Wednesday, August 16, 2023

ប្រធាន ACU កម្ពុជា ជំរុញឱ្យសមាជិកអាស៊ាន ត្រូវបន្តរួមគ្នាដើម្បីប្រឆាំងអំពើពុករលួយ

 (សៀមរាប)៖ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក) បានជំរុញឱ្យសមាជិកនៃកិច្ចប្រជុំអាស៊ាន-ផេក បន្តធ្វើការរួមគ្នា ដើម្បីប្រឆាំងអំពើពុករលួយនៅតាមបណ្ដាប្រទេសរបស់ខ្លួន។

ថ្លែងក្នុងពិធីបើកនៃកិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន-ផេក (ASEAN-PAC) នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារសូភីតែលអង្គរភូគីត្រា ខេត្តសៀមរាប ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង លើកឡើងថា ជាការពិតណាស់តំបន់អាស៊ាន ​​ក៏ដូចជាពិភពលោកទាំងមូល បានឆ្លងកាត់ពេលវេលាដ៏ លំបាកមួយហើយកំពុងតែតស៊ូខិតខំប្រឹងប្រែងយ៉ាងមោះមុតជាមួយការស្ដារប្រទេសឡើងវិញនៅក្រោយវិបត្តិនៃជំងឺកូវីដ១៩ ដែលរហូតមកដល់ពេលនេះមិនមែនកម្ពុជាតែម្នាក់ អាចដោះស្រាយបញ្ហា​នេះបាននោះទេ គឺតម្រូវឱ្យមានកិច្ចសហការ និងការជួយគ្នាទៅវិញទៅមក​ពីបណ្តាប្រទេសជាមិត្តនិងជាបងប្អូន។ នេះក៏មិនខុសពីអ្វីដែលក្រុមគ្រួសារ អាស៊ាន-ផេក​​ ដែលបាននិងកំពុងបន្តអនុវត្តមកដល់ពេលនេះ ដោយអនុលោម តាម ASEAN-PAC MoU និងផ្អែកលើស្មារតីចែករំលែកក្នុងនាមជាបងប្អូនក្នុងគោលដៅរួមគ្នាប្រឆាំងអំពើ ពុករលួយនៅក្នុងប្រទេសនីមួយៗរបស់ខ្លួន និងលទ្ធភាពឈានទៅជួយ និងគាំទ្រគ្នាទៅវិញ​ទៅមក ផ្អែកទៅតាមបរិបទ និងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការដូចមានចែងនៅក្នុង ASEAN-PAC MoU។

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបន្តថា កិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន-ផេក លើកទី១៩ នៅពេលនេះ និងពិនិត្យ ពិភាក្សា និងធ្វើការរៀប ចំកិច្ចការនៅសេសសល់​ពីកិច្ចប្រជុំថ្នាក់ដឹក​នាំអាស៊ាន-ផេកលើកទី១៨ កាលពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ និងដើម្បីត្រៀមរៀបចំនូវរបៀបវារៈ ក៏ដូចជាការអនុវត្តការងាររបស់អាស៊ាន-ផេក​ សម្រាប់កិច្ចប្រជុំ​ថ្នាក់ដឹក​​នាំអាស៊ាន-ផេក បន្ទាប់ទៀត។ កិច្ចប្រជុំលេខាធិកាដ្ឋានអាស៊ាន-ផេក​ គឺគាំទ្រដល់សកម្មភាព​​ និងជួយជំរុញឱ្យសម្រេចបាននូវពហុគោលបំណងរបស់អាស៊ាន-ផេក ស្របតាមឯកសារគោលដែលបានកំណត់អំពី បែបបទនៃដំណើរការការងាររបស់អាស៊ាន-ផេក។

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបន្តទៀតថា អាស៊ាន-ផេក​ ក៏ត្រូវបន្តអភិវឌ្ឍខ្លួន​ទៅមុខទៀត តាមរយៈការរៀបចំតាក់តែងឯកសារសំខាន់ៗ ទាក់ទងនឹងដំណើរការវិវត្ត​និងការប្រព្រឹត្តទៅរបស់អាស៊ាន-ផេក ដែលឆ្លុះបញ្ចាំង តាមរយៈការពិភាក្សាទៅ លើសកម្មភាព​មួយរបស់អាស៊ាន-ផេក គឺការតាក់តែងជាសេចក្ដីព្រាងកូនសៀវភៅអេឡិចត្រូនិករបស់អាស៊ាន-ផេក (ASEAN-PAC E-Booklet) ដែលកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេក ​បានប្រគល់ជូន​ទៅកិច្ចប្រជុំលេខាធិការដ្ឋាននាពេលនេះដើម្បីបន្តពិនិត្យ និងពិភាក្សារៀបចំ។

យោងតាមរបៀបវារៈនៃកិច្ចប្រជុំ លោក ឱម យ៉ិនទៀង ស្នើកិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន-ផេក លើកទី១៩ ចាប់ផ្តើមពិភាក្សាគ្នា ក្នុងលក្ខណៈត្រៀមទុកជាមុនសម្រាប់កិច្ចការ២ នាពេលខាងមុខគឺទី១ អំពីបែបបទនៃការដាក់ សម្ភោធកូនសៀវភៅអេឡិចត្រូនិករបស់អាស៊ាន-ផេក និងទី២ អំពីបែបបទសម្រាប់គណៈកម្មការប្រឆាំង អំពើពុករលួយរបស់ទីម័រឡេស្ត​ចូលជាសមាជិកអាស៊ាន-ផេក ជាភាគីទី១១។

ក្រៅពីចំណុចដូចបានរៀបរាប់ខាងលើនេះ លោកទេសរដ្ឋមន្ត្រីយល់ថា ការចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការរវាងភាគីអាស៊ាន-ផេកទាំងអស់ ការបន្តចូលរួមយ៉ាងសកម្មជាមួយនឹងកម្មវិធីឬព្រឹត្តិការណ៍ របស់អាស៊ាន និងការចូលរួមក្នុង​ព្រឹត្តិការណ៍ពាក់ព័ន្ធដទៃទៀត ព្រមទាំងកិច្ចសហការលើការងារបណ្តុះប ណ្តាល​សមត្ថភាព​ជាមួយ​ភាគីជាដៃគូទៅតាមការឯកភាពរបស់អាស៊ាន-ផេក នៅតែជាការងារដ៏មានសារសំខាន់។

ជាមួយនេះដែរ ទេសរដ្ឋមន្ត្រី ក៏សូមកោតសរសើរចំពោះការរៀបចំសិក្ខាសាលាអាស៊ាន-ផេកនាខែឧសភា កន្លងទៅនេះ ក្រោមកិច្ចសហការរវាង ACU Cambodia និង KPK Indonesia រួមជាមួយ UNODC ជាដៃគូដ៏សំខាន់របស់អាស៊ាន-ផេក ប្រព្រឹត្តទៅដោយរលូន និងប្រកបដោយ​ជោគជ័យផងដែរ៕






No comments:

Post a Comment