​ទាម​ទារ​ដែលមាន​​​តម្លៃ​​ផ្លូវ​ច្បាប់​នោះ​ឡើយ។
          រដ្ឋធម្មនុញ្ញរបស់​កម្ពុជា​ មាត្រា​ ៩៨ថ្មី ចែង​ថា  រដ្ឋសភាអាច​ទម្លាក់​សមាជិក​គណៈរដ្ឋម​ន្ត្រី ឬ​រាជ​រដ្ឋាភិបាល​ពី​តំ​ណែង​ ដោយ​អនុម័ត​ញត្តិ​បន្ទោស​តាម​សំ​ឡេង​ឆ្នោត​ភាគ​ច្រើន​ដាច់​ខាត​នៃ​សមាជិក​រដ្ឋសភា​ទាំង​មូល​។ យោង​លើ​អត្ថន័យ​​ក្នុង​ច្បាប់​កំពូល​នេះ គឺបាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា «គណបក្ស​សង្គ្រោះ​ជាតិ​ គ្មាន​សិទ្ធិ​អំ​ណាច​នឹងយក​ច្បាប់​ព្រៃ មក​​ទម្លាក់​រាជ​រដ្ឋាភិបាលស្រប​ច្បាប់​ តាម​មធ្យោបាយ​ណាមួយ​ដែល​ផ្ទុយ​ពី​គោល​ការ​ណ៍​ច្បាប់​របស់​កម្ពុជា​បាន​ជា​ដាច់​ខាត!»៕​

អត្ថបទ៖ ពូន សំ​រេច


         

No comments:

Post a Comment